ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតដៃ​ខ្នងដៃ​! ថៃ​ប្រកាស​មិន​ចូលរួម​ប្រកួត​គុន​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​នៅ​កម្ពុជា

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោក​បណ្ឌិត Sakchai Thapsuwan ប្រធាន​សហព័ន្ធ​អន្តរជាតិ​នៃ​សមាគម​មួយ​ថៃ

រាជធានីភ្នំពេញ ៖ លោក​បណ្ឌិត Sakchai Thapsuwan ប្រធាន​សហព័ន្ធ​អន្តរជាតិ​នៃ​សមាគម​មួយ​ថៃ Amateur Muay Thai (IFMA) និង​លោក Stefan Fox (IFMA) បាន​ប្រកាស​រួម​គ្នានៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ កាលពី​ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២៣ ថា មិន​អាច​បញ្ជូន​អត្ត​ព​លិ​ក​របស់ខ្លួន ទៅ​ចូលរួម​ការ​ប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ (Kun Khmer) ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ​២០២៣ (32nd SEA Games) នៅ​ប្រទេស​កម្ពុជា ខែឧសភា​ ខាង​មុខ​នេះ​បាន​ទេ​។

លោក​បណ្ឌិត Sakchai បាន​បង្ហើប​ថា មូលហេតុ​ដែល​ថៃមិន​អាច​បញ្ជូន​អត្ត​ព​លិ​ក​ទៅ​ចូលរួម​ការ​ប្រកួត​គុន​ខ្មែរ ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លើក​ទី​៣២​នោះ គឺ​ដោយសារ​តែ​​គោរព​តាម​បទ​ប្បញ្ញត្តិ​របស់​សហព័ន្ធ​ប្រដាល់​អន្តរជាតិ​ ។ ​បញ្ហា​នេះ ត្រូវ​បាន​ជូនដំណឹង​ទៅ​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​ថៃ​ចប់​សព្វគ្រប់ ហើយ​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​ថៃ​បាន​យល់ព្រម និង​បញ្ជាក់​ថា នឹង​មិន​បញ្ជូន​អត្ត​ព​លិ​ក​ទៅ​ចូលរួម​ប្រកួត​ប្រដាល់​គុន​ខ្មែរ ព្រោះ​គ្មាន​សមាគម​គុន​ខ្មែរ នៅ​ប្រទេស​ថៃ​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ IFMA បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​ប្រទេស​ជា​សមាជិក​ទាំង​៦ រួម​មាន ម៉ា​ឡេ​ស៊ី វៀតណាម ហ្វី​លី​ពី​ន ឥណ្ឌូ​ណេ​ស៊ី សិង្ហ​បុរី និង​ថៃ ប្រសិនបើ​អត្ត​ព​លិ​ក​របស់​ពួក​គេ ត្រូវ​បាន​បញ្ជូន​ទៅ​ចូលរួម​ការ​ប្រកួត​កីឡា​គុន​ខ្មែរ នឹង​ត្រូវ​ពិន័យ និង​ហាមប្រាម​មិន​ឱ្យ​ចូលរួម​ការ​ប្រកួត ឬ​សកម្មភាព​របស់ IFMA ណាមួយ​យ៉ាង​ហោច​ណាស់ ១-២​ឆ្នាំ​។

ចំណែក​ប្រទេស​២​ទៀត ដែល​គ្មាន​ទំនាក់ទំនង​ជាមួយ​កីឡាប្រដាល់ គឺ​ព្រុយ​ណេ, ទី​ម័​រ​ខាងកើត ​និង៣​ប្រទេស​ផ្សេង​ទៀតដែល​មិន​ពឹង​លើ IFMA មាន​ដូច​ជា មី​យ៉ា​ន់​ម៉ា ឡាវ និង​កម្ពុជា ត្រូវ​រង់ចាំ​មើល​ជំហរ​របស់​ខ្លួន​ម្ដងទៀត​។

យោង​តាម​បទ​ប្បញ្ញត្តិ ត្រូវ​តែ​មាន​ប្រទេស​យ៉ាងតិច​ចំនួន​៤​ចូលរួម ទើប​អាច​ធ្វើការ​ប្រកួត​បាន​ ។ ប៉ុន្តែ​ប្រាកដ​ណាស់​ថា ប្រទេស​ទាំង​៦ ដែល​ជា​សមាជិក IFMA នឹង​មិន​ចូលរួម​ក្នុង​ការ​ប្រកួត​កីឡា​គុន​ខ្មែរ​លើក​នេះ​បាន​ទេ​។

លោក​បណ្ឌិត Sakchai បាន​សង្កត់ធ្ងន់ថា «​យើង​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​សហការ​ជាមួយ​​ប្រទេស​ទាំងអស់​ ។ យើង​កោតសរសើរ និង​គាំទ្រ​កីឡា​គុន​ខ្មែរ ប៉ុន្តែ​ខ្ញុំ​មិន​អាច​ចូលរួម​បាន​ទេ ដោយសារ​តែ​យើង​មិន​មាន​ស្ថាប័ន ដែល​បញ្ជាក់​ពី​កីឡា​នេះ ហើយ​ទាំងនេះ មិនមែន​ជា​ការ​មិន​គោរព ឬ​មើល​ស្រាល​តាម​មធ្យោបាយ​ណាមួយ​ឡើយ​» ។

ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជា
អគ្គលេខាធិការគណៈកម្មាធិការប្រកួតកីឡាអាសុីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣(CAMSOC)
កន្លងមកបាន​បញ្ជាក់​ថា ការ​ប្រកាស​ពី​ប្រទេស​ថៃ​ថា​មិន​ចូលរួម​បែប​នេះ មិនមែន​ជា​បញ្ហា​
សម្រាប់​កម្ពុជា​នោះ​ទេ ព្រោះ​ជា​សិទ្ធិ​សម្រេច​របស់​ប្រទេស​នោះដោយ​បច្ចុប្បន្ន​មាន​ប្រទេស​ចំនួន​៦​ហើយ​ដែលនឹង​ចូលរួម​ប្រកួត​ក្រោម​វិញ្ញាសា​គុន​ខ្មែរ​ ។ លោក​ថា បើ​ថៃ ឬ​ប្រទេស​ផ្សេង​ទៀត​មិន​ព្រម​ចូលរួម​ប្រកួត​ដោយសារ​តែ​មាន​ពាក្យ​ថា​គុន​ខ្មែរ នោះ​កម្ពុជា​ក៏​នឹង​មិន​ចូលរួម​ការ​ប្រកួត​ព្រឹត្តិការណ៍​ដែល​ធ្វើ​ឡើង​ក្រោម​ឈ្មោះ «Muay Thai» ដូច​គ្នា​ដែរ​។

ជាមួយ​គ្នា​នេះ​ដែរ ក្រោយ​ការ​ប្រកាស​លុប​ចោលការ​ប្រើ​ពាក្យ «Muay» នេះ មាន​សារព័ត៌មាន​ធំ​ៗ​របស់​ថៃ​មួយ​ចំនួន​បាន​ផ្សាយ​ថា ប្រទេស​ថៃ និង​សមាគម IFMA ដែល​មាន​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន​ជា​សមាជិក​នឹង​មិន​ចូលរួម​ប្រកួត​ក្នុង​វិញ្ញាសាប្រដាល់ «KunKhmer» នោះ​ទេ និង​បាន​ប្រកាស​ជា​ផ្លូវការ​ដល់​ប្រទេស​ជា​សមាជិក​ណា​ដែល​បញ្ជូន​អត្ត​ព​លិ​ក​ទៅ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​ដែល​រៀបចំ​នៅ​កម្ពុជា​ឆ្នាំ​នេះ នឹង​ត្រូវ​ហាមឃាត់​ភ្លាម​ៗ​ក្នុង​ព្រឹត្តិការណ៍​ផ្សេង​ទៀត​ដែល IFMA អនុម័ត​នា​ពេល​ខាង​មុខ​នៅ​ចុងឆ្នាំ​២០២៣​។

គួរ​ឱ្យ​ដឹង​ដែរ​ថា Muay គឺជា​ភាសា​ថៃ​ដែល​មាន​ន័យ​ថា​កីឡាប្រដាល់ ដែល​ភាគច្រើន​គេ​ប្រើ​ពាក្យ​ថា Muay Thai យោង​តាម olympics.com បាន​ប្រើប្រាស់​ក្នុង​ការ​ប្រ​កួត​កីឡា​ស៊ី​ហ្គេ​ម​តាំងពី​ឆ្នាំ​២០០៥ តែ​ត្រូវ​បាន​ប្ដូរ​វិញ​នៅ​ឆ្នាំ​២០០៩ ទៅ​ជា Muay Lao និង​ត្រូវ​ដក​ចេញពី​ការ​ប្រកួត​ទាំងស្រុង​ក្នុង​ឆ្នាំ​២០១១ និង​២០១៥ តែ​ការ​ប្រកួត​កីឡា Muay ត្រូវ​បាន​យក​មក​ប្រកួត​វិញ​ក្នុង​ឆ្នាំ​២០២១ នៅ​ពេល​ដែល​វៀត​ណាម​ធ្វើ​ជា​ម្ចាស់ផ្ទះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ