ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អត្ត​ព​លិ​ក​ជម្រើសជាតិ​១៦៥​នាក់​ទទួល​បានការ​លើកទឹកចិត្ត​ពី​ក្រសួង​អប់រំ ត្រៀម​ប្រជែង​មេដាយ​ស៊ី​ហ្គេ​ម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ឆ្នាំ​២០២៣

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀបចំ​ពិធី​សំណេះសំណាល និង​សួរសុខទុក្ខ​ក្រុម​

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀបចំ​ពិធី​សំណេះសំណាល និង​សួរសុខទុក្ខ​ក្រុម​អត្ត​ព​លិ​ក​ជម្រើសជាតិ​កម្ពុជា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ កាលពី​ល្ងាច​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៣ ដែល​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់ និង​លើកទឹកចិត្ត​ដល់​ក្រុម​ជម្រើសជាតិ ដើម្បី​ត្រៀម​ប្រជែង​មេដាយ​ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម នា​ខែឧសភា និង​ខែមិថុនា ឆ្នាំ​២០២៣ នៅ​កម្ពុជា​។

ឯកឧត្តម អ៊ុ​ក សិទ្ធិ​ជាតិ អគ្គនាយក​កីឡា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្ដម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​បង្ហាញ​ការ​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហការ​របស់​ក្រសួង​អប់រំ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​សហព័ន្ធ​កីឡា​ជាតិ ដែល​កំពុង​យកចិត្តទុកដាក់​ដល់​ការ​បោះជំរំ​ហ្វឹកហាត់​របស់​ក្រុម​អត្ត​ព​លិ​ក​ជម្រើសជាតិ​កម្ពុជា​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក ដើម្បី​ត្រៀម​ឆ្ពោះទៅ​ប្រកួតប្រជែង​មេដាយ​ស៊ី​ហ្គេ​ម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ឆ្នាំ​២០២៣​។

ក្នុង​នាម​ក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តម​អគ្គនាយក បាន​កោតសរសើរ​ចំពោះ​ការ​លះបង់​ពុះពារ​ការ​លំបាក យក​អស់​ស្មារតី​ខិតខំ​ហ្វឹកហាត់ ក្នុង​ការ​បង្កើន​គុណ​ផល​របស់​កីឡាករ កីឡាការិនី គ្រូបង្វឹក អនុរក្ស ដើម្បី​ត្រៀម​ប្រកួត​ដណ្តើម​មេដាយ​ជូន​ជាតិ ក្នុង​ព្រឹត្តិការណ៍​កីឡា​ជា​ប្រវត្តិសាស្ត្រ​ដំបូង​របស់​កម្ពុជា ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ។

ជាមួយ​គ្នា​នេះ ឯកឧត្តម អ៊ុ​ក សិទ្ធិ​ជាតិ ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ គណៈកម្មាធិការ​ជាតិ CAMSOC ដែល​មាន​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ជា​ប្រធាន និង​ឯកឧត្តម​បណ្ឌិត ថោ​ង ខុន ជា​អនុប្រធាន​អចិន្ត្រៃយ៍ ដែល​តែងតែ​ឧបត្ថម្ភ​គាំទ្រ និង​ផ្តល់​ការ​លើកទឹកចិត្ត​គ្រប់​បែប​យ៉ាង​ដល់​ការ​ហ្វឹកហាត់​របស់​ក្រុម​ជម្រើសជាតិ ដើម្បី​ឆ្ពោះទៅ​សម្រេច​ភាព​ជោគជ័យ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ឆ្នាំ​២០២៣ ក្រោយ​កម្ពុជា​រង់ចាំ​៦៤​ឆ្នាំ​។

លោក ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ជាតិហ្វឹកហ្វឺន​កីឡា​បាន​បញ្ជាក់​ថា ការ​រៀបចំ​ប្រមូលផ្តុំ​ក្រុមកីឡា​ជម្រើសជាតិ ត្រៀម​ចូលរួម​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១២ ឆ្នាំ​២០២៣ ដោយសារ​ឆ្នាំ​២០២១-២០២៣​នេះ ក្រសួង​បាន​ច្របាច់​បញ្ចូល​គ្នា​រវាង​ក្រុមកីឡា​ថ្នាល និង​ក្រុមកីឡា​ជម្រើសជាតិ​ឈាន​ទៅ​សម្រិតសម្រាំង​ជ្រើសរើស​កីឡាករ​ជម្រើសជាតិ​សរុប​៩៣៨​នាក់
(​កីឡាការិនី ៣៤៦​នាក់​) និង​គ្រូបង្វឹក ១៧៦​នាក់ ដែល​មានគុណ​ផល​ខ្ពស់ និង​សីលធម៌​ល្អ ព្រមទាំង​អនុរក្ស​ចំនួន​៥២​នាក់​។

លោក​បញ្ជាក់​ថា ក្រុម​ជម្រើសជាតិ ត្រូវ​បាន​រៀបចំ​ឱ្យ​មានការ​ហាត់​ហ្វឹកហ្វឺន​ក្នុង​ប្រទេស​ដូច​ជា នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ មាន​៩​ប្រភេទ​កីឡា ស្មើនឹង​១៦២​វិញ្ញាសា និង​មាន​កីឡាករ កីឡា​កា​វិ​នី​សរុប ១៦១ នាក់ គ្រូបង្វឹក ៣១​នាក់ និង​អនុរក្ស ០៨ នាក់ ចំណែក​នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក មាន​១៧​ប្រភេទ​កីឡា ស្មើនឹង​២៣០​វិញ្ញាសា ហើយ​មាន​កីឡាករ កីឡាការិនី​សរុប ៣០៩​នាក់ គ្រូបង្វឹក ៦២​នាក់ និង​អនុរក្ស ១៧​នាក់ ។ ចំពោះ​នៅ​តាម​សហព័ន្ធ​កីឡា​ជាតិ​វិញ មាន​១៤​ប្រភេទ​កីឡា ស្មើនឹង​១៨៦​វិញ្ញាសា និង​មាន​កីឡាករ កីឡាការិនី​សរុប ២៨៣​នាក់ គ្រូបង្វឹក ៦២​នាក់ និង​អនុរក្ស ១៤​នាក់​។

ដោយឡែក សម្រាប់​ការ​ហាត់​ហ្វឹកហ្វឺន​នៅ​ក្រៅប្រទេស មាន​កីឡាករ កីឡាការិនី​សរុប ២២៦​នាក់ ត្រូវ​បាន​បញ្ជូន​ឱ្យធ្វើ​ការ​ហាត់​ហ្វឹកហ្វឺ​ន​នៅ​ក្រៅប្រទេស​ដូច​ជា នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន មាន​១២​ប្រភេទ​កីឡា ស្មើនឹង​៧៨​វិញ្ញាសា ដោយ​មាន​កីឡាករ កីឡាការិនី​សរុប​១៤១​នាក់ និង​គ្រូបង្វឹក​ចំនួន​១៣​នាក់ គឺ​ហាត់​ហ្វឹកហ្វឺន​រយៈពេល​០៤​ខែ ។ រីឯ​នៅ​សហរដ្ឋអាមេរិក មាន​៦​ប្រភេទ​កីឡា ដូច​ជា ជី​ជី​តស៊ូ តេ​ក្វា​ន់​ដូ WT បាល់បោះ ហែល​ទឹក វាយ​កូន​បាល់ និង​វាយ​កូន​ឃ្លី​លើ​តុ មាន​១៣​វិញ្ញាសា កីឡាករ កីឡាការិនី​សរុប ២៦​នាក់ និង​គ្រូបង្វឹក ០៤​នាក់ ហាត់​ហ្វឹកហ្វឺន​រយៈពេល​៤​ខែ​។

ចំពោះ​នៅ​ប្រទេស​បារាំង​វិញ មាន​២​ប្រភេទ គឺ​កីឡា​តេ​ក្វា​ន់​ដូ WT និង​ទ្រី​យ៉ា​ត្លុង មាន​០៣​វិញ្ញាសា កីឡាករ​សរុប ០៣​នាក់ ហាត់​ហ្វឹកហ្វឺន​រយៈពេល ០៤​ខែ និង​នៅ​បណ្តា​ប្រទេស​អាស៊ី រួម​មាន ប្រទេស​វៀតណាម ប្រទេស​ថៃ មី​យ៉ា​ន់​ម៉ា ប្រទេស​អ៊ូ​ស​បេ​គី​ស្ថាន ប្រទេស​កា​ណា​ដា និង​ប្រទេស​កូរ៉េ​ខាងត្បូង​ជាដើម ដោយ​មាន​៦៤​វិញ្ញាសា កីឡាករ​កីឡាការិនី​សរុប ៨៧​នាក់ និង​គ្រូបង្វឹក​១៤​នាក់ ហាត់​ហ្វឹកហ្វឺន​រយៈពេល​០៤​ខែ​។

យ៉ាងណាមិញ សម្រាប់​ការ​ហាត់​ហ្វឹកហ្វឺន​ក្រុមកីឡា​ជម្រើស​ជន​ពិការ​ជាតិ សម្រាប់​ចូលរួម​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១២ ឆ្នាំ​២០២៣ គឺ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំពិ​ក​កម្ពុជា ក្នុង​ការ​ជ្រើសរើស​កីឡាករ កីឡាការិនីជន​ពិការ និង​ប្រមូលផ្តុំ​ហាត់​ហ្វឹកហ្វឺន​រយៈពេល​៥​ខែ ចាប់ពី​ខែមករា រហូត​ដល់​ខែឧសភា មាន​ចំនួន ១៣​ប្រភេទ​កីឡា ស្មើនឹង​១០១​វិញ្ញាសា និង​មាន​កីឡាករ​កីឡាការិនី​សរុប ១៦៥​នាក់ គ្រូបង្វឹក ៣១​នាក់ និង​អនុរក្ស ១៦​នាក់ ហើយ​ត្រូវ​បាន​រៀបចំ​ឱ្យ​ហាត់​ហ្វឹកហ្វឺន​នៅ​មជ្ឈមណ្ឌល​ជាតិ​ជន​ពិការ​តេ​ជោ​សែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ