រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់តំបន់មួយចំនួននឹងចុះត្រជាក់ នៅពេលយប់ និងព្រឹក ចាប់ពីថ្ងៃទី២២ ដល់២៨ កុម្ភៈ និងមានភ្លៀងធ្លាក់ផងដែរ។

យោងតាមសេចក្តីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ របស់ក្រសួងធនធានទឹកបានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់(ចិន) និងខ្យល់មូសុងឦសានក្នុងកម្រិតពីខ្សោយទៅមធ្យម។

ក្រសួងបានលើកឡើងថា ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្តាលសីតុណ្ហភាពអប្បបរមាមានពី២០-២២ អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី៣២-៣៤អង្សាសេ អាចមានភ្លៀងធ្លាក់តិចតួច។
នៅថ្ងៃទី២៦-២៧ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមាអាចចុះត្រជាក់បន្ថែមក្នុងចន្លោះពី២-៣អង្សាសេ នៅវេលាព្រឹក និងយប់។ចំណែកនៅតំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមាមានពី១៩-២១អង្សាសេ និង សីតុណ្ហភាពអតិបរមាមានពី៣២-៣៤ អង្សាសេ។

នៅថ្ងៃទី២៦-២៧ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមាអាចចុះត្រជាក់បន្ថែមក្នុងចន្លោះពី៣-៤អង្សាសេ នៅវេលាព្រឹក និងយប់លាយឡំនឹងខ្យល់បក់ក្នុងកម្រិតមធ្យម។
ដោយឡែកនៅតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាមានពី ២០-២២ អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី៣០-៣២អង្សាសេអាចមានភ្លៀងធ្លាក់តិចតួច។

ក្រសួងបានលើកឡើងទៀតថា អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន និងមានការប្រុងប្រយ័ត្នត្រៀមលក្ខណៈ៕
ចែករំលែកព័តមាននេះ