រាជធានីភ្នំពេញ ៖ រឿងជ្រូកដែលគេលួចនាំចូលដោយខុសច្បាប់ត្រូវបានគេអះអាងថា មានជាបន្តបន្ទាប់ ហើយប្រភេទជ្រូកដែលគេនាំចូលមួយភាគធំហាក់ជាជ្រូកដែលសម្រាប់ផ្គត់ផ្គង់ទីផ្សារជ្រូកខ្វៃនៅក្នុង ប្រទេស ដោយសារតែទំហំនៃជ្រូកដែលគេឃើញ គឺភាគច្រើនមានទំហំប៉ុននឹងទំហំជ្រូកខ្វៃ។

ជ្រូកខ្វៃនៅក្នុងស្រុកយើងនៅពេលនេះមានហាងឆេងខ្ពស់ណាស់ដោយនៅពេលនេះក្រៅពីអ្នកដែលមានលទ្ធភាពទិញទាំងមូលយកទៅសែនព្រេន តាមកម្មវិធីនៅក្នុងគ្រួសារឬឱកាសផ្សេងៗហើយនោះក៏មានអ្នកនិយមទិញយកទៅហូបចុកជុំគ្នា។សម្រាប់អ្នកដែលមិនមានលទ្ធភាពទិញទាំងមូល ឬក៏សមាជិកតិចវិញ គេក៏អាចទិញជាគីឡូក៏បានផងដែរ ដោយការកុំម្ម៉ង់ គឺសឹងតែមិនចាំបាច់ហត់ធ្វើដំណើរទិញទេ គឺអាចបញ្ជាទិញ តាមទូរស័ព្ទ ឬតាមបណ្តាញសង្គមក៏បានផងដែរ។

មកដល់ពេលនេះ មិនមែនជ្រូកខ្វៃទាំងអស់ សុទ្ធតែជាជ្រូកក្លាស្សេដែលគេនាំចូលដោយខុសច្បាប់ទាំងអស់នោះទេ ប៉ុន្តែដោយសារតែតម្រូវការខ្ពស់អាចមានក្រុមជនខិលខូចលួចបន្លំនាំចូល ដើម្បីចំណេញ ឬ មួយនៅពេលដែលទីផ្សារសាច់ជ្រូកនៅក្នុងស្រុកមិនអាចផ្គត់ផ្គង់ទំហំជ្រូក ដែលត្រូវខ្នាតសម្រាប់យកទៅខ្វៃបានគ្រប់គ្រាន់ ដូច្នេះហើយបានជាយើងត្រូវតែប្រុងប្រយ័ត្ន។

នៅពេលនេះ ក្រុមអ្នកដែលនិយមបរិភោគជ្រូកខ្វៃគឺមានទំហំចាប់ពី២គីឡូក្រាមឡើងរហូតដល់ទៅ១៥គីឡូក្រាម ដោយតម្លៃនៅពេលនេះ គឺមានចាប់ពី៩០ដុល្លារឡើងរហូតដល់២៥០ដុល្លារនៅក្នុងជ្រូកខ្វៃមួយក្បាល ។ កាលពីមួយឆ្នាំមុន តម្លៃនៃជ្រូកខ្វៃគឺខុសគ្នារវាងជ្រូក ធម្មតា និង ជ្រូកកណ្តុរ ប៉ុន្តែនៅពេលនេះ វាសឹងតែមានតម្លៃប្រហាក់ប្រហែលគ្នាទេស្របពេលដែលជ្រូកកណ្តុរក៏មានអ្នកចិញ្ចឹមច្រើនដែរនៅកម្ពុជា ប៉ុន្តែក៏នៅតែមានអ្នកដែលឆ្លៀតឱកាសលួចនាំចូល។

ជាក់ស្តែង អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំនៃក្រសួងពាណិជ្ជកម្ម បានអះអាងកាលពីពេលថ្មីៗនេះថា ខ្លួនទើបតែរឹបអូស និងដុតបំផ្លាញ ជ្រូក និងសរីរាង្គជ្រូកបង្កកសរុបប្រមាណជា ១.៧៦០ គីឡូក្រាម ស្មើនឹង៨៨ ក្បាល ដែលគេបានក្លាសេទុកក្រោយមានការលួចនាំចូលដោយខុសច្បាប់ ដោយជ្រូក ទាំងនេះថែមទាំង មានផ្ទុកវីរុសជំងឺឆ្លង ប៉េស្ត្រអាហ្វិក (ASFV)ថែមទៀតផង ។
ពាក់ព័ន្ធនឹងការរកឃើញជ្រូកកា្លស្សេខុសច្បាប់ និងផ្ទុកជំងឺទាំងនេះ លោក ប៊ុន ចំរើន អគ្គនាយករងនៃអគ្គនាយកដ្ឋានជំនាញនោះ បានអះអាងថា ជ្រូកទាំងនេះត្រូវបានរកឃើញ ដោយមន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន សហការជាមួយមន្ត្រីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រហូតដល់បានចុះប្រតិបត្តិការ ត្រួតពិនិត្យទីតាំងស្តុកទុក ចែកចាយផលិតផលសាច់សត្វស្រស់ បង្កក ជាច្រើនកន្លែងក្នុង ភូមិសាស្ត្ររាជធានីភ្នំពេញ។

ដោយឡែក លោក ហេង មាលី ប្រធានសាខាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ រាជធានីភ្នំពេញ បានអោយដឹងថា សាច់ជ្រូក និងសរីរាង្គ ជ្រូក មានផ្ទុកវីរុសជម្ងឺឆ្លង ប៉េសអាហ្រិកខូចគុណភាព គ្មានសុវត្ថិភាព សម្រាប់អ្នកប្រើប្រាស់ទេ បន្ទាប់ពីយកសំណាកទៅ វិភាគនៅ មន្ទីរពិសោធន៍វីរុសសាស្ត្រ នៃវិទ្យាស្ថានស្រាវជ្រាវ សុខភាពសត្វ និងផលិតកម្មសត្វ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។នេះមិនមែនជាករណីរកឃើញរកឃើញដំបូងនោះទេ កន្លងមកស្ថាប័ននេះក៏ធ្លាប់បានរកឃើញជាច្រើនដែរ ដោយពពួកជ្រូកទាំងនេះខ្លះត្រូវបាននាំចូលពីវៀតណាម ខ្លះនាំចូលពីថៃ។
ស្របតាមការរកឃើញនេះ គឺសូមប្រុងប្រយ័ត្នទាំងអស់គ្នា អ្នកដែលហូបសូមស្វែងរកប្រភេទ ជ្រូកណា ដែលមានត្រាត្រឹមត្រូវពីព្រោះជ្រូកនៅក្នុងស្រុកដែលចេញពីទីសត្តឃា.តស្របច្បាប់ គឺសុទ្ធតែមានត្រា ប៉ុន្តែក្តីបារម្ភ គឺខ្លាចតែមានករណីឃុបឃិតប្រពឹត្តខុសច្បាប់ ខណៈដែលគេដឹងថា សម្រាប់ទីផ្សារសាច់ជ្រូកនេះ អ្នកចិញ្ចឹមនៅក្នុងស្រុកក៏អាចនឹងមានសមត្ថភាពផ្គត់ផ្គង់ទីផ្សារសឹងតែបានគ្រប់គ្រាន់ដែរហើយ។

យោងតាមសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឲ្យដឹងថា នៅក្នុងមួយថ្ងៃតម្រូវការជ្រូកសម្រាប់ បម្រើការហូបចុករបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស គឺមានប្រមាណជាពី៩០០០ទៅ១០.០០០ ក្បាលនៅក្នុងមួយថ្ងៃ ស្របពេលដែលអ្នកចិញ្ចឹមនៅក្នុងស្រុកអាចមាន សមត្ថភាពផ្គត់ផ្គង់លើសពី ៧.០០០ ក្បាលទៅហើយ ។
សរុបមកវិញដើម្បីលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វក៏ដូចជា សមត្ថកិច្ចពាក់ព័ន្ធគួរពង្រឹងការគ្រប់គ្រងបញ្ហានេះឲ្យបានតឹងរ៉ឹង តាមនិន្នាការច្បាប់ ហើយអ្នកប្រពឹត្តិល្មើសត្រូវតែផ្តន្ទាទោសតាមច្បាប់ ចំណែកអ្នកហូបចុកក៏ គួរតែប្រុងប្រយ័ត្នខ្លះដែរ៕ដោយៈ ហេង ចេស្តារ

ចែករំលែកព័តមាននេះ