ភ្នំពេញ៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានណែនាំអោយមន្ត្រីគណបក្សប្រជាជនកម្ពុជា សាងអំពើល្អ អោយបានគ្រប់ពេលវេលា ដើម្បីទាញយកបេះដូងប្រជាពលរដ្ឋ អោយពួកគាត់មានទំនុកចិត្ត អាណិត និងស្រលាញ់យើង រហូតឈានដល់បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាយើង បន្តដឹកនាំប្រទេសជាតិបន្តទៀត។
ការលើកឡើងរបស់លោក ឃួង ស្រេង បែបនេះ បានឡើងក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយសមាជិកគណបក្ស ក្រុមការងារគណបក្ស ចុះជួយមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ចំនួន ៥៣២នាក់ នាល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ នៅសាលមជ្ឈមណ្ឌលអាពាហ៍ពិពាហ៍លាភមង្គល ស្ថិតក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា ក្នុងនាមមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា យើងត្រូវបំរើប្រជាពលរដ្ឋ អោយបានគ្រប់ពេលវេលា មិនមែនធ្វើឡើងតែពេលបោះឆ្នោតនោះទេ គឺត្រូវបំរើពួកគាត់ ៥ឆ្នាំពេញ និងសូមអោយរក្សាអំពើល្អនេះ រហូតតទៅ ដើម្បីទាញយកបេះដូងពួកគាត់ អោយគោរព អាណិត ស្រលាញ់ និងជឿទុកចិត្ត មកលើមន្ត្រី គណបក្សប្រជាជនកម្ពុជារបស់យើង។ ក្នុងនាមសមាជិកបក្សប្រជាជនកម្ពុជា សូមបងប្អូនជួយផ្សព្វផ្សាយពីការពិតនូវស្នាដៃរបស់គណបក្សយើងអោយគេបានដឹង ដើម្បីវាយបក ចំពោះការឃោសនាភូតកុហករបស់ពួកអគតិមួយចំនួន។
លោក ឃួង ស្រេង បន្តទៀតថា គណបក្សប្រជាជនកម្ពុជាបានរំដោះអាយុជីវិតប្រជាពលរដ្ឋកម្ពុជាចំនួន ២លើករួចមកហើយ ក្នុងនោះទី១ គណបក្សប្រជាជនកម្ពុជា បានរំដោះអាយុជីវិត ប្រជាពលរដ្ឋ នៅទូទាំងប្រទេសចេញពីរបបប៉ុលពតនៅថ្ងៃទី០៧មករាឆ្នាំ១៩៧៩ និងទី២ បានរំដោះអាយុជីវិត ប្រជាពលរដ្ឋទូទាំងប្រទេស ចេញពីជំងឺកូវីដ-១៩ និងបានបើកឲ្យដំណើរការសេដ្ឋកិច្ចជាធម្មតាឡើងវិញ។
លោក ឃួង ស្រេង បន្ថែមទៀតថា ប្រទេសជាតិមានសន្តិភាពពេញលេញ ទើបយើងគ្រប់គ្នា មានឱកាស ក្នុងការរកស៊ីទទួលទាន និងកសាងអភិវឌ្ឍន៍ប្រទេស អោយរីកចំរើនរុងរឿងបាន។ដូច្នេះត្រូវគ្នារក្សាសន្តិភាពនេះ អោយបានគង់វង់ និងសូមអោយសមាជិកម្នាក់ ក្លាយជាសន្លឹកឆ្នោត ១សន្លឹករបស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោត ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីយើងមានឱកាសកសាងអភិវឌ្ឍន៍ប្រទេស អោយរីកចំរើនរុងរឿងបន្ថែមទៀត។
បន្ថែមពីនេះ លោក ឃួង ស្រេង បានជំរុញអោយអាជ្ញាធរខណ្ឌ សង្កាត់ មន្ត្រី និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវបើកយុទ្ធនាការតភ្ជាប់ Channel ផ្លូវការ ក្នុងបណ្តាញ Telegram សម្ដេចតេជោ ហ៊ុន សែន ឲ្យបានលឿន ពិសេសនៅតាមផ្ទះជួលកម្មករកាត់ដេរ ជាដើម៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ