បំភ្លឺ​ជុំវិញ​ការ​សងសឹក​របស់ ឡុ​ង សុ​ភី និង​កីឡាករ​ថៃ


រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​សងសឹក​រវាង​កីឡាករ​កម្ពុជា ឡុ​ង សុ​ភី និង​កីឡាករ​ថៃ Chhouk Chhai ត្រូវ​គេ​កត់​សម្គាល់ថា បាន​ទទួលលទ្ធផល​មិន​ខុស​ពី​ការ​ប្រកួត​លើក​ទី​៣ រវាង​កីឡាករ រឿង សោ​ភ័​ណ្ឌ និង​កីឡាករ​ថៃ​នោះ​ទេ ដោយសារ​តែ​បញ្ចប់​ការ​ប្រកួត កីឡាករ ឡុ​ង សុ​ភី ដែល​ជា​ជើង​ខ្លាំង​ម្នាក់​ត្រូវ​បាន​កីឡាករ​ថៃ​វាយ​ឱ្យ​បាក់មុខ​លើ​រេញ​ហើយ​បរាជ័យ​យ៉ាង​អា​ម៉ា​ស់​បើ​ទោះជា ឡុ​ង សុ​ភី បង្ហាញ​ទឹកមុខ​មិន​ពេញចិត្ត​នឹង​លទ្ធផល​ដែល​បាន​ប្រកាស​ឡើង ។ ការ​ប្រកួត​នេះ ថែម​ទាំង​ធ្វើ​ឱ្យ​ម្នាក់​ៗ​មាន​ការ​​រិះគន់​ចំពោះ​ឡុ​ង សុ​ភី ផង ដោយ​សារ​តែ​សកម្មភាព​ប្រកួត​របស់​គេ​ជាមួយ​កីឡាករ​ថៃ ហាក់​មិនសូវ​រស់​រវើក​ពេញ​រយៈពេល​៥​ទឹក ។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បាន​អះអាង​ថា រវាង​កីឡាករ ឡុ​ង សុ​ភី មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា និង​កីឡាករ​ថៃ Chhouk Chhai ជួប​គ្នា​ចំនួន​៣​លើក​រួច​មក​ហើយ រាប់​ទាំ​ង​ការ​ប្រកួត​កាលពី​ថ្ងៃ​ទី​២០ ខែសីហា នោះ​ផង ។ ការ​ប្រកួត​កាលពី​២​លើក​កន្លង​ទៅ អ្នក​ទាំង​ពីរ​រក​លទ្ធផល​ឈ្នះ​ចាញ់​មិនឃើញ​ទេ ដោយសារ​តែ​ការ​ប៉ះ​ប្រកួត​គ្នា​ចំនួន​២​លើក​នា​ពេល​នោះ ចុងបញ្ចប់​បាន​ត្រឹមតែ​ស្មើ​ពិន្ទុ​គ្នា ។ យ៉ាង​ក៏​ដោយ​លោក​អះអាង​ថា លទ្ធផល​ស្មើគ្នា​កាលពី​២​លើក​មុន មិនមែន​ដោយសារ​តែ​ខាង​គណៈកម្មការ​មាន​ភាព​លម្អៀង​ចំពោះ​កីឡាករ​កម្ពុជា​នោះ​ទេ គឺ​ដោយសារ​តែ​ការ​ប្រកួត​នៅ​ក្នុង​ពេល​នោះ​ភាគី​ម្ខាង​ៗ​ពិបាក​ឱ្យ​ពិន្ទុ​ឈ្នះ​ចាញ់​តែ​ប៉ុណ្ណោះ ។

លោក ញាណ សុធី ថ្លែង​ថា មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ដែល​កីឡាករ​២​នាក់​ប្រកួត​គ្នា​២​លើក​ហើយ​ទទួលលទ្ធផល​ស្មើ រហូត​ដល់​ថ្នាក់​បែងចែក​លទ្ធផល​ចាញ់​ឈ្នះ​មិន​បាន​ទាំង​២​លើក ដែល​ធ្វើ​ឱ្យ​ម្នាក់​ៗ​យល់​ថា​លទ្ធផល​ឱ្យ​ស្មើ​កន្លង​មក គឺ​ក្រោម​ហេតុផល​គណៈកម្មការ​យឹតយោង​កីឡាករ​កម្ពុជា ។ ជាក់ស្ដែង ក្រោយ​ពី​ការ​ប្រកួត​លើក​ទី​៣​ស្រាប់តែ ឡុ​ង សុ​ភី ជា​អ្នក​បរាជ័យ​ដោយ​ពិន្ទុ​ទៅ​ទៀត គឺ​រឹតតែ​មានការ​លើក​ឡើង​កាន់តែ​ច្រើន​ឡើង​ថា លទ្ធផល​ស្មើ​២​លើក​កន្លង​មក ជា​លទ្ធផល​លម្អៀង​ក្នុង​នាម​កាន់ជើង​កីឡាករ​កម្ពុជា ។

លោក​អះអាង​ថា ការ​ប្រកួត​កាលពី​លើក​មុន​ទាំង​កីឡាករ​កម្ពុជា​និង​ថៃ រក​អត់​ឃើញ​អ្នក​ណា​ល្អ​ជាង​ដាច់​ទាល់តែ​សោះ ទើប​បណ្ដាល​ឱ្យ​មាន​លទ្ធផល​ស្មើគ្នា កុំឱ្យ​មានការ​រិះគន់​ពី​ភាគី​ម្ខាង​ៗ​ដែល​សុទ្ធតែ​កាន់ជើង​កីឡាករ​រៀង​ៗ​ខ្លួន​។ លោក​ប្រកាស​ថា នឹង​បើក​ការ​ប្រកួត​ឱ្យ​អ្នក​ទាំង​ពីរ​បាន​ប៉ះ​គ្នា​ម្ដងទៀត បន្ទាប់​ពី​ការ​ប្រកួត​ប៉ះ​គ្នា​៣​លើក​ស្មើ​២​លើក​ជាប់​ៗ​គ្នា និង​លើក​ទី​៣ កីឡាករ ឡុ​ង សុ​ភី គឺជា​អ្នក​ចាញ់​ពិន្ទុ ។

លោក ញាណ សុធី ប្រកាស​ថា​លទ្ធផល​ឈ្នះ​ចាញ់​កាលពី​លើក​ទី​៣ អ្នក​ណា​ក៏​ឃើញ​ថា កីឡាករ​ទាំង​ពីរ​សម​នឹង​ទទួលលទ្ធផល​ពិតប្រាកដ ដោយ​មិនមែន​ជា​លទ្ធផល​កាន់ជើង​ម្ខាង​ៗ ឬ​ចង់​បំបាក់មុខ​កីឡាករ​កម្ពុជា​ដែល​វាយលុក​មិន​សូវ​ល្អ​នោះ​ទេ ។ លោក​ទទួលស្គាល់​ថា ការ​ប្រកួត​របស់ ឡុ​ង សុ​ភី និង​កីឡាករ​ថៃ Chhouk Chhai ប្រកួត​គ្នា​មិនសូវ​រស់​រវើក​តាម​ការ​ចង់បាន​ប៉ុន្មាន​ទេ សម្រាប់​ការ​ប៉ះ​គ្នា​កាលពី​លើក​ទី​៣ ជា​ពិសេស​នៅ​ពេល​ដែល​ការ​ប្រកួត​ពេញ​រយៈពេល​៥​ទឹក​ឃើញ​តែ​ស្ទុះ​ឱប​គ្នា និង​មិន​បាន​វាយតប់​គ្នា​ឱ្យ​ល្អមើល​ទាល់តែ​សោះ​ក៏​ត្រូវ​លោក​អាជ្ញាកណ្ដាល​ចាប់​បំបែក ។

ការ​ប្រកួត​នៅ​ក្នុង​ពេល​នោះ ដ្បិតថា​មិនសូវ​ទាក់ទាញ​ដែល​ធ្វើ​ឱ្យ​អ្នក​ណា​ៗ​ក៏​កត់សម្គាល់​ឃើញ​ថា ឡុ​ង សុ​ភី ធ្លាក់ដៃ ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា លទ្ធផល​ដែល​កំណត់​ឱ្យ ឡុ​ង សុ​ភី ចាញ់​ពិន្ទុ​គឺ​ដោយសារ​តែ​ចង់​បំបាក់​រឿង​គេ​ប្រកួត​មិន​បាន​ល្អ​នោះ​ទេ ។ លោក​ថា លទ្ធផល​ដែល​បាន​ស្ដែង​ឡើង គឺ​ឡុ​ង សុ​ភី អត់​ពេញចិត្ត ប៉ុន្តែ​ផ្អែក​តាម​ការ​ប្រកួត​ពេញ​៥​ទឹក គឺ​កម្រិត​វាយ​ប្រកួត​របស់​គេ​មិនសូវ​ល្អ និង​ចាញ់​ប្រៀប​កីឡាករ​ថៃ ទើប​ក្រោយ​បញ្ចប់​ការ​ប្រកួត​ទាំង​៥​ទឺ​ក​ក៏​ត្រូវ​កំណត់​ឱ្យ​ចាញ់​តែ​ម្ដង ។

ក្នុង​ទឹក​ទី​១​និង​ទី​២ ការ​ប្រកួត​របស់​ពួក​គេ​ចំណាយ​កម្លាំង​ចោល​ទទេ ដោយ​មិន​មាន​កីឡាករ​ណា​ម្នាក់​ប្រឹង​បញ្ចេញ​សមត្ថភាព​ឱ្យ​រស់​រវើក​ពេញចិត្ត​អ្នក​ទស្សនា​នោះ​ទេ ។ លុះដល់​ទឹក​ទី​៣​និង​ទី​៤ ទើប​ភាគី​ម្ខាង​ៗ​ប្រឹង​ប្រកួត​បាន​បន្តិច ប៉ុន្តែ​ក៏​មិនល្អ​ត្រូវចិត្ត​របស់​លោក​នោះ​ដែរ ទើប​លោក​យល់​ថា ជា​រឿង​គួរ​ឱ្យ​ស្ដាយ​ព្រោះ​ក្នុង​ជំនួប​សងសឹក​ដែល​អ្នក​ណា​ក៏​ថា​ម្នាក់​ៗ​នឹង​ប្រកួត​អស់ពី​សមត្ថភាព​នោះ ចុង​ក្រោយ​បញ្ចប់​ការ​ប្រកួត​បាន​ត្រឹមតែ​ឱបរឹត​គ្នា រហូត​ដល់​ថ្នាក់​អ្នក​ទស្សនា​ចោទ​ថា ឡើង​មក​ឱប​គ្នា​ដើម្បី​ឱ្យ​ដល់​ម៉ោង​ចប់​ការ​ប្រកួត ។

យ៉ាងណា​ក៏​ដោយ ប្រៀបធៀប​នឹង​ការ​វាយ​ចេញ កីឡាករ​ថៃ​មាន​ប្រៀប​ល្អ​ជាង គឺ​មិន​មាន​អ្នក​ផ្ដល់​ពិន្ទុ​មិន​យុត្តិធម៌ ឬ​លម្អៀង​ទៅ​លើ​កីឡាករ​ណាមួយ​នោះ​ទេ ។ លោក​ទទូច​ឱ្យ​កីឡាករ​កម្ពុជា ប្រឹង​ប្រកួត​ឱ្យ​អស់ពី​សមត្ថភាព ដោយ​លោក​ចាត់​ទុក​ថា បើ​កីឡាករ​កម្ពុជា​មិន​ប្រកួត​ឱ្យ​អស់ដៃ ក៏​កីឡាករ​បរទេស​មិន​ធ្វើការ​ប្រកួត​បាន​ល្អ​ដែរ ដែល​ពិតជា​ធ្វើ​ឱ្យ​ការ​ប្រកួត​ទាំងមូល​មើលឃើញ​ពី​ចំណុច​មិន​រស់​រវើក ។

លោក ញាណ សុធី ថ្លែង​ទៀត​ថា ការ​ប្រកួត​ស្មើ​ពិន្ទុ​កាលពី​២​លើក​មុន កីឡាករ​ឡុ​ង សុ​ភី ប្រកួត​បាន​ល្អ​ជាង​នេះ ដោយ​លោក​អះអាង​ថា បើ​ប្រកួត​បាន​ត្រឹមតែ​ដូច​គ្នា​នឹង​ការ​ប្រកួត​កាលពី​ថ្ងៃមុន​នោះ គឺ​លទ្ធផល​ពិតជា​ចាញ់​កីឡាករ​ថៃ​យូរ​មក​ហើយ ។ លោក​សម្ដែង​អារម្មណ៍​សោកស្ដាយ នៅ​ពេល​ដែល​ការ​ប្រកួត​សងសឹក​របស់​កីឡាករ​ទាំង​ពីរ​មិន​មាន​ភាព​រស់​រវើក ដែល​លោក​អះអាង​ថា បើ​ជ្រុល​ជា​មាន​លទ្ធផល​ចាញ់​ឈ្នះ​ក៏​គួរតែ​ល្អមើល​ជាង​នេះ ។

យ៉ាងណា​ក៏​ដោយ​លោក​មាន​ប្រសាសន៍​ថា ការ​ប្រកួត​ដែល​មិនសូវ​ទាក់ទាញ​នោះ​មិនមែន​ជា​កំហុស​របស់​កីឡាករ​កម្ពុជា​ទេ ប៉ុន្តែ​វា​អាច​ពាក់ព័ន្ធ​នឹង​បរិយាកាស​បណ្ដាល​មក​ពី​កីឡាករ Chhouk Chhai វាយ​បិទ​ពិបាក​វាយ​ចូល និង​បណ្ដាល​មក​ពី​កីឡាករ​ថៃ​ក៏​មិនសូវ​វាយ​សម្រុក​ផង​ដែរ ទើប​កីឡាករ ឡុ​ង សុ​ភី ក៏​មិន​ហ៊ាន​សម្រុក​ដូច​គ្នា ដែល​នាំ​ឱ្យ​ការ​ប្រកួត​ទាំងមូល​មាន​ភាព​សោះកក្រោះ​មិនសូវ​ទាក់ទាញ ។

កីឡាករ ឡុ​ង សុ​ភី ទទួលស្គាល់​ថា ការ​ប្រកួត​របស់​ខ្លួន​មិនសូវ​វាយ​ប្រថុយ​ដូច​ការ​ប្រកួត​មុន​ៗ​ទេ ប៉ុន្តែ​នៅ​តែ​បង្ហាញ​អារម្មណ៍​មិន​អស់ចិត្ត​សម្រាប់​លទ្ធផល​ដែល​ឱ្យ​ខ្លួន​ចាញ់​ការ​ប្រកួត​។

ឡុ​ង សុ​ភី និយាយ​ថា បើ​ប្រៀបធៀប​នឹង​កីឡាករ​ថៃ គឺ​ខ្លួន​វាយ​ចេញ​បាន​ច្រើន​ហើយ​លទ្ធផល​វាយ​ត្រូវ​ក៏​ច្រើន​ណាស់​ដែរ ទើប​ខ្លួន​មិនសូវ​អស់ចិត្ត​ក្រោយ​ពី​ចប់​ការ​ប្រកួត​បែរជា​ក្លាយជា​អ្នក​បរាជ័យ ។ យ៉ាងណា​ក៏​ដោយ ខ្លួន​មិន​បាន​ចាត់​ទុក​ការ​ផ្ដល់​ពិន្ទុ​នៅ​ពេល​នោះ​ថា​ជា​ការ​ប្រកួត​មិន​យុត្តិធម៌ និង​មិន​ត្រឹមត្រូវ​នោះ​ទេ ដោយ​គ្រាន់តែ​យល់​ឃើញ​ថា​ខ្លួន​ខំ​ប្រកួត​និង​វាយ​សម្រុក​លើក​គូប្រកួត​ប៉ុណ្ណឹង​ដែរ បែរជា​ចាញ់​កីឡាករ​ថៃ ។

ឡុ​ង សុ​ភី និយាយ​ទៀត​ថា នឹង​ត្រៀមខ្លួន​សងសឹក​កីឡាករ​ថៃ​ក្នុង​ពេល​ខាង​មុខ ដោយ​មិន​យល់​ថា​ការ​ប្រកួត​ចាញ់​ពិន្ទុ​លើក​នេះ​ហើយ​ក៏​មាន​អារម្មណ៍​ខ្លាចរអា រួច​ប្រកាស​ឈប់​ប្រកួត​នោះ​ទេ ។ សុ​ភី ថែម​ទាំង​ហៅ​ថា​ការ​ប្រកួត​ជាមួយ​កីឡាករ Chhouk Chhai ថា​ជា​ដៃគូ​ល្អ​ម្នាក់ ដែល​ធ្វើ​ឱ្យ​ខ្លួន​ចង់​ប្រកួត​ជាមួយ​ឱ្យ​បាន​ញឹកញាប់​នោះ​ផង ដើម្បី​អាច​ឱ្យ​ការ​ប្រកួត​កាន់តែ​ឆ្លុះ​បញ្ចាំង​ពី​សមត្ថភាព​របស់​ខ្លួន ។

ទោះជា​យ៉ាងណា ឡុ​ង សុ​ភី សារភាព​ថា ខ្លួន​វាយ​មិន​បាន​ល្អ​ទេ បើ​ប្រៀបធៀប​នឹង​ការ​ប្រកួត​មុន​ៗ​សម្រាប់​ជំនួប​ជាមួយ Chhouk Chhai ប៉ុន្តែ​ហេតុផល​ដែល​បាន​លេច​ឡើង​​នោះ មិនមែន​ដោយសារ​កំហុស​របស់​ខ្លួន​ទេ គឺ​ដោយសារ​តែ​គូប្រកួត​ចេះ​តែ​គេច​ៗ​ឆ្ងាយ​ដែល​ធ្វើ​ឱ្យ​ពិបាក​វាយ​សំរុក លុះ​ពេល​ចូល​កៀក​ក៏​រត់​ចូល​ឱប​ដែល​ធ្វើ​ឱ្យ​ខ្លួន​ធ្វើ​អ្វី​ក៏​មិន​បាន ។

សុ​ភី បាន​សម្ដែង​នូវ​អារម្មណ៍​សោកស្ដាយ​ដែល​ខំ​ត្រៀម​កែង និង​ម៉ាត់​ជា​ច្រើន ប៉ុន្តែ​ពេល​ការ​ប្រកួត​ជាក់ស្ដែង​បែរជា​ត្រូវ​បរាជ័យ ដោយសារ​តែ​ចង់វាយ​កែង​ក៏​ពិបាក វាយ​ម៉ាត់​ក៏​យ៉ាប់ ហើយ​ចុង​ក្រោយ​បាន​ត្រឹមតែ​ឱប​ដើម្បី​ការពារ​ខ្លួន​វិញ ។ សុ​ភី​អះអាង​ថា ការ​ប្រកួត​ជាមួយ Chhouk Chhai សម្រាប់​លើក​ទី​៣ ទទួល​បាន​លទ្ធផល​មិន​អស់ចិត្ត និង​បាន​ប្រកាស​យ៉ាង​មុតមាំ​ថា បើ​ផ្គូផ្គង​ឱ្យ​ប្រកួត​លើក​ក្រោយ​នឹង​ប្រឹង​ឱ្យ​ឈ្នះ​ដើម្បី​សងសឹក ។

លោក ញាន សុធី និយាយ​ថា កីឡាករ​មួយគូ​នេះ នឹង​រៀបចំ​ឱ្យ​ជួប​គ្នា​ក្នុង​ពេល​ឆាប់​ៗ ខាង​មុខ ប្រសិនបើ​កីឡាករ​ថៃ​រៀបចំ​ពេលវេលា​មក​ប្រកួត​ជា​ថ្មី​នៅ​កម្ពុជា ដោយ​ជួប​ជាមួយ​កីឡាករ ឡុ​ង សុ​ភី ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ