អាជីព​អ្នក​ផ្លុំស្រឡៃ​ក្នុង​វង់ភ្លេង​ប្រដាល់​យ៉ាងណា​ដែរ?


រាជធានី​ភ្នំពេញ ៖ ស្រឡៃ​ជា​គ្រឿង​ភ្លេង​មួយ​ប្រភេទ​ធ្វើ​ដោយ​ឈើខ្លឹម​សាច់​រឹង​ស្និទ្ធ ក្រឡឹង​ជា​រាង​ធំកំ​ប៉ោក​កណ្តាល​រីក​ចុង​ដើម​បន្តិច​មាន​ប្រហោង​តូច​ចំ​កណ្តាល​ធ្លុះ​រហូត​មាន​រន្ធ​៦​មាន​លាំ​សម្រាប់​ផ្លុំ​ប្រើ​ក្នុង​វង់ភ្លេង​ពិណពាទ្យ និង​ភ្លេង​ប្រដាល់​គុន​ខ្មែរ​ជាដើម ។ សព្វថ្ងៃ​កូន​ខ្មែរ​ភាគច្រើន​ហាក់​មិនសូវ​ចាប់អារម្មណ៍​ឧបករណ៍​ភ្លេងបុរាណ​ប៉ុន្មាន​ទេ ទើប​ពួក​គេ​មិន​ស្គាល់ឈ្មោះ​និង​មិនដឹង​ថា គ្រឿង​ភ្លេង​នោះ​គេ​យក​ទៅ​ប្រគំ​ក្នុង​ពិធី​អ្វី ឯ​អ្នក​ចាប់​អាជីព​ផ្លុំស្រឡៃ​ក្នុង​វង់ភ្លេង​ប្រដាល់​នោះ​ទម្រាំ​រៀន​ផ្លុំ​ស្ទាត់ជំនាញ​ត្រូវ
ចំណាយ​ពេល​ប៉ុន្មាន​និង​ទទួល​បាន​ប្រាក់​កម្រៃ​កម្រិត​ណា​ពេល​មានឱកាស​ប្រគំ?

ជួប​ភ្នាក់ងារ​សារព័ត៌មាន​កោះសន្តិភាព លោក ទូច ចិ​ត្រា ជា​អ្នក​កាន់​ឧបករណ៍​ស្រឡៃ​ក្នុង​វង់ភ្លេង​ប្រដាល់​គុន​ខ្មែរ​ប្រចាំ​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន​ក្រោម​ការ​គ្រប់គ្រង
របស់​លោកគ្រូ​ភ្លេង​ឯក ច័ន្ទ​ម៉ា​លី បាន​រៀបរាប់​ពី​ប្រវត្តិ​របស់​ខ្លួន​ក្នុង​ដំណើរ​ឈោង​ចាប់យក​អាជីព​ជា​អ្នក​ផ្លុំស្រឡៃ​ក្នុង​វង់ភ្លេង​ប្រដាល់​ថា សព្វថ្ងៃ​លោក​មាន​អាយុ​២៣​ឆ្នាំ ជា​កូន​ទី​២ ក្នុង​គ្រួសារ​ក្នុង​ចំណោម​បងប្អូន​៣​នាក់​ប្រុស​២​នាក់​ស្រី​ម្នាក់ ។ បងប្រុស​និង​ប្អូនស្រី​របស់​លោក​ដែល​កំព្រា​ឳ​ពុក​តាំងពី​វ័យក្មេង​កំពុង​រស់នៅ​ជាមួយ​ម្ដាយ​ចាស់ជរា​នៅ
ស្រុក​កំណើត​ឯ​ឃុំ​ព្រៃ​ផ្កា ស្រុក​កោះអណ្ដែត ខេត្តតាកែវ ។ ចំណែក​លោក ដោយសារ​តែ​ជីវភាព​គ្រួសារ​មានការ​ខ្វះខាត បាន​បង្ខំចិត្ត​បោះបង់​ចោលការ​សិក្សា​ត្រឹម​ថ្នាក់​ទី​៤ មក​សុំ​រៀន​ផ្លុំស្រឡៃ​ជាមួយ​លោកគ្រូ​ភ្លេង​ម្នាក់​នៅ​រាជធានី​ភ្នំពេញ​ឈ្មោះ​ឯក ច័ន្ទ​ម៉ា​លី តាម​រយៈ​មិត្តភក្តិ​ម្នាក់​ដែល​ស្គាល់​លោកគ្រូ​ភ្លេង​រូប​នោះ ។ ពេល​ឃើញ​លោក​ហាក់​មាន​និស្ស័យ​ជាមួយ លោកគ្រូ​ឯក ច័ន្ទ​ម៉ា​លី បាន​យល់ព្រម​ទទួល​លោក​ជា​សិស្ស​ឱ្យ​រស់នៅ​ហាត់រៀន​ផ្លុំស្រឡៃ​ជាមួយ​តាំងពី​ឆ្នាំ​២០១១​ម្ល៉េះ ហើយ​ទម្រាំ​ចេះ​ផ្លុំ​ស្ទាត់ជំនាញ​អាច​ចេញ​ប្រគំ​ជាមួយ​វង់ភ្លេង​ពិណពាទ្យ និង​វង់ភ្លេង​ប្រដាល់​បាន​លោក​ត្រូវ​ចំណាយពេល​ជា​ច្រើន​ឆ្នាំ ។

លោក ទូច ចិ​ត្រា បន្ត​ថា អំឡុង​ពេល​ហាត់រៀន​ជា​ច្រើន​ឆ្នាំ​មកនេះ ការ​ហូប​ចុក​ស្នាក់​នៅ​របស់​លោក​គឺ​លោកគ្រូ​ឯក ច័ន្ទ​ម៉ា​លី ជា​អ្នករ៉ាប់រង​ទាំងអស់ ។ ដូច្នេះ​លោក​បាន​ចាត់​ទុក​លោកគ្រូ​គឺជា​អ្នក​មានគុណ​ទី​២​ដែល​បាន​ជួយ​លោក​ក្លាយជា​អ្នក​ផ្លុំស្រឡៃ​​អាជីព​មួយ​រូប​ក្នុង​វង់ភ្លេង​បុរាណ​របស់​លោក​រហូត​មក​ទល់​សព្វ​ថ្ងៃនេះ ។ លោក​បញ្ជាក់
ថា សព្វថ្ងៃ​លោក​មានការ​មមាញឹក​គួរសម​ ព្រោះ​ក្រៅពី​ទៅ​ប្រគំ​នៅ​ក្នុង​កម្មវិធី​ប្រដាល់​របស់​ប៉ុស្តិ៍​ទូរទស្សន៍​មួយ​ចំនួន លោក​នៅ​ឆ្លៀតពេល​ទៅ​ប្រគំ​ក្នុង​កម្មវិធី​បុណ្យ​ផ្សេង​ៗ​ជា​ច្រើន​ទៀត ដើម្បី​ទទួល​បាន​កម្រៃ​បន្ថែម​ពីលើ​ចំណូល​ប្រចាំ​ស​ប្ដា​ហ៍​ក្នុង​កម្មវិធី​ប្រដាល់​ដែល​ក្នុង​មួយ​កម្មវិធី​លោក​ទទួល​បាន​ពី​១៥​ទៅ​២០​ដុល្លារ​តាម​កម្មវិធី​ធំ​ឬ​តូច ហើយ​ប្រាក់​ដែល​សន្សំ​បាន​ពី​ការ​ចាយវាយ​ត្បិតត្បៀត លោក​បាន​យក​ទៅ​ជូន​ម្ដាយ​នៅ​ឯ​ស្រុក​ធ្វើ​ឱ្យ​ជីវភាព​នៅ​ក្នុង​គ្រួ​សារបាន​ធូរស្រាល​មួយ​កម្រិត​ដែរ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ