ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​កាលៈទេសៈ​ដែល​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក និង​កម្ពុជា​នៅ​ក្នុង​ភាព​មិន​ច្បាស់លាស់​ដូច​ពេល​បច្ចុប្បន្ន ការ​ទិញ​មាស​ទុក​អាច​មាន​ស្ថានភាព​ប្រសើរ​ជាង​ការ​ទិញ​អចលនៈទ្រព្យ ប្រសិនបើ​ត្រូវការ​ដោះ​ដូរ​ឆាប់​ៗ និង​ទូទាត់​ទាន់ចិត្ត​។ មក​ដល់​ឆ្នាំ​២០២៣​នេះ ស្ថានភាព​អចលនទ្រព្យ​នៅ​លើ​ពិភពលោក ជា​ពិសេស​នៅ​ក្នុង​ប្រទេស​ផ្ទាល់​តែ​ម្តង…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​កាលៈទេសៈ​ដែល​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក និង​កម្ពុជា​នៅ​ក្នុង​ភាព​មិន​ច្បាស់លាស់​ដូច​ពេល​បច្ចុប្បន្ន ការ​ទិញ​មាស​ទុក​អាច​មាន​ស្ថានភាព​ប្រសើរ​ជាង​ការ​ទិញ​អចលនៈទ្រព្យ ប្រសិនបើ​ត្រូវការ​ដោះ​ដូរ​ឆាប់​ៗ និង​ទូទាត់​ទាន់ចិត្ត​។

Picture

មក​ដល់​ឆ្នាំ​២០២៣​នេះ ស្ថានភាព​អចលនទ្រព្យ​នៅ​លើ​ពិភពលោក ជា​ពិសេស​នៅ​ក្នុង​ប្រទេស​ផ្ទាល់​តែ​ម្តង គឺ​មាន​សភាព​ស្ងប់ស្ងាត់​ខុស​ពី​ធម្មតា​ខណៈ​ដែល​តម្លៃ​ហាក់​មិន​ប្រែប្រួល​មិន​ចុះ​មិន​ឡើង តែ​លក់​មិន​ចេញ​ដោយសារ​តែ​មិនសូវ​មាន​អ្នកទិញ ប៉ុន្តែ​បើ​កុន​លុយ​ខ្លាំង គឺ​មាន​តែ​លក់​បញ្ចុះតម្លៃ​ខ្លាំង ពោល គឺ​សឹងតែ​ដូច​ការ​ប្រកាស​លក់​ឡៃ​ឡុ​ង​ទៅ​ហើយ​។

សម្រាប់​រយៈពេល​ខ្លី​នៅ​ឆ្នាំ​២០២៣ នេះ​ការ​វិនិយោគ​លើ​អចលនៈទ្រព្យ គឺ​កំពុង​ស្ថិត នៅ​ក្នុង​ស្ថានភាព​ពិបាក​មែនទែន​នៅ​ក្នុង​ការ​ទិញ​លក់​ដែល​ខុស​ពី​ហាងឆេង​មាស ដែល​កំពុង​តែ​ឡើង​ស្រឺ​ត​ៗ​ខណៈ​ដែល​ក្រុម​អ្នកវិភាគ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​បាន​អះអាង​ថា ហាងឆេង​មាស​កំពុង​តែ​ឡើង ខណៈ​សេដ្ឋកិច្ច​សាកល​មាន​ស្ថានភាព​មិន​នឹងនរ​ហើយ​ធនាគារ កណ្តាល​នៅ​ប្រទេស​ជា​ច្រើន​បាន​សម្រុក​ទិញ​ចូល​ជា​ទុនបម្រុង​ជា​បន្តបន្ទាប់​។

Picture

នៅ​កម្ពុជា​ហាងឆេង​មាស គឺ​កំពុង​ប្រសើរ ស្រប​តាម​ការ​ព្យាករណ៍​របស់​ពិភពលោក ហើយ​កម្រិត​នៃ​ការ​ប្រែប្រួល​តម្លៃ​នៅ​ក្នុង​ស្ថានភាព​មួយ​តិចតួច ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺថា ងាយ​លក់ និង​ងាយ​ជួញដូ ដែល​ខុស​ពី​អចលនទ្រព្យ​ដែល​ទាមទារ​ពេលវេលា​យូរ អំណត់ ហើយ​អាច​នឹង​កប់ដើម​ចោល​រាប់​ឆ្នាំ​។

ជា​ការ​ពិត​នៅ​ក្នុង​ការ​វិនិយោគ​រយៈពេល​យូរ គឺ​អាច​ទិញ​អចលនៈទ្រព្យ ប៉ុន្តែ​វា​ទាមទារ​ការ​អំណត់ និង​តស៊ូ​នឹង​ការ​កប់ដើម​រាប់​ឆ្នាំ​ក៏​មាន ប៉ុន្តែ​នៅ​ក្នុង​ការ​ទិញ​ដូរ​មាស​ដំណើរការ​នៃ​ការ​ទិញ​លក់ គឺ​នៅ​ក្នុង​កម្រិត​ត្រឹម​នាទី​តែ​ប៉ុណ្ណោះ ហើយ​វា​មាន​ហាងឆេង​កំណត់​ច្បាស់លាស់​តែ​ម្តង​។

Picture

កាលពីដើម​ឆ្នាំ​ពោល គឺ​នៅ​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០២៣ ហាងឆេង​មាស មាសគីឡូ​គឺ​២.២១០​ដុល្លារ ផ្លា​ទី​ន​ទឹក​៧៥ គឺ​១.៦៦០ ដុល្លារ ហើយ​សម្រាប់​ផ្លា​ទី​ន​ទឹក​៧០ គឺ​១.៥៥០ នៅ​ក្នុង​មួយ​តម្លឹង ដោយ​តម្លៃ​នេះ គឺជា​តម្លៃ​លក់​ចេញ តែ​តម្លៃ​ទិញ​ចូល​វិញ​មាសគីឡូ​មួយ​តម្លឹង​២.១១០ ដុល្លារ ផ្លា​ទី​ន​ទឹក​៧៥ តម្លៃ​១.៥៦០ ដុល្លារ និង​ផ្លា​ទី​ន​ទឹក​៧០ គឺ​១.៤៥០ ដុល្លារ នៅ​ក្នុង​មួយ​តម្លឹង​។

មក​ដល់​ថ្ងៃ​ទី​០៣ ខែ កុម្ភៈ ឆ្នាំ​២០២៣ តម្លៃ​លក់​ចេញ​នៃ​មាសគីឡូ​ឡើង​ដល់ ២.៣២០​ដុល្លារ ផ្លា​ទី​ន​ទឹក​៧៥ ឡើង​ដល់​១.៧៤០​ដុល្លារ ផ្លា​ទី​ន​ទឹក​៧០ ឡើង​ដល់ ១.៦៣០​ដុល្លារ រីឯ​តម្លៃ​លក់​ចេញ​វិញ​គឺ មាសគីឡូ គឺ​២.២២០​ដុល្លារ ផ្លា​ទី​ន​ទឹក​៧៥​គឺ​១.៦៤០​ដុល្លារ និង​ផ្លា​ទី​ន​ទឹក​៧០ គឺ ១.៥៣០ ដុល្លារ​នៅ​ក្នុង​មួយ​តម្លឹង ។

Picture

មក​ដល់​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៣ ហាងឆេង​មាស​ធ្លាក់​ចុះ​បន្តិច ដោយ​មាស គីឡូ​តម្លៃ​លក់​ចេញ​ចុះ​មក​នៅ​ត្រឹម​២.២៦០ ដុល្លារ ផ្លា​ទី​ន​ទឹក​៧៥ តម្លៃ ១.៦៩០ ដុល្លារ ហើយ​ផ្លា​ទី​ន​ទឹក​៧០​គឺ​១.៥៨០ ដុល្លារ​នៅ​ក្នុង​មួយ​តម្លឹង ខណៈ​ដែល​តម្លៃ​ទិញ​ចូល​វិញ​គឺ​២.១៦០ ដុល្លារ ផ្លា​ទី​ន​ទឹក ៧៥ គឺ ១.៥៩០ ដុល្លារ និង​ផ្លា​ទី​ន​ទឹក​៧០​គឺ ១.៤៨០​ដុល្លារ នៅ​ក្នុង​មួយ​តម្លឹង ។នេះ គឺជា​ការ​សង្កេត​នៅ​លើ​ទីផ្សារ​មាស​នៅ​ក្នុង​ប្រទេស​កម្ពុជា សម្រាប់​ទីផ្សារ​ពិភពលោក​នៅ​ក្នុង​ឆ្នាំ​២០២៣​នេះ ត្រូវ​បាន​អ្នកជំនាញ​អះអាង​ថា វា​នឹង​បន្ត​ឡើង​ចុះ​និង​ប្រែប្រួល​រហូត​ដល់​តម្លៃលើស​ពី​៣.០០០ ដុល្លារ​ទៅ​ទៀត​សម្រាប់​ឆ្នាំ​នេះ ខណៈ​ដែល​ប្រទេស​នានា​ដូច​ជា ចិន ឥណ្ឌា និង​ជប៉ុន​ជាដើម​បាន​ប្រមូល​ទិញ​មាស​ស្តុក​ចូល​។

តាម​សេចក្តីរាយការណ៍​ព័ត៌មាន​របស់​បណ្តាញ​ព័ត៌មាន​ស៊ី​អេ​ន​ប៊ី​ស៊ី (CNBC)​បាន​ឲ្យ​ដឹង​ថា ហាងឆេង​មាស​នឹង​កើនឡើង​ខ្ពស់​ក្នុង​រយៈពេល​ប្រាំមួយ​ខែ​ដំបូង​ឆ្នាំ​២០២៣ ហើយ​អាច​បន្ត ឡើង​ថែម​ទៀត​ដោយសារ​តែ​អ​ស្ថេ​ភាព​នៃ​សង្គ្រាម​រវាង​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន ក៏​ដូច​ជា​បញ្ហា​ទណ្ឌកម្ម ។ប្រភព​ដដែល​បាន​បន្ត​ថា នៅ​មុន​ដំណាច់ឆ្នាំ​២០២៣ ប្រមាណ​ជា​១​ត្រីមាស​តម្លៃ​មាស​នៅ​លើ​ទីផ្សារ​អន្តរជាតិ គឺ​មាន​តម្លៃ​ប្រមាណ​ជា​២.៤៥០​ដុល្លារ​នៅ​ក្នុង​មួយ​តម្លឹង ប៉ុន្តែ​នៅ​ពេល​ដំណាច់ឆ្នាំ គឺ​ឡើង​២.៤៦៦​ដុល្លារ​នៅ​ក្នុង​មួយ​តម្លឹង​។

Picture

ទោះបីជា​តម្លៃ​មាស​បាន​ធ្លាក់​ចុះ ជា​ទូទៅ​ចាប់​តាំងនៅ​អំឡុង​ខែវិច្ឆិកា ឆ្នាំ​មុន ប៉ុន្តែ​ដោយសារ​ភាព​ចលាចល​ទីផ្សារ​ការ​កើនឡើង​ការ​រំពឹង​ទុក​នៃ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច និង​ការ​ទិញ​មាស​កាន់តែ​ច្រើន​ពី​ធនាគារកណ្តាល​នាំ​ឲ្យ​តម្លៃ​វា​មាន​ហាងឆេង​ខ្ពស់​ឡើង​វិញ​។

លោក អោ​ល ហាន​សេន ( Ole Hansen) ប្រធាន​យុទ្ធសាស្ត្រ​ទំនិញ​នៅ​ធនាគារ Saxo Bank ដែល​ជា​ធនាគារ​មួយ​នៅ​ហូ​ឡង់​បាន​និយាយ សេចក្តី​ព្រួយបារម្ភ​អំពី​វិបត្តិ​សេដ្ឋកិច្ច​សាកល​ដោយសារ​តែ​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​នៅ​អា​មេ​រិ​ក និង​ចិន​បូក​រួម​នឹង​ហានិភ័យ​នៃ​ភាព​មិន​ច្បាស់លាស់​នៃ​តម្លៃ​ទីផ្សារ​ភាគហ៊ុន ការ​រំពឹង​ទុក​នៃ​អ​ស្ថេ​រ​ភាព​នៃ​ប្រាក់​ដុល្លារ ហើយ​កម្រិត​អតិផរណា​មិន​អាច​ទាញ​មក​នៅ​ត្រឹម​៣% ដូចដែល​គេ​រំពឹង​ទុក គឺ​សុទ្ធសឹងតែ​ជា​បញ្ហា​ដែល​រុញច្រាន​ឲ្យ​ហាងឆេង​មាស​ឡើងថ្លៃ ។លោក​បាន​អះអាង​ថា បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​ហាងឆេង​មាស​នឹង​ចាប់ផ្តើម​ឡើងជា​បន្តបន្ទាប់​ចាប់តាំងពី​២.៤៥០​ដុល្លារ​នៅ​ក្នុង​មួយ​តម្លឹង កាលពី​ឆ្នាំ​២០២២ ទៅ​២.៤៦០ ដុល្លារ​ទៅ​២.៥០០ ដុល្លារ​នឹង​អាច​ឡើងជា​បន្តបន្ទាប់​ទៀត​។

Picture
រូបតំណាង

លោក អេ​រិ​ន ស្ត្រេ​ន ( Eric Strand )​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​រ៉ែ​មាស AuAg ESG Gold Mining ETF បាន​និយាយ​ថា ការ​ជំរុញ​យ៉ាង​ពេញទំហឹង​ដោយ​ធនាគារកណ្តាល​នានា​នៅ​ឆ្នាំ​នេះ ទំនងជា​មាន​ផល​ប៉ះពាល់​យ៉ាង​សំខាន់​សម្រាប់ តម្លៃ​ហាងឆេង មាស​សាកល​។

លោក​បាន​អះអាង​កាលពី​ខែ​មុន​ថា ហាងឆេង​មាស​នៅ​ឆ្នាំ​២០២៣​នឹង​ឡើង​ខ្ពស់​លើស​ពី​២.៧៩០​ដុល្លារ​នៅ​ក្នុង​មួយ​តម្លឹង ដោយសារ​ធនាគារកណ្តាល​នៅ​ប្រទេស​ជា​ច្រើន​បាន​បន្ត​ប្រមូល​មាស​ដើម្បី​បន្ថែម​ទុនបម្រុង​របស់​ពួក​គេ​ជាមួយនឹង​កំណត់​ត្រា​ថ្មី​មួយ​ដែល​បាន​កំណត់​សម្រាប់​តួរ​លេខ​ប្រចាំឆ្នាំ​។​ពាក់ព័ន្ធ​នឹង​វិស័យ​សំណង់ និង​អចលនៈទ្រព្យ​វិញ​មិន​ថា តែ​នៅ​កម្ពុជា​នោះ​ទេ នៅ​លើ​ពិភពលោក គឺ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មិន​ប្រាកដប្រជា ។

Picture

ថ្មី​ៗ​នេះ លោក រង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​អះអាង​ថា នៅ​កម្ពុ​ជានា​ឆ្នាំ​២០២៣ វិស័យ​នេះ​អាច​មាន​កំណើន​តែ​យឺត​ណាស់ ទោះបីជា​វិស័យ​នេះ​ជា​ច​ន្ទុ​ល​សេដ្ឋកិច្ច​មួយ​ក៏​ដោយ ។លោក​បាន​អះអាង​ថា ហានិភ័យ​នៃ​ការ​ខ្វះ​ឥណទាន ឬ​វិបត្តិ​ឥណទាន​នៅ​ក្នុង​វិស័យ​នេះ គឺជា​ប្រភព​សំខាន់ ដូច្នេះ​ស្ថានភាព​នៃ​វិស័យ​នេះ ដែល​បាន​យ៉ាប់​យឺន​តាំងពី​ឆ្នាំ​២០២២ ដល់​ឆ្នាំ​២០២៣​នឹង​បន្ត​តឹងតែង​ទៀត ហើយ​ការ​ងើបឡើង​នៅ​លើ​វិស័យ​នេះ គឺ​អាច​អូស​បន្លាយ ប្រសិនបើ​បរិយាកាស​ខាងក្រៅ​នៅ​តែ មាន​បញ្ហា ។

សរុប​មក​វិញ​ប្រសិនបើ​ចង់​ងាយស្រួល​ទិញ​លក់​មាស គឺ​ប្រសើរ​ជា​អចលនទ្រព្យ ពីព្រោះ​ទីផ្សារ​មាស​នៅ​តែ​សំខាន់ ខណៈ​ដែល​សំណង់​និង​អចលនទ្រព្យ វា​អាច​ចំណេញ​ធំ តែ​វា​ក៏​អាច​នឹង​កប់ដើម​រយៈពេល​យូរ​បន្ថែម​ទៀត ហើយ​បើ​ត្រូវការ​បន្ទាន់​គឺ​មាន​តែ​ប្រឈម​មុខ​នឹង​ការ​ខាតបង់​ធំ​រាប់​ម៉ឺន​ដុល្លារ​ក៏​មាន​ផង​ដែរ​៕​ដោយៈ ហេង ចេស្តារ