រាជធានីភ្នំពេញ ៖ រថយន្តអគ្គិសនីនៅកម្ពុជាទើបតែត្រូវបានណែនាំជូនពលរដ្ឋត្រឹមតែប្រមាណជាមិនដល់៣ឆ្នាំទេ ប៉ុន្តែនៅពេលនេះសន្ទុះនៃការប្រើប្រាស់ឡើងដល់១០០០ភាគរយឯណោះ ពោល គឺស្ទុះឡើងខ្លាំងមែនទែន។
ទោះបីជាមកដល់ពេលនេះ ការប្រើប្រាស់រថយន្តអគ្គិសនីនៅមានឧបសគ្គច្រើនក៏ពិតមែន ប៉ុន្តែចំនួនមនុស្សដែលប្រើប្រាស់រថយន្តនេះនៅកម្ពុជា នៅតែឃើញសក្តានុពលរបស់វាដោយថ្មីៗតាមតួរលេខពីក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា នៅក្នុងឆ្នាំ២០២២កន្លងទៅនេះរថយន្តអគ្គិសនីដែលចុះបញ្ជី គឺមានដល់ទៅ៧០០គ្រឿង។
![Picture]()
ជាមួយនឹងកំណើននេះលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា ឆ្នាំ២០២២ បានបើកទំព័រថ្មីមួយក្នុងការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា។
នៅពេលនេះស្ថានីយសាកអគ្គិសនីសម្រាប់បម្រើការប្រើប្រាស់យានយន្តប្រភេទនេះ នៅមានកម្រិតមែនទែន ពោល គឺមិនទាន់ដល់១០កន្លែងផង នៅទូទាំងប្រទេស ប៉ុន្តែចំនួនយានយន្តបានកើនឡើងជាបន្តបន្ទាប់ស្របពេលដែលពិភពលោកកំពុងតែជំរុញវាដោយសារតែបញ្ហាអសន្តិសុខនៃវិស័យថាមពលប្រេងឥន្ធនៈ ជាពិសេស គឺការកាត់បន្ថយកម្តៅ និងការបំភាយឧស្ម័នកាបូនិចដែលជាកត្តាមួយដ៏ធំសម្រាប់រួមចំណែកដោះស្រាយបញ្ហាបរិស្ថានជាសាកល។
![Picture]()
មកដល់ពេលនេះតម្លៃរថយន្តអគ្គិសនីមិនថោកឡើយ ហើយវាពិតជាលំបាកណាស់ សម្រាប់អ្នកដែលមានជីវភាពក្រោមមធ្យមដោយនៅពេលនេះទោះបីជារាជរដ្ឋាភិបាលអនុគ្រោះពន្ធនាំចូលរហូតដល់ទៅ ៥០ភាគរយ បើធៀបនឹងរថយន្តប្រើប្រេងឥន្ធនៈធម្មតាក៏ដោយក៏តម្លៃរបស់វា គឺថោកបំផុតក៏ប្រមាណជា២៥.០០០ដុល្លារដែរ។
តាមការអង្កេតដោយត្រួសៗនៅក្នុងរយៈពេលប្រមាណជា៣ឆ្នាំមកនេះ តម្លៃរថយន្តអគ្គិសនីនៅកម្ពុជាដែលកំពុងតែប្រើប្រាស់នៅកម្ពុជា គឺមានចន្លោះពី២៥.០០០ដុល្លារទៅដល់ប្រមាណជាង២០០.០០០ ដុល្លារ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ពោល គឺស្ថានីយសាកអគ្គិសនីសម្រាប់រថយន្តអគ្គិសនីទាំងនេះក៏មានតម្លៃខ្ពស់ចូលដល់រាប់សិបម៉ឺនដុល្លារឯណោះ។
![Picture]()
បើនិយាយអំពីតម្លៃនេះ គឺខ្ពស់ខណៈដែលមកដល់ពេលនេះប្រជាពលរដ្ឋកម្ពុជាមួយភាគធំ គឺនៅតែប្រើប្រាស់រថយន្តជជុះ ហើយនៅពេលនេះយានយន្តជជុះ ដែលកំពុងតែពេញនិយមសម្រាប់ពលរដ្ឋវណ្ណៈកណ្តាល គឺរថយន្តតូយូតាព្រូស ប្រភេទកូនកាត់ ដែលប្រើប្រាស់ ប្រេងឥន្ធនៈផង និងអាគុយផង ដោយសារតែតម្លៃរបស់វានៅសមរម្យ ពោល គឺចន្លោះពី១២.០០០ដុល្លារទៅ៣០.០០០ដុល្លារសម្រាប់រថយន្តសេរី២០០៨ ដល់២០១២ ឬ២០១៣ អាស្រ័យទៅលើគុណភាពនិងស្ថានភាពជាក់ស្តែងរបស់រថយន្ត។
![Picture]()
ដើម្បីលើកកម្ពស់ និងជំរុញការប្រើប្រាស់រថយន្តអគ្គិសនីនេះ ក្រសួងសាធារណការ និងដឹកជញ្ជូនក៏កំពុងតែធ្វើយុទ្ធនាការគាំទ្រ និងជំរុញឲ្យអ្នកដែលពាក់ព័ន្ធដោយរួមទាំងក្រុមហ៊ុនលក់រថយន្តអគ្គិសនីស្រាប់ ស្ថានីយប្រេងឥន្ធនៈ វិនិយោគបន្ថែម ដើម្បីតម្លើងកន្លែងសាកអគ្គិសនី ដល់យានយន្តទាំងនោះឲ្យបានរហូតដល់២០០កន្លែងស្របពេលដែលពេលនេះ ក្រសួងក្រោមកិច្ចសហការជាមួយអង្គការកម្មវិធីអភិវឌ្ឈន៍អង្គការសហប្រជាជាតិ (UNDP) បានដំឡើងស្ថានីយបញ្ចូលថាមពលអគ្គិសនីចំនួន៤ នៅក្នុងប្រទេស ហើយវិស័យឯកជនបានសាងសង់ចំនួន៥ទៀតរួចមកនោះ។
![Picture]()
នេះ គឺជាបច្ចុប្បន្នភាពនៃការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា ហើយជាមួយនឹងសន្ទុះក៏ដូចជា ការចូលរួមជ្រោមជ្រែងពីរដ្ឋមិនយូរទេអ្នកប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជានឹងមានកំណើនកើនឡើងគួរឲ្យកត់សម្គាល់ពីព្រោះនៅពេលនេះកម្រិតប្រាក់ចំណូលរបស់ពលរដ្ឋ កម្ពុជាក៏កំពុងតែកើនឡើង ហើយផ្នត់គំនិតស៊ីវិល័យក៏កំពុងតែដិតជាប់ ជាមួយនឹងផ្នត់គំនិត ពលរដ្ឋទូទៅគួបផ្សំ និងការធ្វើទំនើបកម្មបច្ចេកវិទ្យានៃរថយន្តអគ្គិសនីទាំងនោះ គឺសុទ្ធសឹងតែជាបច្ច័យគាំទ្រដល់កំណើននៃការប្រើប្រាស់រថយន្តប្រភេទនេះច្រើននៅកម្ពុជា៕ដោយៈ ហេង ចេស្តារ
ចែករំលែកព័តមាននេះ