ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ​មួយ​នៅ​ឥណ្ឌា បិទ​សាលារៀន និង​ហាម​ការ​ជួបជុំ ក្រោយ​មាន​អ្នក​ស្លា.ប់​ដោយ​វីរុស Nipah

1 ឆ្នាំ មុន

ឥណ្ឌា ៖ ក្រុម​មន្ត្រី​របស់​ឥណ្ឌា កាលពី​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៣ កន្លង​ទៅ បាន​អះអាង​ថា ប្រទេស​

ឥណ្ឌា ៖ ក្រុម​មន្ត្រី​របស់​ឥណ្ឌា កាលពី​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៣ កន្លង​ទៅ បាន​អះអាង​ថា ប្រទេស​ឥណ្ឌា​បាន​ទប់ស្កាត់​ការ​ជួបជុំ​ជា​សាធារណៈ និង​បិទ​សាលារៀន​មួយ​ចំនួន នៅ​ក្នុង​រដ្ឋ​ខេ​រ៉ា​ឡា (Kerala) នៃ​ភាគ​ខាងត្បូង​ប្រទេស បន្ទាប់​ពី​មនុស្ស​ពីរ​នាក់ បាន​ស្លា.ប់​ដោយសារ​វីរុស Nipah ដែល​ជា​វីរុស​ចេញ​មក​ពី​សត្វ​ប្រចៀវ ឬ​ជ្រូក ដែល​បណ្តាល​ឱ្យ​គ្រុនក្តៅ​រហូត​ដល់​ស្លា.ប់​។

យោង​តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក ដែល​ហៅ​កាត់​ថា WHO បានឱ្យ​ដឹង​ថា រហូត​មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​មាន​វ៉ាក់សាំង​បង្ការ​វីរុស Nipah នៅឡើយ​ទេ ហើយ​អត្រា​ស្លា.ប់មាន​ចាប់ពី ៤០ ទៅ ៧៥%​។ រោគ​សញ្ញា​វីរុស Nipah រួម​មាន ៖ គ្រុនក្តៅ​ខ្លាំង ក្អួត និង​ឆ្លង​មេរោគ​ផ្លូវដង្ហើម ប៉ុន្តែ​ករណី​ធ្ងន់ធ្ងរ​អាច​ពាក់ព័ន្ធ​នឹង​ការ​ប្រកាច់ និង​រលាក​ស្រោមខួរ​ក្បាល និង​បណ្តាល​ឱ្យ​សន្លប់​។

មន្ត្រី​សុខាភិបាល​របស់​ប្រទេស​ឥណ្ឌា បាន​លើក​ឡើង​ថា មនុស្ស​៣​នាក់​ផ្សេង​ទៀត បាន​ធ្វើតេស្ត​ឃើញ​វិជ្ជមាន ហើយ​មនុស្ស​ជាង​៧០០​នាក់ រួម​ទាំង​បុគ្គលិក​សុខាភិបាល ១៥៣​នាក់ ដែល​ជាប់​ទាក់ទង​ជាមួយនឹង​អ្នក​ឆ្លង​វ កំពុង​ស្ថិត​ក្រោម​ការ​សង្កេត​។ យ៉ាង​ហោច​ណាស់​មនុស្ស​៤​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ រួម​ទាំង​កុមារ​អាយុ​៩​ឆ្នាំ​ម្នាក់ ដែល​ជា​កូន​របស់​អ្នកជំងឺ​ឆ្លង​វីរុស​នេះ​។

របាយការណ៍​ពី WHO បាន​លើក​ឡើង​ថា ដំបូង​ឡើយ​វីរុស Nipah ឆ្លង​ពី​សត្វ​ដូច​ជា ប្រចៀវ ឬ​ជ្រូក ហើយ​ក៏​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​ផង​ដែរ​។ រយៈពេល​ឆ្លង​រហូត​ដល់​ការ​ចាប់ផ្តើម​ចេញ​រោគ​សញ្ញា​មាន​ចាប់ពី ៤ ទៅ ១៤ ថ្ងៃ ប៉ុន្តែ​លក្ខខណ្ឌ​ខ្លះ​អាច​មាន​រហូត​ដល់​រយៈពេល​៤៥​ថ្ងៃ​។

នៅ​ក្នុង​ឆ្នាំ ២០១៨ យ៉ាង​ហោច​ណាស់​មនុស្ស ១៧​នាក់​បាន​ស្លាប់ បន្ទាប់​ពី​ឆ្លង​វីរុស Nipah នៅ​ក្នុង​រដ្ឋ​ខេ​រ៉ា​ឡា​។ វីរុស​នេះ ត្រូវ​បាន​រក​ឃើញ​ដំបូង​ក្នុង​ឆ្នាំ ១៩៩៨ បន្ទាប់​ពី​បាន​រីក​រាលដាល​ក្នុង​ចំណោម​អ្នក​ចិញ្ចឹម​ជ្រូក នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​។ ចំណែក​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ការ​ផ្ទុះ​វីរុស Nipah ដំបូង​ត្រូវ​បាន​រាយការណ៍​នៅ​ក្នុង​រដ្ឋ West Bengal កាលពី​ឆ្នាំ ២០០១​។

WHO បាន​ចុះបញ្ជី​វីរុស Nipah គឺជា​ជំងឺ​អាទិភាព​មួយ​របស់​ខ្លួន ដែល​បង្ក​ហានិភ័យ​សុខភាព​សាធារណៈ​ដ៏​ធំ​បំផុត ដោយសារ​សក្តានុពល នៃ​ការ​រីក​រាលដាល​របស់​ពួក​គេ និង​ជា​កន្លែង​ដែល​គ្មាន ឬ​ភាព​មិន​គ្រប់គ្រាន់ នៃ​វិធានការ​ប្រឆាំង​វីរុស​នេះ​។

គួរ​បញ្ជាក់​ថា នេះ​គឺជា​ការ​វិល​ត្រឡប់​ទៅ​រក​វិធានការ​ទប់ស្កាត់​វីរុស​ឆ្លង​ឡើង​វិញ​របស់​អាជ្ញាធរ​ប្រចាំ​តំបន់រ​ប់​ប្រទេស​ឥណ្ឌា បន្ទាប់​ពី​វិធានការ​ស្រ​ដៀង​គ្នា​នេះ ត្រូវ​បាន​ដាក់​ចេញ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩៕ (​ប្រភព​ពី AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ