ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ធំ​! Barca ប្រឈម​កាត់​ចេញពី La Liga ក្រោយ​រក​ឃើញ​សូកប៉ាន់​​អតីតអនុ​ប្រធាន​អាជ្ញាកណ្តាល

1 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ កាលពី​ថ្ងៃ​ទី​១៥ ខែកុម្ភៈ កន្លង​ទៅ រឿង​ដ៏​ភ្ញាក់ផ្អើល​មួយ បាន​ផ្ទុះ​ឡើង នៅ​ប្រទេស​អេ​ស្ប៉ា​

អេ​ស្ប៉ា​ញ ៖ កាលពី​ថ្ងៃ​ទី​១៥ ខែកុម្ភៈ កន្លង​ទៅ រឿង​ដ៏​ភ្ញាក់ផ្អើល​មួយ បាន​ផ្ទុះ​ឡើង នៅ​ប្រទេស​អេ​ស្ប៉ា​ញ បន្ទាប់​ពី​ក្លិប FC Barcelona អាច​ប្រឈម​មុខ​នឹង​ការ​ដាក់​ទណ្ឌកម្ម​យ៉ាងធ្ងន់ធ្ងរ ដូច​ជា​ត្រូវ​កាត់​ពិន្ទុ ឬ​កាត់​ចេញពី​ក្រប​ខណ្ឌ​លី​គ​កំពូល​អេ​ស្ប៉ា​ញ La Liga ជាដើម ក្រោយ​ក្លិប​រហស្សនាម «​អ្នកមាន​បុណ្យ​» មួយ​នេះ ត្រូវ​បាន​ចោទប្រកាន់​ថា បាន​សូកប៉ាន់​អតីត​អនុប្រធាន​គណៈកម្មាធិការ​បច្ចេក ទេស​អាជ្ញាកណ្តាល លោក Jose Maria Enriquez Negreira ជាមួយ​ទឹកប្រាក់ ១.៤​លាន​អឺ​រ៉ូ ស្មើនឹង ១.៥​លាន​ដុល្លារ​អា​មេ​រិ​ក អំឡុង​ពេល​ការ​គ្រប់គ្រង​របស់​លោក Josep Bartomeu អតីត​ប្រធាន​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ​។

លោក Negreira បាន​កាន់​តួនាទី​របស់​គាត់ នៅ​សហព័ន្ធ​បាល់ទាត់​អេ​ស្ប៉ា​ញ​ពី​ឆ្នាំ ១៩៩៤ ដល់​ឆ្នាំ ២០១៨ ហើយ​ចាប់ពី​ឆ្នាំ ២០១៦ ដល់​ឆ្នាំ ២០១៨ ការិយាល័យ​ព្រះរាជអាជ្ញា​ទីក្រុង​បា​សេ​ឡូ​ណា បាន​ចោទប្រកាន់​ថា ក្លិប Barcelona បាន​បង់ប្រាក់​ចំនួន ១.៤​លាន​អឺ​រ៉ូ ទៅ​ឱ្យ​ក្រុមហ៊ុន​របស់​លោក Negreira ដែល​មានឈ្មោះ​ថា DASNIL 95 ។

អំឡុង​ពេល​ផ្តល់​សក្ខីកម្ម ចំពោះ​មុខ​ការិយាល័យ​ព្រះរាជអាជ្ញា លោក Negreira និង​កូនប្រុស​គាត់ បាន​បដិសេធ​ថា Barcelona មិន​បាន​ទទួល​ការ​អនុគ្រោះ​ណាមួយ តាម​ការ​សម្រេច​របស់​អាជ្ញាកណ្តាល​នោះ​ទេ​។ ពួក​គេ​បាន​អះអាង​ថា ប្រាក់​ត្រូវ​បាន​បង់​ដោយសារ​ការងារ​ប្រឹក្សា ដែល​លោក Negreira អនុវត្ត​អំពី​របៀប​ដែល​កីឡាករ​គួរ​មាន​អាកប្បកិរិយា​ចំពោះ​អាជ្ញាកណ្តាល ហើយ​គាត់​ក៏​បាន​ផ្តល់​ការ​ណែនាំ​អ្វី​ដែល​ពួក​គេ​អាច​ធ្វើ ឬ​មិន​អាច​ធ្វើ​លើ​មន្ត្រី​ណា​ម្នាក់ ដែល​កំពុង​កាត់សេចក្តី​ក្នុង​ការ​ប្រកួត​ជាក់លាក់​មួយ​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ មក​ទល់​ពេល​នេះ លោក Negreira ត្រូវ​បាន​រាយការណ៍​ថា គ្មាន​ឯកសារ​ណាមួយ​បង្ហាញ​ថា គាត់​បាន​ផ្តល់​សេវាកម្ម​ទាំងនេះ សម្រាប់​ក្លិប FC Barcelona នោះ​ទេ​។

ពាក់ព័ន្ធ​ជុំវិញ​ការ​ចោទប្រកាន់​នេះ ក្លិប Barcelona បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង តាម​រយៈ​សេចក្តីថ្លែងការណ៍​មួយ ដោយ​អះអាង​ថា ខ្លួន​ពិតជា​បាន​ជួល​សេវាកម្ម​របស់​អ្នក​ប្រឹក្សា​បច្ចេកទេស​ខាងក្រៅ​មែន ប៉ុន្តែ​បាន​បដិសេធ​រាល់​កំហុសឆ្គង និង​ការ​ចោទប្រកាន់​ទាំងអស់ ស្រប​ពេល​ដែល​ព័ត៌មាន​នេះ បាន​ផ្ទុះ​ឡើង នៅ​ពេល​ដែល​ក្រុម Barcelona កំពុង​កាន់កាប់​កំពូល​តារាង La Liga រដូវ​កាល​នេះ ដោយ​ដាច់ ៨​ពិន្ទុ​ពី​ក្រុម​គូប្រជែង Real Madrid ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​២​។

ករណី​របស់​ក្លិប Barcelona គឺ​ស្រ​ដៀង​គ្នា ទៅ​នឹង​ក្លិប​មេឃ​ខៀវ Manchester City ដែល​កំពុង​ប្រឈម​មុខ ដែល​នឹង​ត្រូវ​កាត់​ពិន្ទុ ឬ​កាត់​ចេញពី​ក្រប​ខណ្ឌ English Premier League បន្ទាប់​ពី​រង​ការ​ចោទប្រកាន់​ពី​លី​គ​កំពូល​អង់គ្លេស​មួយ​នេះ កាលពី​ពេល​ថ្មី​ៗ​នេះ ថា បំពាន​ច្បាប់​ហិរញ្ញវត្ថុ​របស់​ខ្លួន​ជាង ១០០​លើក ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​កន្លង​មកនេះ​។ ដោយ​ពួក​គេ​ខក​ខានមិនបាន​ផ្តល់​ព័ត៌មាន​លំអិត​ផ្នែក​ហិរញ្ញវត្ថុ​ត្រឹមត្រូវ​ស្រប​តាម​ច្បាប់​របស់ Premier League ចាប់ពី​រដូវ​កាល ២០០៩-១០ ដល់ ២០១៧-១៨៕ (​ដកស្រង់​ចេញពី Forbes និង The Athletic)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ