ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្រេឌី​ត ភី​អិ​ល​ស៊ី សហការ​ជាមួយ​ក្រុមហ៊ុន​ទ្រូ​ម៉ា​ន់​នី សម្រួល​ដល់​អតិថិជន​ប្រើប្រាស់​ឥណទាន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​សម្រួល​ដល់​អតិថិជន​របស់​ខ្លួន គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្រេឌី​ត ភី​អិ​ល​ស៊ី បាន​ចុះហត្ថលេខា​ក្នុង​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​ទ្រូ​ម៉ា​ន់​នី អនុញ្ញាត​ឱ្យ​អតិថិជន​ដែល​ប្រើប្រាស់​

រាជធានី​ភ្នំពេញ ៖ ដើម្បី​សម្រួល​ដល់​អតិថិជន​របស់​ខ្លួន គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្រេឌី​ត ភី​អិ​ល​ស៊ី បាន​ចុះហត្ថលេខា​ក្នុង​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​ទ្រូ​ម៉ា​ន់​នី អនុញ្ញាត​ឱ្យ​អតិថិជន​ដែល​ប្រើប្រាស់​កម្ចី​របស់​ក្រេ​ឌី​ត អាច​បង់ប្រាក់​ត្រឡប់​មក​គ្រឹះស្ថាន តាម​រយៈ​ភ្នាក់ងារ​ទ្រូ​ម៉ា​ន់​នី ដោយ​មិន​ចាំបាច់​ធ្វើ​ដំណើរ​មក​កាន់​ការិយាល័យ​ក្រ​ឌី​ត​ឡើយ ។

នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​រវាង​ក្រុមហ៊ុន​ទាំងពីរ កាលពី​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០១៧ នៅ​ការិយាល័យ​កណ្ដាល​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្រ​ឌី​ត លោក ចាន់ ម៉ាច ប្រធាន​នាយក​ប្រតិបត្តិ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្រេ​ឌី​ត ភី​អិ​លស៊ី មាន​ប្រសាសន៍​ថា បើ​ទោះជា​សព្វថ្ងៃ ក្រេ​ឌី​ត មាន​ការិយាល័យ​នៅ​ស្ទើរ​គ្រប់កន្លែង​ទូ​ទាំង​ប្រទេស តែ​ក្រេ​ឌី​ត​នៅ​តែ​ស្វែងរក​នូវ​ជម្រើស​សេវាកម្ម​ផ្សេង​ៗ​និង​ថ្មី​ៗ​សម្រាប់​អតិថិជន​របស់​ខ្លួន ។ ធ្វើ​ដូចនេះ អតិថិជន​អាច​ជ្រើសរើស​នូវ​ជម្រើស​ណាមួយ​ដែល​ស័ក្តិសម​សម្រាប់​ពួក​គាត់​ងាយ​ស្រួល និង​សន្សំ​សំចៃ ។ តាម​រយៈ​ភ្នាក់ងារ​ទ្រូ​ម៉ា​ន់​នី​នៅ​ទូ​ទាំង​ប្រទេស ដែល​មាន​ប្រមាណ​៥.០០០​កន្លែង អតិថិជន​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្រេ​ឌី​ត នឹង​អាច​សន្សំ​ពេល​វេលា​បាន​ច្រើន ។

លោក គង់ មាន នាយក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន​ទ្រូ​ម៉ា​ន់​នី មាន​ប្រសាសន៍​ថា ការ​សហការ​នេះ​ពិតជា​បាន​ផ្តល់​ប្រយោជន៍​យ៉ាងច្រើន​សម្រាប់​អតិថិជន ដោយ​គាត់​ពុំ​ចាំបាច់​ចំណាយ​ពេលវេលា​យូរ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្រេ​ឌី​ត ភី​អិ​ល​ស៊ី ដោយ​ផ្ទាល់​នោះ​ទេ ខណៈ​ដែល​អតិថិជន​មួយ​ចំនួន​ស្នាក់​នៅ​ឆ្ងាយ​ពី​សាខា​របស់​គ្រឹះស្ថាន ឬ​មិន​មាន​ពេលវេលា​គ្រប់គ្រាន់ ។ មួយវិញទៀត អតិថិជន​អាច​បង់ប្រាក់​សង​បាន​ទាន់​ពេល​កំណត់ ដោយ​មិន​អស់​ថ្លៃ​ពិន័យ ពីព្រោះ​ទ្រូ​ម៉ា​ន់​នី​បាន​ផ្តល់​ភាព​ងាយ​ស្រួល និង​ជួយ​កាត់​បន្ថយ​ចំណាយ​របស់​អតិថិជន​បាន​ច្រើន តាម​រយៈ​ការ​ផ្តល់​ថ្លៃ​សេវាកម្ម​សមរម្យ និង​ភ្នាក់ងារ​ជា​ច្រើន​ទីតាំង ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន​នឹង​ពង្រីក​វិសាលភាព​ឲ្យ​ធំធេង​ជាង​មុន រួម​ទាំង​បន្ត​ពង្រឹង​និង​បន្ថែម​សេវាកម្ម​ថ្មី​ៗ​ឲ្យ​រឹតតែ​ប្រសើរ​ឡើង​ផង​ដែរ ។ ជាក់ស្តែង​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ទ្រូ​ម៉ា​ន់​នី នឹង​មាន​សេវាកម្ម E-Wallet ដែល​អតិថិជន​អាច​ប្រើ​សេវាកម្ម​ទ្រូ​ម៉ា​ន់​នី​ទាំងអស់​បាន​តាម​រយៈ​គណនី ជាមួយនឹង​កម្មវិធី Mobile App ដោយ​ពុំ​ចាំបាច់​មាន​កាត និង​សេវាកម្ម Payment Solution ដែល​អតិថិជន​អាច​ទូទាត់​ចំណាយ​តាម​ហាង​ផ្សេង​ៗ​បាន​តាម​រយៈ​គណនី​ទ្រូ​ម៉ា​ន់​នី​។