ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រម្លឹក​ជា​ថ្មី​ទៀត​ពី​ចំណីអាហារ​ដែល​ប៉ះពាល់​សុខភាព​កុមារ ពិសេស​សិស្សសាលា​ដែល​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​លក់​ក្នុង​សាលារៀន​មិន​ថា សាលារៀន​រដ្ឋ ឬ​សាលារៀន​ឯកជន​នោះ​ទេ​។ ក្រសួង​អប់រំ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រម្លឹក​ជា​ថ្មី​ទៀត​ពី​ចំណីអាហារ​ដែល​ប៉ះពាល់​សុខភាព​កុមារ ពិសេស​សិស្សសាលា​ដែល​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​លក់​ក្នុង​សាលារៀន​មិន​ថា សាលារៀន​រដ្ឋ ឬ​សាលារៀន​ឯកជន​នោះ​ទេ​។

ក្រសួង​អប់រំ ក៏​បាន​ចេញ​សេចក្តីណែនាំ​ច្រើន​ដង​ហើយ​ស្តី​ពី​ការ​ពង្រឹង​វិធានការ​អនុវត្ត​ការ​លើកកម្ពស់​សុវត្ថិភាព និង​សុខុមាលភាព​ចំណីអាហារ​នៅ​តាម​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​សាធារណៈ និង​ឯកជន​ក្នុង​ទិស​ដៅ​លើកកម្ពស់​សុវត្ថិភាព និង​សុខុមាលភាព​របស់​អ្នក​សិក្សា និង​បុគ្គលិក​អប់រំ​។

ទោះជា​យ៉ាងនេះ​ក៏​ដោយ ក្រសួង​អប់រំ​យុវជន និង​កីឡា សង្កេត​ឃើញ​ថា សិស្សានុសិស្ស​នៅ​តាម​គ្រឹះស្ថានសិក្សា​មួយ​ចំនួន​មាន​អាកា​រៈ​ពុល​ចំណីអាហារ ទន់ដៃទន់ជើង និង​ឈាន​ទៅ​ដួល​សន្ល​.​ប់​។

តាម​របាយការណ៍​របស់​មន្ត្រី​សុខាភិបាល មូលហេតុ​នៃ​អាកា​រៈ​ខាងលើ​នេះ បណ្តាល​មក​ពី​ការ​ទទួលទាន​ចំណីអាហារ​មិន​មាន​សុវត្ថិភាព និង​សុខុមាលភាព ការ​បរិភោគ​គ្មាន​តុល្យភាព ការ​គេង​មិន​គ្រប់គ្រាន់ បរិស្ថាន​សិក្សា​ខ្វះ​អនាម័យ ការ​ខ្វះចន្លោះ ក្នុង​ការ​គ្រប់គ្រង និង​ត្រួតពិនិត្យ​ការ​លក់ដូរ​ចំណីអាហារ និង​ការ​ចាត់វិធានការ​អនុវត្ត​ដែល​មិន​ទាន់​បាន​ល្អ​ប្រសើរ​នៅ​តាម​គ្រឹះស្ថានសិក្សា​។

នៅ​ពេល​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ផ្សព្វផ្សាយ​ម្តងទៀត​តាម​ហ្វេ​ស​ប៊ុ​ក​ពី​ចំណីអាហារ​ដែល​បង្ក​ហានិភ័យ​ដល់​សុខភាព​កុមារ និង​ហាមឃាត់​នៅ​ក្នុង​គ្រឹះស្ថានសិក្សា​មាន​ច្រើន​ប្រភេទ ជា​ប្រភេទ​នំ​កញ្ចប់ ចា​ហ៊ួ​យ​មាន​ថង់​ប្លា​ស្ទីក ប្រហិត សាច់ក្រក់​ចៀន​បំពង​ខ្លាញ់ ទឹក​ភេសជ្ជៈ STING ជើងមាន់​ស្រោប​ថង់​ប្លា​ស្ទីក​របស់​ចិន ឪឡឹក​ផ្អែម ដាក់​ក្នុង​កញ្ចប់​ផ្ទា​ស្ទីក ដែល​ជា​ផលិត​របស់​ចិន ទឹក​សឺ​រ៉ូ​លាយ​លក្ខ​ច្រើន​ពណ៌ ជាដើម​។

និយាយ​រួម ជា​ចំណីអាហារ​នំ​កញ្ចប់ និង​ផលិតផល​កញ្ចប់​ជា​ផលិតផល​ចាហួយ​ថៃ វៀតណាម ខ្មែរ និង​ចិន សុទ្ធតែ​ជា​ចំណីអាហារ ដែល​ក្រសួង​អប់រំ ប្រកាស​ថា មាន​ហានិភ័យ​ខ្ពស់​ចំពោះ​សុខភាព ពិសេស​សម្រាប់ ក្មេង​សិស្សសាលា​។

ការ​ប្រកាស​ផ្សព្វផ្សាយ​ពី​ហានិភ័យ​ដល់​សុខភាព កើត​ចេញពី​ចំណីអាហារ ប្រហិត​សាច់ក្រក់ ចៀន​បំពង​ខ្លាញ់ និង​ភេសជ្ជៈ STING ជាដើម​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​យូរ​មក​ហើយ​។ ក្នុង​នោះ ក្រសួង​អប់រំ​ក៏​បាន​ប្រកាស​ហាមឃាត់ មិន​ឱ្យ​លក់​ក្នុង​សាលារៀន​សម្រាប់​សិស្សានុសិស្ស​ឡើយ ពិសេស​នៅ​ថ្នាក់បឋមសិក្សា​។ ក៏​ប៉ុន្តែ​មក​ដល់​ពេល​នេះ​នំចំណី​អាហារ​ទាំងនោះ​នៅ​បន្ត​ដាក់​លក់​ក្នុង​សាលារៀន​ដដែល​។

ដើម្បី​ការពារ​សុខភាព ពិសេស​លើ​កុមារ នៅ​ថ្នាក់​ម​តេ​យ្យ និង​បឋម​សិក្សា ដែល​អាច​បង្ក​ដោយ​ចំណីអាហារ ដែល​ក្រសួង​អប់រំ​បាន​ប្រកាស​ហាមឃាត់​នេះ គឺ​នៅ​តាម​សាលារៀន​និ​មួយ​ៗ មិន​ថា​សាលារៀន​រដ្ឋ ឬ​សាលា​ឯកជន​ទេ នាយក​សាលា និង​ថ្នាក់ដឹកនាំ​សាលា ត្រូវ​ប្រជុំ​ដាក់​កំហិត​ជាមួយ​ក្រុម​អ្នកលក់​នំចំណី​អាហារ នៅ​ក្នុង​សាលារៀន ហើយ​ប្រាប់​ពី​នំចំណី​អាហារ​ណា ដែល​ក្រសួង​អប់រំ ប្រកាស​ណែនាំ​ថា មាន​ហានិភ័យ​ប៉ះពាល់​សុខភាព ដោយ​ឈប់​ឱ្យ​លក់​។

សាលា ត្រូវ​បង្កើត​ក្រុមការងារ​ពិសេស ត្រួតពិនិត្យ​រៀងរាល់ថ្ងៃ ឬ​ក៏​រៀង​រាល់​ស​ប្តា​ហ៍​លើ​នំចំណី​អាហារ ដែល​លក់​ក្នុង​សាលា​ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​ជំនាញ​មក​ពី​ឃុំ​សង្កាត់ ស្រុក​ខណ្ឌ​ក្រុង និង​មន្ទីរ​ជំនាញ​ផង​។ អ្នកលក់​ដូរ​ណា ល្មើស​នឹង​ការ​ណែនាំ​ត្រូវ​ឈប់​ឱ្យ​លក់​តទៅ​។

ក្រៅពី​នេះ អាណាព្យាបាល និង​ឪពុក​ម្តាយ​សិស្ស ត្រូវ​តែ​ណែនាំ​កូន ហើយ​រៀបចំ​នំចំណី​អាហារ និង​ទឹក​ភេសជ្ជៈ​សម្រាប់​កូន​ដែល​មិន​ប៉ះពាល់​សុខភាព ដាក់​តាម​ខ្លួន សម្រាប់​កូន​ញ៉ាំ​នៅ​ពេល​ចេញលេង​។ ត្រូវ​គិត​ពី​សុខភាព​របស់​កូនចៅ​អ្នក​ព្រោះ​បើ​ឈឺ គឺ​ឈឺ​កូនចៅ​អ្នក​នេះឯង​។ ក្នុង​នោះ មាន​រួច​ហើយ ក្មេង​ៗ ញ៉ាំ​នំ​កញ្ចប់ ឈាន​ដល់​ស្ទះ​ពោះវៀនធំ ហើយ​ក៏​ត្រូវ​វះកាត់​ទាំង​ក្មេង​ត្រឹម​អាយុ ៣​ឆ្នាំ​ប៉ុណ្ណោះ​។

ចំណែក​អ្នក​លក់ដូរ​យើង​វិញ គឺ​កុំ​គិតតែ​ពី​លុយ​ចំណេញ លើស​ពី​សុខភាព​អ្នក​ទទួលទាន​។ បើ​ដឹង​លឺ​ថា នំចំណី​អាហារ​ទាំងនោះ​ប៉ះពាល់​ដល់​សុខភាព​ហើយ ហេតុ​អ្វី​ក៏​នៅ​តែ​បន្ត​ទិញ​យក​មក​លក់​ឱ្យ​កូន​គេ​ញ៉ាំ​ទៀត?តើ​អ្នកលក់​នំចំណី​អាហារ​ទាំងនោះ​ហ៊ាន​ញ៉ាំ​ខ្លួនឯង​ហ៊ាន​ឱ្យ​កូនចៅ​ខ្លួនឯង បងប្អូន​ឯង ញ៉ាំ​ទេ?ចម្លើយ គឺ​ច្បាស់​ជា អ្នកលក់​ខ្លួន​ឯ​ឯ​មិន​ហ៊ាន​ញ៉ាំ​ឡើយ​។

យ៉ាងណាមិញ ដូច​ករណី​អ្នក​ដាំ​ស្វាយកែវ​រមៀត ដែល​ប្រើប្រាស់​ថ្នាំ​គីមី គឺ​មិន​ហ៊ាន​បេះ​ស្វាយ ដែល​ខ្លួន​ដាំ និង​មើលថែ​រាល់ថ្ងៃ ដោយ​ការ​បាញ់ថ្នាំ​នោះ​ទេ​។ សូ​ម្បី​តែ​អ្នក​ស្គាល់​រាប់អាន​គ្នា​ក៏​អ្នកចំការ​ធ្វើ​ស្វាយកែវ​រមៀត​ទុក​ប៉ុន្មាន​ដើម ដែល​មិន​បាញ់ថ្នាំ​សម្រាប់​បេះ​ទទួលទាន​ខ្លួនឯង និង​សម្រាប់​ឱ្យ​អ្នក​ស្គាល់គ្នា​ដែរ​។

នេះ​ហើយ​ជា​បញ្ហា​សម្រាប់​បងប្អូន​ខ្មែរ​យើង​មួយ​ចំនួន គឺ​ដឹង​ថា​របស់​នោះ ប្រើ​ថ្នាំ​គីមី ដែល​ទទួលទាន​ទៅ​នឹង​ប៉ះពាល់​សុខភាព​ហើយ តែ​នៅ​តែ​បេះ​លក់ ឬ​ក៏​ទិញ​យក​មក​លក់​បន្ត​ឱ្យ​គេ​ទិញ​ទទួលទាន ហើយ​ចង់​ប៉ះពាល់​សុខ ភាព​នរណា ក៏​ប៉ះពាល់​ទៅ កុំឱ្យ​ប៉ះ​កូនចៅ និង​សាច់ញាត្តិ​របស់​ខ្លួន​បាន​ហើយ​។ការ​រកស៊ី​បែប​នេះ គឺ​គ្មាន​សីលធម៌​ទេ​។ វា​អាច​ជា​សកម្មភាព​ធ្វើបាប​ក្មេង ឬ​សម្លាប់​.​ក្មេង​ដោយ​មិនដឹង​ខ្លួន​៕