ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាត់ប្រាណ​តាម​ក្បាច់គុន​ថៃ​ជិ​ឈាន មិនត្រឹម​មាន​សុខភាព​ល្អទេ និង​អាយុ​វែងទៀត

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​រស់នៅ​ប្រកបដោយ សុខភាព​ល្អ​គឺជា​បំណងប្រាថ្នា​ទូទៅ​របស់​មនុស្ស​គ្រប់​រូប ។ មនុស្ស​ដែល​មាន​សុខ​ភាពរឹងមាំ​តែងតែ​ទទួល​បាន​នូវ​សុភមង្គល​ទាំង​ផ្លូវ​កាយ ផ្លូវចិត្ត និង​

រាជធានី​ភ្នំពេញ ៖ ការ​រស់នៅ​ប្រកបដោយ សុខភាព​ល្អ​គឺជា​បំណងប្រាថ្នា​ទូទៅ​របស់​មនុស្ស​គ្រប់​រូប ។ មនុស្ស​ដែល​មាន​សុខ​ភាពរឹងមាំ​តែងតែ​ទទួល​បាន​នូវ​សុភមង្គល​ទាំង​ផ្លូវ​កាយ ផ្លូវចិត្ត និង​រួមរស់​ជាមួយ​អ្នក​ដទៃ​ប្រកបដោយ​ភាព​ចុះសម្រុង ដែល​ជា​កត្តា​ធ្វើ​ឱ្យ​គេ​ទទួល​បាន​ជោគ ជ័យ​ក្នុង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ និង​កាត់​បន្ថយ​បាន​យ៉ាងច្រើន​មហិមា​ទៅ​លើ​ការ​ចំណាយ​ផ្នែក​ថ្នាំ ស​ង្កូ​វ និង​ការ​ព្យាបាល​ជំងឺ​ផ្សេង​ៗ​។

ផ្ដើម​ចេញពី​ការ​យល់​ឃើញ​បែប​នេះ គួប​ផ្សំ​នឹង​កម្រិតជីវភាព​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង​ធ្វើ​ឱ្យ​ពលរដ្ឋ​កម្ពុជា​បច្ចុប្បន្ន​មិន​ថា ​នៅ​ទីក្រុង ​ឬ​ជនបទ​តែងតែ​គិតគូរ​ពី​បញ្ហា​សុខ
ភាព​របស់​ខ្លួន​ជា​ប្រចាំ​ជា​ពិសេស​សុខភាព​រាង​កាយ​នេះ​តែ​ម្ដង ។ តាម​ការ​សិក្សា​ស្រាវ​ជ្រាវ សុខភាព​រាង​កាយ​ល្អ​ទៅ​បាន​អាស្រ័យ​ទៅ​លើ​កត្តា​ជា​ច្រើន ក្នុង​នោះ​កត្តា​លំ​ហាត់
ប្រាណ​ដោយ​ការ​លេង​កីឡា​ផ្សេង​ៗ​មិន​អាច​ខ្វះ​បាន​ឡើយ ។ លំ​ហាត់ប្រាណ​តាម​ក្បាច់​គុន​ថៃ​ជិ​ឈាន​ក៏​ត្រូវ​បាន​អ្នកជំនាញ​អះអាង​ថា​ មាន​ប្រយោជន៍​ចំពោះ​សុខភាព​រាង​កាយ​ផង​ដែរ​បើសិនជា​ហាត់​តាម​ក្បូន​ត្រឹម​ត្រូវជា​ពិសេស​មនុស្ស​វ័យ​កណ្ដាល​និង​វ័យចាស់ ដោយសារ​ក្បាច់គុន​នេះ​បញ្ចេញ​សកម្ម​ភាពយឺត​ៗ​មិន​បង្ក​គ្រោះថ្នាក់ និង​បង្កើត​ភាព​ស្ងប់ស្ងាត់​ក្នុង​អារម្មណ៍​ទៀត​ផង ។

ជាក់ស្ដែង នៅ​សួនច្បារ​មាត់ទន្លេ​ផ្សារ​ចាស់​រៀង​រាល់​ព្រឹក​ចាប់ពី​ម៉ោង​៥​និង​៣០​នាទី​ដល់​ម៉ោង​៧​ព្រឹក គេ​ឃើញ​មនុស្ស​ប្រុស​-​ស្រី​ជា​ខ្មែរ​កាត់​ចិន​-​វៀតណាម​ដែល​ភាគច្រើន​ស្ថិត​ក្នុង​វ័យ​កណ្ដាល​កំពុង​ហាត់ប្រាណ​តាម​ក្បាច់គុន​ថៃ​ជិ​ឈាន ជាមួយ​ក្បាច់​ប្លែក​ៗ​ដោយ​មាន​អ្នក​ដឹកនាំ​ហាត់​តាម​ក្បួន​ត្រឹមត្រូវ​។ លោក​អ៊ំ យូ សិ​ទ្ធី​រិ​ទ អាយុ​៦៦​ឆ្នាំ ដែល
ជា​អ្នកចេះ​ចាំ​ក្បាច់គុន​នេះ​ជាងគេ​ក្នុង​ចំណោម​អ្នក​មក​ហាត់​នៅ​សួនច្បារ​មាត់ទន្លេ​ផ្សារ​ចាស់​បាន​ប្រាប់​កោះសន្តិភាព​ថា ក្បាច់គុន​ថៃ​ជិ​ឈាន ដែល​ពួក​គាត់​បាន​និង​កំពុង​ហ្វឹក
ហាត់​រៀង​រាល់​ព្រឹក​នេះ​មាន​ប្រវត្តិ​ចេញ​មក​ពី​ប្រទេស​ឥណ្ឌា ។ តាម​ការ​ជជីក​សួរ​ពី​អ្នក​សារ​ព័ត៌មាន​លោក​អ៊ំ យូ សិ​ទ្ធី​រិ​ទ បាន​យល់ព្រម​រៀបរាប់​ពី​ប្រវត្តិ​ក្បាច់គុន​នេះ​ជូន​មិត្ត​អ្នក​អាន​បាន​ជ្រាប​ថា ក្នុង​សតវត្ស​ទី​១១​មាន​ព្រះសង្ឃ​មួយ​អង្គ​ព្រះ​នាម តាក់ ម៉ បាន​និមន្ត​ពី​ប្រទេស​ឥណ្ឌា មក​កាន់​វត្ត​សៅ​លី​ញ ប្រទេស​ចិន ។

ដោយសារ​ព្រះ​អង្គ​ឃើញ​ព្រះសង្ឃ​នៅ​ក្នុង​វត្ត​សៅ​លី​ញ​មិន​បាន​ធ្វើ​អ្វី​ក្រៅពី​សូត្រធម៌​អាច​ធ្វើ​ឱ្យ​សុខភាព​រាង​កាយ​ឆាប់​ចាស់​ទ្រុឌ​ទ្រោម ទើប​ព្រះ​អង្គ​ចាប់ផ្ដើម​បង្រៀន​ក្បាច់
គុន​នេះ​ដូច​ជា​ក្បាច់​ប្រើ​ដៃ ប្រើ​ដាវ និង​ប្រើ​ដំបង​ជាដើម​ធ្វើ​ឱ្យ​ព្រះសង្ឃ​គង់​ក្នុង​វត្ត​នោះ​មាន​សុខភាព​ល្អ អារម្មណ៍​ភ្លឺ​ថ្លា រៀន​ធម៌​ឆាប់​ចេះ​ឆាប់​ចាំ​ទៀត​ផង ។ ដោយ​មើល​ឃើញ​ពី​គុណប្រយោជន៍​របស់​ក្បាច់គុន​ថៃ​ជិ​ឈាន ធ្វើ​ឱ្យ​ព្រះសង្ឃ​នៅ​ក្នុង​វត្ត​សៅ​លី​ញ​ទាំងអស់​ប្រឹង​ប្រែង​សង្វាត​ហាត់​ក្បាច់គុន​រហូត​ចេះ​ចាំ​ស្ទាត់​ជំនាញ​ស្ទើរ​គ្រប់​គ្នា ។

ក្រោយមក​មាន​សិស្ស​គុន​មួយ​រូប​ក្នុង​ចំណោម​សិស្ស​គុន​ជា​ច្រើន​នៅ​វត្ត​សៅ​លី​ញ ដែល​ចេះ​ចាំ​ក្បាច់គុន​ថៃ​ជិ​ឈាន​ស្ទាត់ជំនាញ​ជាងគេ​ឈ្មោះ ចាង សាន​ហ្វុ​ង បាន​នាំ​យក​ក្បាច់គុន​នេះ​ទៅ​បង្រៀន​បន្ត​នៅ​បក្ស​អ៊ូ​តាំង​។ ការ​នាំ​យក​ក្បាច់គុន​មួយ​នេះ​ទៅ​បង្ហាត់​នៅ​ក្នុង​បក្ស​អ៊ូ​តាំង​នេះ​គឺ​សម្រាប់​តែ​បង្ហាត់​នៅ​ក្នុង​គ្រួសារ​ប៉ុណ្ណោះ​បាន​ន័យ​ថា​ជា​ក្បាច់​គុន​ប្រចាំ​គ្រួសារ​។​ប៉ុន្តែ​ក្រោយមក​មាន​សិស្ស​ម្នាក់​ឈ្មោះ​លូ ចាន់ ដែល​មាន​ទេព​កោសល្យ​ខាង​ហាត់​ក្បាច់គុន​បាន​លួច​ហាត់រៀន​ក្បាច់គុន​ថៃ​ជិ​ឈាន​នេះ​រហូត​ស្ទាត់ជំនាញ ។ មាន​ថ្ងៃមួយ​នៅ​ក្នុង​ប្រទេស​ចិន​ទាំងមូល​គឺ​ក្នុង​អំឡុង​សតវត្ស​ទី​១៩​មានការ​ប្រឡងប្រជែង​ប្រកួត​ក្បាច់គុន ពេល​នោះ​សិស្ស​ឈ្មោះ​លូ ចាន់​នោះ​ក៏​បាន​ដាក់​ពាក្យ​ចូល​ប្រកួត​ជាមួយ​បេក្ខជន​ជា​ច្រើន​នាក់​ទៀត ។ ទីបំផុត​គ្មាន​អ្នក​ណា​អាច​យកឈ្នះ​លើ​គេ​បាន​ឡើយ ធ្វើ​ឱ្យ​កេរ្តិ៍ឈ្មោះ​របស់​លូ ចាន់ មាន​ភាព​ល្បីល្បាញ​ពេញ​ស្រុក​ចិន​ទាំងមូល រហូត​អ្នកដឹកនាំ​ប្រទេស​ចិន​បាន​យក​ក្បាច់គុន​ថៃ​ជិ​ឈាន នេះ​ទៅ​បង្ហាត់​ដល់​កងទ័ព​ទាំងមូល​តែ​ម្ដង​។

លោក​អ៊ំ យូ សិ​ទ្ធី​រិ​ទ បញ្ជាក់​ថា ដើម​ឡើយ​ក្បាច់គុន​ថៃ​ជិ​ឈាន គឺជា​ក្បាច់​ប្រយុទ្ធ​សម្រាប់​បម្រើ​ឱ្យ​កងទ័ព​នៅ​ក្នុង​សមរភូមិ​តែ​ប៉ុណ្ណោះ​រហូត​ដល់​ឆ្នាំ​១៩៥៦ ទើប​ប្រទេស​ចិន​បាន​យក​ក្បាច់គុន​នេះ​មក​ចងក្រង​ជា​ក្បាច់​សម្រាប់​ហាត់ប្រាណ​ដែល​មាន​ទាំងអស់​២៤​ចលនា​ដើម្បី​ថែរក្សា​សុខភាព​វិញ ។ ​ដោយ​មើលឃើញ​ពី​គុណប្រយោជន៍​របស់​ក្បាច់គុន​ថៃ​ជិ​ឈាន​កាន់តែ​ខ្លាំង​ឡើង នៅ​ក្នុង​ឆ្នាំ​១៩៨៦​ប្រទេស​ចិន​បាន​ពង្រីក​ក្បាច់គុន​នេះ​ឡើង​ទៅ​ដល់​៤២​ចលនា​។

ក្បាច់គុន​ថៃ​ជិ​ឈាន មិនមែន​សម្រាប់​តែ​ប្រើ​ដៃទទេ​មួយ​មុខ​នោះ​ទេ គឺ​មាន​ប្រើ​ដាវ ដំបង​និង​ផ្លិត​ជាដើម ។ នៅ​ក្នុង​លំ​ហាត់ប្រាណ​តាម​ក្បាច់គុន​នេះ ក្រៅពី​ការ​សម្ដែង​ចេញ​ជា​ក្បាច់គុន​ផ្សេង​នៅ​ខាងក្រៅ ក៏​បាន​បង្កប់​នូវ​ការ​ប្រើ​អារម្មណ៍​តាំងសមាធិ​ឱ្យ​បាន​ស្ងប់​នៅ​ក្នុង​ផ្លូវចិត្ត សម្រួល​ផ្លូវដង្ហើម​ឱ្យ​បាន​ល្អ​ទៀត​ផង​។

ទោះបី​យ៉ាងណា​លោក​អ៊ំ យូ សិ​ទ្ធី​រិ​ទ​បញ្ជាក់​បន្ថែម​ថា ការ​ធ្វើ​លំ​ហាត់ប្រាណ​តាម​ក្បាច់គុន​ថៃ​ជិ​ឈាន​នេះ វា​មាន​ទាំង​គុណសម្បត្តិ និង​គុណវិបត្តិ បាន​ន័យ​ថា ប្រសិនបើ​យើង​ហាត់​មិន​បាន​ត្រឹមត្រូវ​តាម​ក្បួនខ្នាត​ទេ​នោះ តិច​ឬ​ច្រើន​នឹង​អាច​ប៉ះពាល់​ដល់​សុខភាព​មិន​ខាន ។ ផ្ទុយ​ទៅ​វិញ បើសិនជា​យើង​ហាត់​ត្រឹម​ត្រូវ​តាម​ក្បួនខ្នាត​នឹង​ធ្វើ​ឱ្យ​យើង​មិន​ត្រឹមតែ​មាន​សុខភាព​ល្អ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ឱ្យ​យើង​មាន​អាយុ​វែង និង​ក្មេង​ជាង​វ័យ​ទៀត​ផង ៕