រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ សម្រេច​ដាក់​កម្ពុជា​ស្ថិត​ក្នុង​បញ្ជី​ទណ្ឌកម្ម​ទិដ្ឋាការ​


រាជធានី​ភ្នំពេញ​ ៖ រដ្ឋបាល​ប្រធានាធិបតី​លោក ដូ​ណា​ល់ ត្រាំ នឹង​ដាក់​ទណ្ឌកម្ម​ទិដ្ឋាការ​លើ​ប្រទេស​ចំនួន​បួន ដែល​ក្នុង​នោះ​មាន​ប្រទេស​កម្ពុជា​ផង​នោះ សម្រាប់​ការ​បដិ​សេធ​​មិន​យក​ជនបរទេស​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ​ជា​ក្រុម​មនុស្ស​រស់នៅ​សហរដ្ឋអាមេរិក​ខុសច្បាប់​។ នេះ​បើ​យោង​តាម​ការ​ផ្សព្វផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន CNN នៅ​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៧​។​

លោក Dave Lapan អ្នកនាំពាក្យ​ក្រសួង​សន្តិសុខ មាតុភូមិ​អា​មេ​រិ​ក (Department of Homeland Security) បាន​ស្រង់​សម្តី​ដោយ​ទីភ្នាក់ងារសារព័ត៌មាន CNN ថា​ប្រទេស​ទាំង​បួន​នោះ ​គឺ​រួម​មាន ប្រទេស​កម្ពុជា អេ​រី​ត្រេ ហ្គី​ណេ និង​សៀ​រ៉ា​លេ​អូន ដែល​មានឈ្មោះ​ក្នុង​បញ្ជី​ប្រទេស ដែល​នឹង​ត្រូវ​ដាក់​ក្រោម​ការ​រឹត​បន្តឹង​លើ​ការ​ផ្តល់​ទិដ្ឋា​ការ​​ឲ្យ​ពលរដ្ឋ​អន្ដោប្រវេសន៍ ដូចនេះ​វា​មាន​ន័យ​ថា ប្រជាជន​ប្រទេស​ទាំង​បួន​នឹង​ប្រឈម​ការ​លំបាក​ក្នុង​ការ​សុំ​ទិដ្ឋាការ ឬ​ត្រូវ​ហាម​​មិន​ឲ្យ​ចូល​ទឹកដី​អា​មេ​រិ​ក​។

ទីភ្នាក់ងារសារព័ត៌មាន CNN បាន​រាយការណ៍​បន្ថែម​ទៀត​ថា​ រដ្ឋបាល​ប្រធានាធិបតី​លោក ដូ​ណា​ល់ ត្រាំ បាន​ដាក់​ប្រទេស​កម្ពុជា អេ​រី​ត្រេ ហ្គី​ណេ និង​សៀ​រ៉ា​លេ​អន ថា​ ជា​ប្រទេស​បួន​ក្នុង​បញ្ជី​ប្រទេស​រឹងរូស ដែល​ប្រើ​ដើម្បី​សម្គាល់​ប្រទេស​ដែល​មិន​ទទួល ឬ​ពន្យារពេល​ក្នុង​ដំណើរការ ធ្វើ​មាតុភូមិនិវត្តន៍ បើ​ទោះជា​អា​មេ​រិ​ក​ព្យាយាម​បណ្ដេញ​ចេញ​​ក៏​ដោយ ។ លោក Lapan បាន​ថ្លែង​ថា ​ដំណើរការ​ទណ្ឌកម្ម​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ស​ប្តា​ហ៍​មុន​នៅ​ក្នុង​លិខិត​មួយ​ផ្ញើ​ទៅ​ក្រសួងការបរទេស​ដោយ​រដ្ឋលេខាធិកា DHS រដ្ឋការ Elaine Duke ។

​នយោបាយ

អត្រាប្តូរប្រាក់

  • ប្រាក់រៀល (1USD)
  • KHR 4,048.00
អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ