ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិវា​រត់ប្រណាំង​ស្ដ្រី​ចម្ងាយ​១០​គីឡូម៉ែត្រ ឬ Women Run 10K ឆ្នាំ​នេះ​ទាក់ទាញ​ស្ដ្រី​ចូលរួម​ច្រើន​ជាង​បុរស

21 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​រត់ប្រណាំងស្ដ្រី​ចម្ងាយ​១០​គីឡូម៉ែត្រ (Women Run 10K) លើក​ទី​៥ ដើម្បី​អបអរ​ទិវា​អន្តរជាតិ​នារី​ធ្វើ​ឡើងនៅ​មុខ​វត្ត​បទុម​វ​តី​កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០២៦…

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​រត់ប្រណាំងស្ដ្រី​ចម្ងាយ​១០​គីឡូម៉ែត្រ (Women Run 10K) លើក​ទី​៥ ដើម្បី​អបអរ​ទិវា​អន្តរជាតិ​នារី​ធ្វើ​ឡើងនៅ​មុខ​វត្ត​បទុម​វ​តី​កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០២៦ មាន​កីឡាករ កីឡាការិនី​ចូលរួម​ប្រមាណ​ជាង​៤​ពាន់​នាក់​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​សែ​ម ផល្លា នាយក​ប្រតិបត្តិ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ម៉ា​រ៉ា​តុង​អម​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​។

លោក​សែ​ម ផល្លា បានឱ្យ​ដឹង​ទៀត​ថា​ទិវា​រត់ប្រណាំង​ស្ត្រី​ចម្ងាយ​១០​គីឡូ​ម៉ែ​ត​ឆ្នាំ​នេះ​ធ្វើឡើង​ក្រោម​ប្រធានបទ​«​ស្ត្រី​រត់​លើ​វិ​ថី​សន្តិភាព​»​។ ​ព្រឹត្តិការណ៍​នេះ​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ជា​ពិសេស​មន្ត្រីរាជការ បុគ្គលិក​ក្រុមហ៊ុន​ដែលធ្វើ​ឱ្យ​ចំនួន​អ្នកចូលរួម​រត់​លើស​ការ​រំពឹង​ទុក ដោយមានការ​កើនឡើង​លើស​ឆ្នាំ​មុន​ប្រមាណ​២០​ភាគរយ ។ សូ​ម្បី​តែ​ចំនួន​មេដាយ​ដែល​ធ្វើ​ត្រៀម​ទុក​ចែក​ដល់​អ្នកចូលរួម​ក៏​ត្រូវ​ខ្វះ​ដែរ​។

លោកនាយក​ប្រតិបត្តិ​រូប​នេះ​បានឱ្យ​ដឹង​ទៀតថា ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​មាន​អ្នកចូលរួម​កើន​ឡើងជា​លំដាប់ ព្រោះ​ពួក​គាត់​មានការ​យល់​ដឹងច្រើន​ពី​បញ្ហា​សុខភាព ការ​លេង​កីឡា​ដើម្បី​សុខភាព និង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ។ មិនតែប៉ុណ្ណោះ​ទិវា​រត់ប្រណាំង​នេះ​ក៏​ជា​ផ្នែក​មួយ​ក្នុង​ការ​រួមចំណែក​ជួយ​ជំរុញ​វិស័យ​សេដ្ឋកិច្ចជាតិ​ឱ្យ​កាន់តែ​មានការ​រីក​ចម្រើន​ថែម​មួយ​កម្រិត​ទៀត​។ លោក​ថា ក្នុង​ចំណោម​អ្នកចូលរួម​ជាង​៤​ពាន់​នាក់​នេះ​មាន​ស្ត្រី​ប្រហែលជា​៦០​ភាគរយ​។ លោក​ក៏​បាន​ដាក់​ការ​រំពឹង​ខ្ពស់​សម្រាប់​ឆ្នាំ​ក្រោយ​អាច​នឹង​មាន​អ្នកចូលរួម​រហូត​ដល់​៥​ពាន់​នាក់ ។ ដូច្នេះ​លោក​ក៏​មាន​គម្រោង​សម្រួល​ដល់​ការ​ចុះ​ឈ្មោះ​ឱ្យ​មាន​រយៈពេល​វែង​ជាង​ឆ្នាំ​នេះ​ដែរ​។

លោកស្រី​កុយ ពិសី ប្រធាន​គណៈកម្មការ​ស្ត្រី​និង​កីឡា អម​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​កកម្ពុជា មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​ស្ត្រី​មាន​តួនាទី សកម្មភាព​មិន​ចាញ់​បុរស​នោះ​ទេ ។ ជា​ពិសេស​ការ​ចូលរួម​ក្នុង​ការងារ​សង្គម​ជាតិ ជា​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​មន្ត្រីរាជការ ប្រធាន​ក្រុមហ៊ុន និង​កីឡាការិនី​ជម្រើសជាតិ ថែម​ទាំង​ដណ្ដើម​បាន​មេដាយ​យ៉ាងច្រើន​ជូន​ជាតិ​ទៀត​ផង​។​សរុបសេចក្ដី​ទៅ​អ្វី​គ្រប់យ៉ាង​ដែល​បុរស​ធ្វើ​បាន​ស្ត្រី​ក៏​អាច​ធ្វើ​បាន​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ