ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិវាជាតិសុខភាព​មាតា ទារក និងកុមារ៖ ស្ត្រីទី១​របស់កម្ពុជា អំពាវនាវ ៤ចំណុច​

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ទិវាជាតិសុខភាព​មាតា ទារក និងកុមារ នឹងប្រារព្ធឡើង នៅថ្ងៃទី២១ ខែកុម្ភៈ ក្រោមប្រធានបទ «រួម​គ្នាពង្រឹង​សេវាសុខភាព​បន្តពូជ សុខភាព​មាតា…

ភ្នំពេញ៖ ទិវាជាតិសុខភាព​មាតា ទារក និងកុមារ នឹងប្រារព្ធឡើង នៅថ្ងៃទី២១ ខែកុម្ភៈ ក្រោមប្រធានបទ «រួម​គ្នាពង្រឹង​សេវាសុខភាព​បន្តពូជ សុខភាព​មាតា ទារក​ កុមារ យុវវ័យ និង​អាហារូបត្ថម្ភ ដើម្បីឈាន​ទៅសម្រេចគោលដៅអភិវឌ្ឍ​ន៍​ប្រកប​ដោយចីរភាព​ នៅឆ្នាំ២០៣០​»។ ក្នុងឱកាស​ដ៏ប្រសើរ​ថ្លៃថ្លានៃទិវាជាតិសុខភាពមាតា ទារក និងកុមារ ក្នុងនាមកាកបាទ​ក្រហម​កម្ពុជា និងជាឥស្សរជនឆ្នើម​ថ្នាក់ជាតិ នៃផែនការសកម្មភាព​រួម អគ្គ​លេខាធិការអង្គការ​សហប្រជាជាតិ ដើម្បីសុខភាព​ស្ត្រី និងកុមារ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាស្ត្រីទី១របស់​កម្ពុជា បានអំពាវនាវ ៤ចំណុច​។

សារលិខិត​ ដែលបានផ្សព្វផ្សាយ បានលើកឡើងនូវ​សេចក្តីអំពាវនាវរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសទិវាជាតិ​​សុខភាពមាតា ទារក និងកុមារ ដូចតទៅ៖

១-សូមស្ត្រីមានផ្ទៃពោះ​ទាំងអស់ ទៅពិនិត្យសុខភាព និងពិគ្រោះ​យោបល់​ជាមួយគ្រូពេទ្យជំនាញ នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យឱ្យបានទៀងទាត់ យ៉ាងហោចណាស់ចំនួន ៤ដង តាមពេលវេលាកំណត់ ទៅទទួលថ្នាំបង្ការជំងឺតេតាណូស និងទៅចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ទៅទទួលយក​សេវាបង្ការ/ព្យាបាល​ទាំងអស់ ពិសេសការស្ម័គ្រចិត្តធ្វើតេស្តឈាមរកមេរោគអេដស៍ ស្វាយ រលាកថ្លើមប្រភេទបេ ដើម្បីទប់ស្កាត់​ការចម្លង​មេរោគ​ពីម្តាយទៅកូន​។ ទៅសម្រាល​កូន​នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ​មានគ្រូពេទ្យជំនាញ ដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ​។ ទៅពិនិត្យសុខភាពក្រោយពេលសម្រាលទាំងម្តាយ ទាំងកូន យកកូនទៅចាក់វ៉ាក់សាំងបង្ការជំងឺ​ ១១មុខ តាមពេលវេលាកំណត់ ត្រូវ​យកចិត្តទុកដាក់​ពិនិត្យតាមដាន​សុខភាព និងការលូតលាស់របស់កូន រហូតដល់កូនមានអាយុពីរឆ្នាំ។ បំបៅកូន​ដោយទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីពេលកើតភ្លាម រហូតដល់ទារក មានអាយុ ៦ខែ និងផ្តល់អាហារ​បន្ថែម​គ្រប់មុខ គ្រប់ជីវជាតិ ( បបរ​ខាប់គ្រប់គ្រឿង ) រួមជាមួយ​ការបន្ត​បំបៅទឹកដោះម្តាយរហូតដល់កុមារ​មានអាយុយ៉ាងតិច ២ឆ្នាំ។ ប្រញាប់យក​ទារកទៅមន្ទីរពេទ្យភ្លាម នៅពេលឃើញសញ្ញាគ្រោះថ្នាក់​ណាមួយ នៃជំងឺរលាក​ផ្លូវ​ដង្ហើម ជំងឺរាក ឬជំងឺផ្សេងទៀត និងយកទារក/កុមារតូចទៅ​ពិគ្រោះយោបល់ និងទទួល​ការព្យាបាលនៅមន្ទីរពេទ្យ ប្រសិនបើទារក​/កុមារតូច មានរាងកាយស្គម ឬមិនឡើងទម្ងន់​សោះ។​ សូម​ជ្រើសរើស​ការពន្យារកំណើត ដើម្បីសុខភាពរបស់ម្តាយ និងទារក​។

២-សូមយុវតី ឬស្ត្រី​ក្នុងវ័យ​បន្ត​ពូជ ដែលមានអាយុ ១៥ ទៅ ៤៩ឆ្នាំ ដែលមានបញ្ហាសុខភាព​ទៅពិគ្រោះយោបល់ ទទួលការថែទាំ ឬការព្យាបាល​ជំងឺ នៅមណ្ឌលសុខភាព​ ឬមន្ទីរពេទ្យ​ ឬគ្លីនិក មានគ្រូពេទ្យជំនាញច្បាស់លាស់ ដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ​ពីក្រសួងសុខាភិបាល ដើម្បីជៀសវាងគ្រោះថ្នាក់ និងពិការភាព​។

៣-សូមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក​សុខាភិបាល និងអ្នកផ្តល់​សេវាទាំងអស់ ចូលរួម​គាំទ្រ​ការអនុវត្ត​គោលនយោបាយរបស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាព​ខ្ពស់​។

៤-សូម​គ្រប់ស្ថាប័ន​ពាក់ព័ន្ធទាំងអស់ ទាំងជាតិ-អន្តរជាតិ បន្តិវិនិយោគ​ក្នុងការងារសុខភាព​បន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហារូបត្ថម្ភ ពិសេសសូមជួយឧបត្ថម្ភគាំទ្រដល់​ការងារបណ្តុះបណ្តាល​ជំនាញ និងវិក្រឹតការដល់មន្ត្រី/បុគ្គលិក​សុខាភិបាល រួមទាំងអាជ្ញាធរ​មូលដ្ឋាន​ អ្នកអប់រំផ្សព្វផ្សាយនៅសហគមន៍ ឱ្យទទួលបានចំណេះដឹង និងជំនាញពិតប្រាកដ​។

ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានលើកឡើងថា កត្តាគន្លឹះ​ដ៏សំខាន់មួយទៀត ដែលនឹងជំរុញ​ឱ្យ​កម្ពុជាយើង សម្រេចបានគោលដៅអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នោះ គឺការចូលរួម​ពីបងប្អូន​ជនរួមជាតិទាំងអស់ ក្នុងការទៅទទួលយក​សេវាសុខាភិបាល ដែល​មានវិជ្ជាជីវៈត្រឹមត្រូវ ធានាបានគុណភាព និងសុវត្ថិភាព​។

ក្នុងសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានលើកឡើងថា នៅកម្ពុជាយើង អត្រានៃស្ត្រី ដែលបានទទួល​ការថែទាំ​ផ្ទៃពោះពីគ្រូពេទ្យ​ជំនាញ មុនពេលសម្រាល បានកើនពី ៩៥ ដល់ ៩៩% អត្រាមរណភាពមាតា បានថយចុះពី ១៧៤ មកនៅ ១៥៤ ក្នុងចំណោម ១សែនកំណើតរស់ ហើយ​អត្រា​មរណភាព​ទារក​ទើបកើត បានថយចុះពី ១៨ មកនៅ ៨ ក្នុងចំណៅម ១ពាន់កំណើតរស់ ជាដើម៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ