រាជធានីភ្នំពេញ ៖ នៅកម្ពុជាយើង ពិសេសនៅភ្នំពេញបញ្ហាកកស្ទះចរាចរណ៍បានកើតឡើងយូរឆ្នាំណាស់មកហើយ ពិសេសនៅពេលម៉ោងចូល និងម៉ោងចេញពីរៀន-ធ្វើការ រៀងរាល់ថ្ងៃ។
![Picture]()
មកដល់ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រៅពីចរាចរណ៍កកស្ទះហើយនៅភ្នំពេញកន្លែងធ្វើការ និងតាមទីប្រជុំជនតំបន់រមណីយដ្ឋានកម្សាន្ត ព្រមទាំងតំបន់មាត់សមុទ្រជួបប្រទះនឹងវិបត្តិខ្វះចំណតសម្រាប់យានយន្តថែមទៀតផង។
មូលហេតុ ដោយសារតែកំណើនយានយន្ត ហើយទាំងកន្លែងការងារ និងទាំងកន្លែងកម្សាន្តសប្បាយនានារាប់ទាំងវត្តអារាមផង មិនបានគិតគូរដល់បញ្ហាចំណតឡានម៉ូតូឱ្យបានគ្រប់គ្រាន់ឡើយ។សម្រាប់ការធ្វើដំណើរនៅភ្នំពេញ សព្វថ្ងៃឡានម៉ូតូកាន់តែច្រើន ហើយម៉ូតូកង់បី ឬគេហៅថា តុកតុក ក៏មានកាន់តែច្រើន។ ភាគច្រើនម៉ូតូ ១គ្រឿង និងឡាន១គ្រឿងអ្នកជិះទៅធ្វើការ ឬទៅរៀនតែម្នាក់ប៉ុណ្ណោះ។
![Picture]()
ដូច្នេះ បើមនុស្ស៥នាក់ ត្រូវជិះដល់ម៉ូតូ៥គ្រឿង ឬក៏ឡាន៥គ្រឿង។ ទៅដល់សាលារៀនវិញកន្លែងផ្ញើម៉ូតូក៏ណែនពេញ ហើយកន្លែងចតឡាន ក៏រកតែកន្លែងចតក្នុងបរិវេណសាលាស្ទើរមិនបានរហូតសាលាខ្លះ ត្រូវឱ្យសិស្ស និងគ្រូចតឡានតាមចិញ្ចើមផ្លូវ និងចតលើទ្រូងផ្លូវជុំវិញសាលាថែមទៀត។
នៅកន្លែងធ្វើការក៏ដូចគ្នា មិនថា កន្លែងធ្វើការរដ្ឋ ក្រសួង ឬមន្ទីរទេ។ បរិវេណក្នុងក្រសួងមន្ទីរ ស្ថាប័នរដ្ឋ ភាគច្រើនតូចចង្អៀត។ ដូច្នេះហើយឡានបុគ្គលិក និងអ្នកទៅរកសេវាពីក្រសួងមន្ទីរត្រូវចតលើចិញ្ចើមផ្លូវ និងលើទ្រូងផ្លូវ តាមការរៀបចំរបស់ក្រុមសន្តិសុខនៅទីនោះ។
![Picture]()
តាមក្រុមហ៊ុន កន្លែងធ្វើការឯកជនក៏ដូចគ្នា។ ក្រុមហ៊ុនទោះជាមានអគារ ផ្ទះវីឡា ឬក៏ផ្ទះល្វែងក៏ដោយ ហើយកន្លែងខ្លះមានដល់ចំណតក្រុមដីផងក៏នៅតែមិនគ្រប់គ្រាន់សម្រាប់ឡានម៉ូតូបុគ្គលិក និងភ្ញៀវនោះទេ។ ដោយសារតែដូច្នេះហើយទើបកន្លែងធ្វើការខ្លះសុខចិត្តជួលផ្ទះ ឬទិញចំណតបន្ថែមសម្រាប់បុគ្គលិក និងភ្ញៀវ ហើយរហូតដល់ត្រូវបង្ខំចិត្តលក់ចំណតដល់បុគ្គលិកសម្រាប់ចតឡានថែមទៀតក៏មាន។
នៅតាមហាងកាហ្វេ ហាងគុយទាវ និងតាមផ្សារក៏ខ្វះចំណតដែរ សព្វថ្ងៃនៅភ្នំពេញ។ ក្រៅតែពីយកចិញ្ចើមផ្លូវធ្វើចំណតហើយ គឺហាងទាំងនោះក៏បានរំលោ.ភយកទ្រូងផ្លូវ ចតឡានម៉ូតូ រកតែដើរស្ទើរតែពុំបានថែមទៀត។បញ្ហាខ្វះចំណត ហើយយកផ្លូវធ្វើចំណតនេះបានបង្កការកកស្ទះចរាចរណ៍បន្ថែមលើចរាចរណ៍ដែលបានកកស្ទះ ហើយមិនមានវិធីដោះយូរឆ្នាំមកហើយ។
![Picture]()
ដូច្នេះពេលនេះ ល្មមដល់ពេលគិតគូរពីចំណត។ ការរៀបចំល្អត្រូវបានធ្វើឡើង គឺចំណតក្រោមដី។នៅអគារខ្ពស់ៗ សុទ្ធតែមានរៀបចំចំណតក្រោមដី នៅក្រោមអគាររបស់ខ្លួន។ ប៉ុន្តែចំណតទាំងនោះ មិនគ្រប់គ្រាន់ឡើយ។ តែអគារខ្ពស់ៗទាំងនោះបានរៀបចំ និងពង្រីកចំណតក្រោមបន្ថែមនៅក្រោមសួនច្បារសាធារណៈតួយ៉ាងដូចនៅសួនច្បារវត្តភ្នំ មុខស្ថានទូតអាមេរិក និងនៅសួនច្បារផ្សារចាស់ មុខសក្យមុនីចេតិយ៍ និងមុខស្ថានីយរថភ្លើង ដែលអគារវឌ្ឍនៈរៀបចំធ្វើចំណតក្រោមដី ហើយនៅសួនច្បារ ក៏មានដាំផ្កា ដើមឈើលម្អរ និងរៀបចំលម្អសួនច្បារគួរឱ្យទាក់ទាញ។
![Picture]()
ចំណតក្រោមដីនេះ ចំណាយដើមទុនច្រើន តែក៏អាចប្រើប្រាស់បានច្រើនយ៉ាង ហើយសួនច្បារ ក៏ត្រូវបានកែលម្អស្អាតដូចនៅស្រុកគេជឿនលឿនដែរ។ យើងមានសួនច្បារច្រើនកន្លែងទៀតមិនថា នៅភ្នំពេញ ឬនៅតាមបណ្តាខេត្តទីប្រជុំជននោះទេដែលអាចរៀបចំជាចំណតក្រោមដី ឬក៏រៀបចំជាចំណតឡានម៉ូតូឱ្យបានច្រើន។
![Picture]()
បើរាជរដ្ឋាភិបាលមិនមានលទ្ធភាពក្នុងការរៀបចំចំណតនេះទេ គឺអាចរកក្រុមហ៊ុនឯកជន វិនិយោគ ហើយធ្វើជាចំណតបង់លុយដូចដែលបានធ្វើរួចហើយនៅសួនច្បារផ្សារចាស់ និងសួនច្បារវត្តភ្នំ មុខស្ថានទូតអាមេរិកជាដើម។ នេះជាវិធីមួយដោះស្រាយបានទាំងចំណត និងចូលរួមដោះស្រាយបានទាំងការកកស្ទះចរាចរណ៍ផងដែរ៕
ចែករំលែកព័តមាននេះ