ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រហ្ម​លិខិត​បាន​កំណត់​មនុស្ស​ម្នាក់​ៗ​ឲ្យ​កើត​មានជោគ​វាសនា​ខុស​ៗ​គ្នា​ដោយ​ខ្លះ​មាន​រូបសម្បត្តិ​ស្រស់​ស្អាត​សង្ហារ មាន​គ្រប់លក្ខណៈ​សម្បត្តិ និង​រូបសម្បត្តិ​ស្រស់​ស្អាត ស្រប​ពេល​ដែល​អ្នកខ្លះ​កើតមក​ជា​ជន​ពិការ​។ ប៉ុន្តែ​ចំណារ​ព្រហ្ម​លិខិត និង​ច្បាប់ធម្មជាតិ​ដែល​បាន​កំណត់​ចំពោះ​នារី​ពីរ​នាក់​ឲ្យ​ពួក​គេ​ជួប​បញ្ហា​លំបាក​ជា​ច្រើន​ដោយសារ​តែ​ពិការ​ភាព​មិន​បាន​ធ្វើ​ឲ្យ​ពួក​គេ​កើតមក​ត្រូវ​ដេក​ដួល​តាម​វាសនា​ដែល​កំណត់​នោះ​ឡើយ​។​បច្ចុប្បន្ន​ពួក​គេ​កំពុង​តែ​តស៊ូ​ប្រយុទ្ធ​ដោយ​មិន​ចុះចាញ់​នឹង​ចំណារ​ព្រហ្ម​លិខិត​ដែល​កំណត់​នោះ​ឡើយ​។ នារី​ពិការ​ដែល​ពោរពេញ​ដោយ​វីរៈភាព​ទាំង​ពីរ​រូប ម្នាក់…

រាជធានី​ភ្នំពេញ ៖ ព្រហ្ម​លិខិត​បាន​កំណត់​មនុស្ស​ម្នាក់​ៗ​ឲ្យ​កើត​មានជោគ​វាសនា​ខុស​ៗ​គ្នា​ដោយ​ខ្លះ​មាន​រូបសម្បត្តិ​ស្រស់​ស្អាត​សង្ហារ មាន​គ្រប់លក្ខណៈ​សម្បត្តិ និង​រូបសម្បត្តិ​ស្រស់​ស្អាត ស្រប​ពេល​ដែល​អ្នកខ្លះ​កើតមក​ជា​ជន​ពិការ​។

Picture
លោកស្រី មិន ចិន្តា

ប៉ុន្តែ​ចំណារ​ព្រហ្ម​លិខិត និង​ច្បាប់ធម្មជាតិ​ដែល​បាន​កំណត់​ចំពោះ​នារី​ពីរ​នាក់​ឲ្យ​ពួក​គេ​ជួប​បញ្ហា​លំបាក​ជា​ច្រើន​ដោយសារ​តែ​ពិការ​ភាព​មិន​បាន​ធ្វើ​ឲ្យ​ពួក​គេ​កើតមក​ត្រូវ​ដេក​ដួល​តាម​វាសនា​ដែល​កំណត់​នោះ​ឡើយ​។​បច្ចុប្បន្ន​ពួក​គេ​កំពុង​តែ​តស៊ូ​ប្រយុទ្ធ​ដោយ​មិន​ចុះចាញ់​នឹង​ចំណារ​ព្រហ្ម​លិខិត​ដែល​កំណត់​នោះ​ឡើយ​។

Picture
​កញ្ញា ស៊ី​ន ស្រី​ហង្ស

នារី​ពិការ​ដែល​ពោរពេញ​ដោយ​វីរៈភាព​ទាំង​ពីរ​រូប ម្នាក់ គឺ​លោកស្រី មិន ចិន្តា អាយុ​៣៣​ឆ្នាំ ជា​មន្ត្រី​នៅ​ក្រសួង​សង្គមកិច្ច និង​អតីត​យុទ្ធ​ជន ដែល​ជានា​រី​ពិការ​ភ្នែក​ទាំង​សងខាង បច្ចុប្បន្ន​កំពុង​តែ​សិក្សា​ថ្នាក់អនុបណ្ឌិត​ផ្នែក​គោលនយោបាយ និង​ការ​អនុវត្ត​នៅ​សាកលវិទ្យាល័យ​ក្នុង​ទីក្រុង​អា​ឌី​ឡេ​ត ប្រទេស​អូស្ត្រាលី និង​ម្នាក់​ទៀត គឺ​កញ្ញា ស៊ី​ន ស្រី​ហង្ស អាយុ​២០​ឆ្នាំ ដែល​ពិការ​អវៈយវៈ​ទាំង​អស់ហើយ​កំពុង​តែ​សិក្សា​ថ្នាក់​បរិ​ញ្ញ​ប័ត្រ​លើ​ជំនាញ​ព័ត៌មាន​វិជ្ជា និង​គមនាគមន៍​។

Picture

លោកស្រី ចិន្តា បាន​អះអាង​ថា នៅ​ក្នុង​នាម​ជា​ជន​ពិការ​វា​មិនមែន​ជា​រឿង​ងាយស្រួល​នៅ​ក្នុង​ការ​រៀន និង​ធ្វើការ ប៉ុន្តែ​នឹង​តស៊ូ​អត់ធ្មត់ ដើម្បី​បញ្ចប់​នូវ​ក្តី​ស្រមៃ​នៅ​ក្នុង​ការ​សិក្សា និង​ការងារ ហើយ​ក៏​មិន​ភ្លេច​ពី​គោលបំណង​ដ៏​សំខាន់ គឺ​ការ​ប្តេជ្ញា​ចិត្ត​ជួយ​ជន​ពិការ​ដ៏​ទៃ​ទៀត​កុំអោយ អស់សង្ឃឹម និង​អាច​ធ្វើ​បាន​ដូច​អ្វី​ដែល​លោកស្រី​បាន​កំពុង​តែ​ធ្វើ​។

Picture

លោកស្រី​បាន​អះអាង​ថា គោលបំណង​សំខាន់​របស់​លោកស្រី គឺ​ចង់​ជួយ​ឲ្យ​ជន​ពិការ​ទាំងអស់​រឹងប៉ឹង ហើយ​អាច​រស់នៅ​ដោយ​ខ្លួនឯង​បាន ពោល គឺ​ចង់​ធ្វើ​អ្វី​ៗ​គ្រប់យ៉ាង ដើម្បី​ឲ្យ​ជន​ពិការ​លែង​ជា​បន្ទុក​របស់​នរណា​ម្នាក់​នៅ​ក្នុង​សង្គម​កម្ពុជា​ដូច​ជា នៅ​ក្នុង​សង្គម​ពួក ប​ស្ចឹ​ម​ប្រទេស​។លោកស្រី​បាន​បញ្ជាក់​ថា «​នៅ​ស្រុក​គេ​ជន​ពិការ​ពួក​គេ​រស់នៅ​ដូច​ជា​ពលរដ្ឋ​ឯទៀត គឺ​គេ​អាច​រៀន​បាន​ខ្ពស់​មានការ​ងារ​ធ្វើ​ទៅ​នេះ​ទៅ​នោះ​បាន​ដោយ​ខ្លួនឯង​។​យើងខ្ញុំ​ចង់​កសាង​សង្គម​មួយ​ដូចនេះ​សម្រាប់​ជន​ពិការ​នៅ​កម្ពុជា ប៉ុន្តែ​មិនដឹង​ថា បាន​ប៉ុណ្ណា​នោះ​នៅឡើយ​»​។

Picture

ពាក់ព័ន្ធ​នឹង​ចំណុច​នេះ​ដែរ កញ្ញា ស្រី​ហង្ស ក៏​បាន​បង្ហាញ​ម​ហិ​ច្ឆិ​តា​ធំ​មួយ​ផង​ដែរ ដោយ​កញ្ញា ចង់​ក្លាយជា​អ្នក​អាន​ព័ត៌មាន លើ​កញ្ចក់​ទូរទស្សន៍​។ស្រី​ហង្ស បាន​តស៊ូ​ចាក​ឆ្ងាយ​ពី​ស្រុក​កំណើត​នៅ​ខេត្តបាត់ដំបង ដើម្បី​បន្ត​ការ​សិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ​នៅ​រាជធានី​ភ្នំពេញ​។​ទោះបីជា​ពិការ​ភាព​តាំងពី​កំណើត​ក្តី ប៉ុន្តែ​នាង​បាន​តស៊ូ​នៅ​ក្នុង​ឆាកជីវិត ដើម្បី​បំពេញវិជ្ជា និង​ជា​ទុន​សម្រាប់​ស្វែងរក​ការងារ​តាម​ក្តី​ស្រមៃ​ជា​អ្នក​អាន​ព័ត៌មាន​តាម​កញ្ចក់​ទូរទស្សន៍ និង​ធ្វើ​កិច្ចការ​សង្គម​ខ្លះ​ៗ ជា​ពិសេស គី​លើកទឹកចិត្ត អ្នក​ពិការ​ភាព​ផ្សេង​ទៀត​ឲ្យ​ខិតខំ​សិក្សា និង​កុំ​បាក់ទឹកចិត្ត និង​មិន​ត្រូវ​តូចចិត្ត​នឹង​វាសនា​របស់​ខ្លួន ពោល គឺ​រស់​ជាមួយនឹង​ក្តី​សង្ឃឹម និង​ក្តី​ស្រមៃ​ដូច​ជា​គេឯង​។កញ្ញា​បាន​បញ្ជាក់​ថា «​យើង​ពិការ​តែ​រូបរាង​កាយ​ទេ ប៉ុន្តែ​យើង​ត្រូវ​តែ​រឹងប៉ឹង ហើយ​មិន​ត្រូវ​ពិការ​ទាំង​ចិត្ត​នោះ​ឡើយ​»​។

Picture

ស្រី​ហង្ស​ទោះបីជា ជា​គ្មាន​ដៃ និង​គ្មាន​ជើង ប៉ុន្តែ​យុវតី​រូប​នេះ​ពោរពេញ​ដោយ​ជំនឿ​លើ​ខ្លួនឯង និង​មោទនភាព ដោយ​កញ្ញា​អាច​សិក្សា​បាន​ចំណាត់ថ្នាក់​ល្អ ហើយ​ពោរពេញ​ទៅ​ដោយ​សេចក្តី​សង្ឃឹម​។ស្រី​ហង្ស​បាន​បញ្ជាក់​ថា «​នាង​ខ្ញុំ​គ្រាន់តែ​ចង់​ផ្តាំ​ទៅ​ជន​ពិការ​ផ្សេង​ទៀត​ថា កុំ​ចុះចាញ់​នឹង​ជោគវាសនា មនុស្ស​ម្នាក់​ៗ​មិន​ដូច​គ្នា​ទេ​។​ការ​ទទួល​បាន​ក៏​មិន​ដូច​គ្នា​ដែរ អ្នកខ្លះ​ទទួល​បាន​ច្រើន អ្នកខ្លះ​ទទួល​បាន​តិច តែ យើង​ត្រូវ​ពេញចិត្ត​នឹង​អ្វី​ដែល​យើង​បាន​ធ្វើ​និង​ទទួល​បាន​។​យើង​ត្រូវ​ទទួលយក​វា​ទាំងអស់​មិន​ថា រឿង​ល្អ​រឿង​អាក្រក់​ទេ យើង​ត្រូវ​ទទួល យក​វា​ទោះ​រឿង​នោះ​វា​ធ្វើ​ឲ្យ​យើង​ឈឺចាប់​ក៏​ដោយ​ចុះ​។​ពេល​ជួប​ការ​លំបាក​យើង​ត្រូវ​តែ​ខំ​ពុះពារ ប៉ុន្តែ​ប្រសិនបើ​ហួស​ពី​សមត្ថភាព​យើង​គួរតែ​បោះបង់​វា ហើយ​ចាប់​យក​អ្វី​ដែល​សម​នឹង​យើង​។ ជីវិត​ត្រូវ​តែ​ជួប​ទាំងអស់​»​។

Picture

ស្រី​ហង្ស បាន​បន្ថែម​ថា កញ្ញា​មិន​ដែល​តូចចិត្ត​ទេ​ហើយ​ជីវិត​មាន​តែ​ខំ ជា​ពិសេស គឺ​ធ្វើ​យ៉ាងណា​ស្វែងរក​ផល ដើម្បី​តបស្នង​អ្នក​មានគុណ​ឲ្យ​បាន​។​កញ្ញា​មិនដឹង​ថា ទៅ​ថ្ងៃ​អនាគត​ក​ញ្ញ​នឹង​ជួប​អ្វី​ឡើយ ប៉ុន្តែ​កញ្ញា​បាន​ប្តេជ្ញា​ចិត្ត​ថា ត្រូវ​តែ​បន្ត​ទៅ​មុខ​ទៀត​ដោយ​សេចក្តី​សង្ឃឹម ។

Picture
Picture

ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០២២ នេះ​ចំនួន​ជន មាន​ពិការ​ភាព​ដែល​បម្រើ​ការ​ក្នុង​វិស័យ​សាធារណៈ​ដែល​ប្រមូល​បាន​ពី​៣៧​ក្រសួង ស្ថាប័នរដ្ឋ​មាន​ចំនួន ៣.៧៤៨​នាក់ ក្នុង​នោះ​ស្ត្រី​មាន​ពិការ​ភាព​ចំនួន​៨៦២​នាក់ កើនឡើង​ជាង ២​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០២១ ខណៈ​វិស័យ​ឯកជន​បាន​ទទួល​ជន​មាន​ពិការ​ភាព​ឱ្យ​ចូល​ធ្វើការ​មាន​ចំនួន ៥.៨៣៩​នាក់ ក្នុង​នោះ​ស្ត្រី​ចំនួន ៣.៨៣៦៕​ដោយ ៖ ហេង ចេស្តារ

Picture
Picture
Picture
Picture