រាជធានីភ្នំពេញ ៖ រហូតដល់ពេលនេះក្នុងសង្គមខ្មែរយើងនៅមានមនុស្សចាស់មួយចំនួនបន្តរស់នៅដោយគ្មានទីពឹងរស់តាមចិញ្ចើមថ្នល់ និងដើរសុំទាន ឬក៏ត្រូវទៅរស់នៅវត្តក្នុងជីវិតចុងក្រោយក៏មាន។ក្រៅពីនោះក៏មានមនុស្សចាស់ច្រើននាក់ដែររស់នៅស្រុកកំណើត ដោយឯកោតែពីរនាក់តាយាយម៉ង់ៗ ដោយសារតែកូនចៅបានចាកចេញទៅរកស៊ី ឬទៅរៀនសូត្រចេញពីស្រុកកំណើតជាដើម។

នៅស្រុកគេជឿនលឿន ពេលចាស់ទៅរដ្ឋាភិបាលជាអ្នកធានារ៉ាប់រងចិញ្ចឹមមនុស្សចាស់ ដោយបង្កើតជាមណ្ឌលថែទាំមនុស្សចាស់។ក្រៅពីនោះក៏មានសេវាឯកជនសម្រាប់ថែទាំមនុស្សផងដែរ។នោះក៏ដោយសារតែនៅស្រុកគេកូនចៅរវល់ការងារផង ហើយជាទម្លាប់មនុស្សចាស់ស្រុកគេមិនសូវជាពឹងអាស្រ័យលើកូនចៅទាំងស្រុងទេខុសពីនៅស្រុកយើងចាស់ៗជាច្រើនត្រូវរស់អាស្រ័យកូនចៅ។
ក៏ប៉ុន្តែក្នុងសង្គមយើងគ្រួសារមួយចំនួនកូនរវល់ធ្វើការងាររកស៊ីចិញ្ចឹមជីវិតគ្រួសាររបស់គេ ហើយក៏មានកូនខ្លះទៀតមិនមានលទ្ធភាពគ្រប់គ្រាន់ និងមិនបានគិតដិតដល់លើឪពុកម្តាយក៏មាន។

យ៉ាងណាក៏ដោយ ក្នុងសង្គមកម្ពុជាយើង កន្លងមករាជរដ្ឋាភិបាលមានគោលនយោបាយគិតគូរដល់មនុស្សចាស់ជរា ហើយក៏មានអង្គការសមាគមខ្លះក៏បានបង្កើតឡើងសម្រាប់ជួយដល់មនុស្សចាស់ជរាផងដែរ។ តែនៅតែមិនទាន់បំពេញឱ្យគ្រប់តាមតម្រូវការ ឬក៏ចំនួនចាស់ជរានៅឡើយ។
តាមរាជធានីខេត្ត សុទ្ធតែមានមណ្ឌលសម្រាប់ជនអនាថា និងចាស់ជរាគ្មានទីពឹង ដែលស្ថិតនៅក្រោមមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ ប៉ុន្តែជារឿយៗ គេនៅតែឃើញចាស់ៗ ពិសេសនៅភ្នំពេញ នៅតែដើរសុំទាន ដើម្បីអាហារបីពេលនៅតាមផ្លូវ តាមហាង និងនៅតាមរមណីយដ្ឋានទេសចរណ៍នានា។ ចាស់ៗខ្លះទៀត ដើរដេកតាមសំយ៉ាបផ្ទះ និងទីសាធារណៈ ហើយក៏មានចាស់ៗមួយចំនួនទៀតយកវត្តជាទីសំណាក់ចុងក្រោយផងដែរ។

ដូច្នេះដើម្បីចូលរួមដោះស្រាយវិបត្តិមនុស្សចាស់នៅក្នុងសង្គមកម្ពុជាយើង គឺទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងរាជរដ្ឋាភិបាល តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទាំងអាជ្ញាធរមូលដ្ឋាន និងទាំងក្រុមគ្រួសារ ដែលមានឪពុកម្តាយចាស់ជរា។
សម្រាប់រាជរដ្ឋាភិបាល គួរតែបង្កើនគោលនយោបាយជួយដល់មនុស្សចាស់ ហើយជំរុញឱ្យមណ្ឌលសម្រាប់មនុស្សបន្តដំណើរការ និងពង្រីកឱ្យដល់ឃុំសង្កាត់ គឺក្នុង១ឃុំសង្កាត់ គួរតែមានកន្លែងសម្រាប់មនុស្សចាស់ ដែលគ្មានទីពឹង ក្នុងឃុំសង្កាត់នោះ អាចស្នាក់នៅដោយអាចទទួលទានត្រឹមអាហារបីពេល និងមានពេលស្តាប់ធម៌អារ្យ ព្រមទាំងទទួលបានគោលការណ៍ថែរក្សាសុខភាព ដោយឥតគិតថ្លៃ ជាដើម។

បើមិនអាចបង្កើតមណ្ឌលសម្រាប់មនុស្សចាស់តាមឃុំសង្កាត់បានទេ គឺសព្វថ្ងៃ យើងមានវត្តអារាម នៅគ្រប់ឃុំសង្កាត់ហើយ ដូច្នេះអាជ្ញាធរឃុំសង្កាត់ ស្រុកក្រុងខណ្ឌ ខេត្តរាជធានី អាចសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងស្ថាប័នពាក់ព័ន្ធ រៀបចំទីតាំងណាមួយ ក្នុងបរិវេណវត្ត ហើយប្រមូលផ្តុំមនុស្សចាស់ ដែលគ្មានទីពឹង នៅក្នុងឃុំសង្កាត់នោះ។
អាជ្ញាធរឃុំសង្កាត់ ស្រុកខណ្ឌក្រុង និងរាជធានីខេត្ត រួមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ អាចផ្តល់ការឧបត្ថម្ភ ជាអង្ករប្រចាំខែ និងថ្លៃម្ហូបអាហារជាដើម។ ព្រលប់ៗ ចាស់ៗក៏អាចស្តាប់ធម៌ និងរៀនធម៌ក្នុងវត្តហើយព្រឹកៗក៏អាចធ្វើលំហាត់ប្រាណ ដើម្បីថែរក្សាសុខភាពក៏បាន។
ទោះជាមានការគិតគូររបស់អាជ្ញាធរមូលដ្ឋានក៏ដូចជា ក្រសួងស្ថាប័នពាក់ព័ន្ធហើយក៏ដោយក៏តាមគ្រួសារខ្មែរយើងនីមួយៗពិសេសចាស់ៗខ្លួនឯងត្រូវតែគិតទុកសម្រាប់ជីវិតចុងក្រោយ និងការចូលនិវត្តរបស់ខ្លួន។ក្នុងនោះត្រូវរៀបចំឱ្យមានកូន ឬក៏ចៅនៅជាមួយពេលខ្លួនចាស់ទៅហើយរៀបចំកញ្ចប់លុយសម្រាប់ជីវិតចុងក្រោយ។
សម្រាប់កូនៗ ក៏ត្រូវតែគិតពីសុខទុក្ខឪពុកម្តាយ លោកតាលោកយាយរបស់ខ្លួន ដោយត្រូវធ្វើយ៉ាងណាឱ្យពួកគាត់រស់នៅបានសុខស្រួល ក្នុងជីវិតចុងក្រោយ ព្រោះថា ពួកគាត់បានប្រើប្រាស់ជីវិតរបស់ពួកគាត់មួយជីវិតនេះសម្រាប់តែកូន និងចៅជាទីស្រឡាញ់របស់គាត់។
លោកតាលោកយាយ និងឪពុកម្តាយក៏បានសម្រិតសម្រាំងចែកកេរ្តិ៍ ទ្រព្យសម្បត្តិរបស់គាត់ ដែលមានដល់កូន និងចៅមិនតិចនោះទេ។ ដូច្នេះកូន និងចៅ ត្រូវតែតបស្នងសងគុណពួកគាត់តាមរយៈការថែទាំពួកគាត់នៅជីវិតចុងក្រោយនេះ។
បើនៅតាមរមណីយដ្ឋាន កន្លែងកម្សាន្ត ក្នុងករណីមានចាស់ជរាសុំទាននោះ គឺគួរតែអាជ្ញាធរសមត្ថកិច្ច សហការជាមួយអ្នកទទួលខុសត្រូវតាមរមណីយដ្ឋាន និងកន្លែងកម្សាន្ត ហើយរៀបចំឱ្យពួកគាត់មានការងារធ្វើក្នុងសង្គម ឬក៏នៅក្នុងរមណីដ្ឋាន និងកន្លែងកម្សាន្តនោះ ដើម្បីដូរយកបាយ៣ពេល និងកន្លែងស្នាក់ នៅសមរម្យ។
ការងារងាយៗ សម្រាប់មនុស្សចាស់អាចធ្វើបានដូចជា ការងារស្រាលៗបោសសំរាមនាំភ្ញៀវ និងការរៀបចំសណ្តាប់ធ្នាប់ជាដើម។មនុស្សចាស់ក៏ជាធនធានមនុស្សរស់សម្រាប់ចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ពួកគាត់ដល់ក្មេងៗក្នុងភូមិស្រុករបស់ពួកគាត់ទៅតាមជំនាញរបស់ពួកគាត់។ដូច្នេះត្រូវតែគិតគូរដល់មនុស្សចាស់ ព្រោះយើងម្នាក់ៗជៀសមិនផុតពីចាស់ទេទៅថ្ងៃមុខ៕
ចែករំលែកព័តមាននេះ