រាជធានីភ្នំពេញ ៖ ចាត់ទុកជាដំណឹងដ៏រីករាយមួយសម្រាប់កម្ពុជា ដោយក្រុមការងារហិរញ្ញវត្ថុអន្តរជាតិប្រឆាំងការសម្អាតប្រាក់ (FATF) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស បានបង្ហាញព័ត៌មានជាផ្លូវការកាលពីថ្ងៃទី២៤ ខែកុម្ភៈ ដោយបានបញ្ជាក់ថា «កម្ពុជាលែងស្ថិតនៅក្នុងបញ្ជីប្រផេះ» នៃក្រុមប្រទេសដែលលាងលុយកខ្វក់ទៀតហើយ។ នេះបើតាម FATF និងសម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ) បានប្រកាសនៅលើហ្វេសប៊ុកផ្លូវការ ដោយបង្ហាញក្តីរីករាយ និងជូនបងប្អូនជនរួមជាតិខ្មែរថា «ក្នុងនាម គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងក្រុមការងារហិរញ្ញវត្ថុអន្តរជាតិប្រឆាំងការសម្អាតប្រាក់ (FATF) បានបង្ហាញព័ត៌មានជាផ្លូវការលើគេហទំព័រ (Website) របស់ខ្លួន ដោយបញ្ជាក់ថា កម្ពុជាលែងស្ថិតនៅក្នុងបញ្ជីប្រផេះទៀតហើយ»។

ជាមួយគ្នានោះ នៅលើផេកផ្លូវការរបស់សម្តេច ស ខេង ក៏បានបង្ហោះនូវសេចក្តីសម្រេច FATF ដែលបានបញ្ជាក់កម្ពុជាលែងស្ថិតនៅក្នុងបញ្ជីប្រផេះនៃក្រុមប្រទេស ដែលលាងលុយកខ្វក់ផងដែរ។
យោងតាមគេហទំព័រផ្លូវការរបស់ FATF ចុះផ្សាយកាលពីថ្ងៃទី២៤ ខែកុម្ភៈ បានឱ្យដឹងថា «យុត្តាធិការក្រោមការបង្កើនការត្រួតពិនិត្យកំពុងដំណើរការយ៉ាងសកម្មជាមួយ FATF ដើម្បីដោះស្រាយការខ្វះខាតខាងយុទ្ធសាស្ត្រ នៅក្នុងរដ្ឋាភិបាលរបស់ពួកគេ ក្នុងការប្រយុទ្ធប្រឆាំង និងការសម្អាតប្រាក់ ទាក់ទងនឹងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដែលចូលរួមចំណែកដល់ការរីកសាយភាយអាវុធនុយក្លេអ៊ែរ»។

ស្ថាប័ន FATF បានបន្តថា ខ្លួនបានកត់សម្គាល់ពីវឌ្ឍនភាពរបស់ប្រទេសកម្ពុជា និងម៉ារ៉ុកក្នុងការធ្វើឱ្យប្រសើរឡើងនូវរបប AML/CFT រៀងៗខ្លួន ដែលគ្របដណ្តប់ដោយផែនការសកម្មភាពនីមួយៗរបស់ពួកគេ។ ប្រទេសនីមួយៗ បានដោះស្រាយនូវកង្វះខាតបច្ចេកទេសរបស់ខ្លួន ដើម្បីបំពេញតាមការប្តេជ្ញាចិត្តនៃផែនការសកម្មភាពរបស់ខ្លួនលើចំណុចខ្វះខាតជាយុទ្ធសាស្ត្រដែល FATF បានកំណត់ក្នុងខែកុម្ភៈ ឆ្នាំ២០១៩ និងឆ្នាំ២០២១ រៀងៗខ្លួន»។

FATF បានបន្តថា «ប្រទេសទាំងពីរលែងជាកម្មវត្ថុនៃដំណើរការត្រួតពិនិត្យ (ការលាងលុយកខ្វក់) កើនឡើងរបស់ FATF ទៀតហើយ។ ប៉ុន្តែនឹងបន្តធ្វើការជាមួយស្ថាប័នតំបន់របស់ FATF (FSRB) ដែលពួកគេជាសមាជិក ដើម្បីពង្រឹងរបប AML/CFT របស់ពួកគេបន្ថែមទៀត!។

ថ្លែងក្នុងពិធីប្រារព្ធខួប៣០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ និងពិធី បញ្ចុះបឋមសិលាសាងសង់អគារវិទ្យាស្ថានអភិវឌ្ឍន៍សហគ្រិនភាព និងបណ្ដុះបណ្ដាល ធុរកិច្ចនៃមជ្ឈមណ្ឌលជាតិអប់រំ និងបណ្ដុះបណ្តាល ជា ស៊ីម កំចាយមារ ខេត្តព្រៃវែង កាលពីថ្ងៃទី២៥ ខែកុម្ភៈ សម្តេច ស ខេង ក៏បានលើកឡើងថា «ការដកកម្ពុជាចេញពីបញ្ជីប្រផេះពាក់ព័ន្ធនឹងការលាងលុយកខ្វក់ គឺជោគជ័យមួយទៀត» បន្ទាប់ពីជោគជ័យដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំអាយប៉ា។

សម្តេច ស ខេង ក៏បានមានប្រសាសន៍ថា ក្រៅពីកិច្ចការលាងលុយកខ្វក់ចេញពីបញ្ជីប្រផេះ កម្ពុជាកំពុងតែបន្តខិតខំក្នុងការដកខ្លួនចេញពីបញ្ជីលេខ៣ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលជាបញ្ហាមួយដ៏ស្មុគស្មាញផងដែរ ឆ្លងតាមបេសកកម្ម និងការខិតខំប្រឹងប្រែងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានធ្វើកិច្ចការងារនេះ ប្រកបដោយការទទួលខុសត្រូវ ដើម្បីទទួលបានជោគជ័យ ដូចជាការលាងលុយកខ្វក់នេះដែរ។

សូមរម្លឹកថា ក្រុមការងារហិរញ្ញវត្ថុអន្តរជាតិប្រឆាំងការសម្អាតប្រាក់ បានសម្រេចដាក់កម្ពុជា ក្នុង «បញ្ជីប្រផេះ» អស់រយៈពេលជាង៣ឆ្នាំជាប់ៗគ្នាតាំងពីឆ្នាំ២០១៩មក។ ការសម្រេចបន្តដាក់កម្ពុជាឲ្យស្ថិតក្នុង «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់ ដែលពិភពលោកត្រូវបង្កើនការតាមដាន វិស័យដែលរងហានិភ័យខ្ពស់ខាងអំពើលាងលុយកខ្វក់នៅកម្ពុជាកន្លងមក រួមមាន ៖ វិស័យធនាគារ ហិរញ្ញវត្ថុ វិស័យសំណង់ អចលនទ្រព្យ និងវិស័យកាស៊ីណូ។

យ៉ាងណាមិញ កម្ពុជាបានខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់ជាបន្តបន្ទាប់ ព្រមទាំងបង្កើតច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ឬការលាងលុយកខ្វក់ ដែលត្រូវបានអនុម័តដោយរដ្ឋសភាកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ និងប្រកាសឱ្យប្រើប្រាស់ដោយព្រះមហាក្សត្រកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០៕

ចែករំលែកព័តមាននេះ