ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ប្រឹង​កា.ប់​ឈើ​ធ្វើ​ឧស ឈ្មួញ​សម្រុក​ប្រមូល​ទិញ​ដឹក​ទៅ​វៀតណាម

6 ឆ្នាំ មុន

ខេត្តក្រចេះ ៖ ដើមឈើ​ព្រៃតូច​ធំ​គ្រប់​ប្រភេទ ដែល​មានមុខ​កាត់​ចាប់ពី​១​តឹក​ឡើង​ទៅ ត្រូវ​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ​មួយ​ចំនួន​ជាប់​នឹង​ផ្លូវជាតិ

ខេត្តក្រចេះ ៖ ដើមឈើ​ព្រៃតូច​ធំ​គ្រប់​ប្រភេទ ដែល​មានមុខ​កាត់​ចាប់ពី​១​តឹក​ឡើង​ទៅ ត្រូវ​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ​មួយ​ចំនួន​ជាប់​នឹង​ផ្លូវជាតិ បាន​សម្រុក​កាប់​អារកាត់​ជា​កង់​ៗ​ពី​តាម​កន្ទុយ​ដីស្រែ​ខាងក្រោយ​ភូមិ និង​នៅ​តាម​ព្រៃ​នានា​ដឹក​ជញ្ជូន​ប្រមូល​លក់​ឲ្យ​ឈ្មួញ​នាំ​ចេញ​។ ការ​សម្រុក​កាប់​ឈើ​ធ្វើ​ជា​ឧស​ដែល​ស្ថាប័ន​ជំនាញ​មេព្រៃ​ថា ជា​ប្រភេទ​ឈើ​ក្រៅ​លំដាប់ថ្នាក់ និង​មាន​មានការ​ហាមឃាត់​នោះ គឺ​ត្រូវ​បាន​ពល​ល​រដ្ឋ​រស់នៅ​តា​ឃុំ​មួយ​ចំនួន​ក្នុងស្រុក​ស្នួល និង​ស្រុក​ចិត្រ​បុរី បាន និង​កំពុង​តែ​មាន​សកម្មភាព​កាប់​អារកាត់​យ៉ាង​គគ្រឹកគគ្រេង​ក្នុង​អំឡុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​តម្លៃ​ទីផ្សារ​ឧស​កំពុង​តែ​មាន​ហាងឆេង​ខ្ពស់​សម្រាប់​ឈ្មួញ​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​។ បើ​ទោះជា​មានការ​លើក​ឡើង​ពី​អាជ្ញាធរ​ជំនាញ​បែប​នេះ​ក្តី ក៏​មាន​មជ្ឈដ្ឋាន​ជា​ច្រើន​បាន​អំពាវនាវ​ឲ្យ​អាជ្ញា​ធរមាន​វិធានការ​ទប់ស្កាត់​បន្ទាន់ ខណៈ​ដែល​ស្ថានភាព​កាត់​អារ​បាន​ធ្វើ​ឡើង​យ៉ាង​រង្គាល​ទៅ​លើ​កូន​ឈើ​ព្រៃ​គ្រប់​ប្រភេទ សូ​ម្បី​តែ​ដើម​ចារ​ដែល​ដុះ​នៅ​កន្ទុយ​ដីស្រែ សម្រាប់​ទុក​ធ្វើ​ជា​ម្លប់​ជ្រក​ក៏​ត្រូវ​បាន​កាប់​កាត់​អារ​គ្មាន​សល់​។

សំឡេង​រណា​យន្ត ដែល​ត្រូវ​អ្នក​ភូមិ​បញ្ឆេះ​រោទ៍ ដើម្បី​កាត់​អារឈើ​ឧស​ជា​កង់​ៗ​បាន​បាន​លាន់ឮ​គង​រំពេ​ង​ខាងក្រោយ​ភូមិ ពិសេស​នៅ​តាម​កន្ទុយ​ដីស្រែ​ខាងក្រោយ​ភូមិ តាម​ភូមិ​ផ្សេង​ៗ​ដែល​សម្បូរ​ទៅ​ដោយ​ឈើ​ឧស​ត្រូវ​បាន​អ្នក​ភូមិ​កាប់​យក​មក​កាត់​ចិញ្ច្រាំ​ជា​កង់​ៗ​ប្រវែង​១​ម៉ែត្រ ចាប់​មុខកាត់​មាន​ទំហំ​១​តឹក​ឡើង​ទៅ​។ ឈើ​ឧស​ទាំងនោះ គឺ​ត្រូវ​ពួក​គាត់​កាត់​អារ​មិន​រើស​ប្រភេទ សូ​ម្បី​តែ​ដើម​ចារ​ដែល​ដុះ​នៅ​កន្ទុយ​ដីស្រែ គ្រាន់​ធ្វើ​ជា​ម្លប់​ជ្រក ក៏​ត្រូវ​កាប់​ផ្តួល និង​កាត់​អារ​ជា​កង់​ៗ​ដែរ​។ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​កន្ទួតស្រុក ចិត្រ​បុរី បាន​ឲ្យ​ដឹង​ថា មាន​ពលរដ្ឋ​ជា​ច្រើន​រយ​នាក់​សព្វថ្ងៃ បាន​បង្វែរ​ពី​ការ​ធ្វើ​របរ​កសិកម្ម​ទៅ​ប​ង្កើ​រ​របរ​កាត់​ឧស​លក់​។ ពួក​គាត់​ថា របរ​កាត់​ឧស​លក់ បើ​ទោះបីជា​នឿយហត់​បន្តិច​មែន​តែ​ងាយ​នឹង​រក​ប្រាក់​ចំណេញ​បាន​ច្រើន​យ៉ាង​ឆាប់រហ័ស​។ ឈើ​ឧស​ដែល​សុទ្ធ​សឹង​ជា​ឈើ​ចម្រុះ​ទាំង​អស់នោះ ត្រូវ​បាន​ពួក​គាត់​កាត់​អារច្រៀក​នៅ​តាម​ព្រៃ​នានា និង​តាម​កន្ទុយ​ដីស្រែ​ខាងក្រោយ​ភូមិ រួច​ដឹក​ប្រមូល​ទុកជា​គំនរ​នៅ​តាម​ចិញ្ចើម​ផ្លូវ​មុខ​ផ្ទះ​សម្រាប់​លក់​ឲ្យ​ឈ្មួញ ដែល​មាន​ឡាន​ដើរ​ប្រមូល​ទិញ​ជា​ប្រចាំ​ថ្ងៃ​។​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​កន្ទួត​ដដែល​នោះ បាន​ប្រាប់​ឲ្យ​ដឹង​ថា តម្លៃ​លក់ គឺ​ឈ្មួញកណ្តាល​បាន​គិត​ជា​ម៉ែត្រ ក្នុង​មួយ​ម៉ែត្រ​បាន​ជិត​៤​ម៉ឺន​រៀល ហើយ​ប្រសិនបើ​ឧស​ទាំងនោះ​មាន​សភាព​ល្អ មិន​ប្រហោង​កណ្តាល គឺ​លក់​បាន​ដល់​ទៅ​ជាង​៨​ម៉ឺន​រៀល​។

ក្នុង​មួយ​ថ្ងៃ​ៗ​ពួក គាត់​អាច​រក​ប្រាក់​ចំណូល​ចូល​ផ្ទះ​បាន​ដល់​ទៅ​ជាង​១០​ម៉ឺន​រៀល​ពី​ការ​កាត់​ឧស​លក់​។ ពួក​គាត់​លើក​ឡើង​ថា របរ​កាត់​ឧស​លក់​នេះ មិន​មានការ​យាយី​ពី​អាជ្ញាធរ ឬ​ស្ថាប័ន ជំនាញ​ណាមួយ​នោះ​ទេ​។ ដោយ​គ្រាន់តែ​អាជ្ញាធរ​បង្គាប់​ឲ្យ​ពលរដ្ឋ​ធ្វើការ​ដឹក​ជញ្ជូន និង​រៀប​គំនរ​ឧស​ឲ្យ​មាន​សណ្តាប់ធ្នាប់​តែ​ប៉ុណ្ណោះ​។ ជាមួយនឹង​របរ​កាត់​អារ​ឧស​របស់​ពលរដ្ឋ​ទាំងនេះ ក្រុម​មន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹង​ថា ឧស​ដែល​ពួក​គាត់​កាប់ និង​កាត់​អារ​នេះ ជា​ប្រភេទ​ឈើ​ក្រៅ​លំដាប់ថ្នាក់ ដែល​ពួក​គាត់​បាន​កាត់​អារ​ពី​ព្រៃ​ខាងក្រោយ​ភូមិ​។ បើ​តាម​សេចក្តីរាយការណ៍​នានា​បាន​ឲ្យ​ដឹង​ថា ឈើ​ឧស​ទាំងនេះ​ត្រូវ​ឈ្មួញ​សម្រុក ប្រមូល​ទិញ​យក​នាំ​ចូល​ទៅ​ប្រទេស​វៀតណាម តាម​ច្រករបៀង​មួយ​ចំនួន​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។ ឈើ​ឧស​ទាំង​អស់នេះ​ដែរ​ត្រូវ​បាន​វៀតណាម​ប្រមូល​ទិញ​ដើម្បី​យក​ទៅ​កែ​ច្នៃ ធ្វើ​ជា​ជើង​តុ កៅអី និង​កែ​ច្នៃ​ធ្វើ​ជា​ក្តារ​កុំ​ប្លា​កេ ជាដើម​៕