រាជធានីភ្នំពេញ ៖ សីលធម៌របស់បុគ្គលមួយចំនួនក្នុងសង្គមយើងសព្វថ្ងៃហាក់ដូចជា ធ្លាក់ចុះ ពិសេសលើករណីគ្រោះថ្នាក់ចរាចរណ៍។នោះ គឺជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ដែលសន្ល.ប់ស្តូកស្តឹង ត្រូវបានជនឱកាសនិយមឆ្លៀតបន្លំលូកហោប៉ាវ យកលុយ ទូរស័ព្ទ និងរបស់មានតម្លៃផ្សេងទៀត។
រូបតំណាងនេះជារឿងអសីលធម៌បំផុត ដែលកើតមានញឹកញាប់ក្នុងសង្គមយើង ហើយត្រូវតែកែប្រែ ព្រោះជនរងគ្រោះជួបរឿងអកុសលដោយសារគ្រោះថ្នាក់ចរាចរណ៍ត្រូវខូចម៉ូតូឡាន និងរងរបួសហើយ បែរជាត្រូវរង គ្រោះមួយជាន់ទៀត ដោយបាត់បង់លុយកាក់ និងទ្រព្យសម្បត្តិផ្សេងទៀត។
កាលពីសប្តាហ៍មុន បុគ្គលិកទូរទស្សន៍ PNN ម្នាក់ បានចេញពីធ្វើការនៅពេលយប់ ត្រឡប់ទៅផ្ទះវិញ ក៏ជួបរឿងអកុសល ដោយជិះម៉ូតូបុកទ្រូងផ្លូវ បណ្តាលឱ្យសន្ល.ប់នៅនឹងកន្លែង។មូលហេតុ ដោយសារតែជនរងគ្រោះងងុយគេង ពេលបើកបរម៉ូតូ។ ក្នុងហេតុការណ៍នោះ ជនរងគ្រោះបានបាត់បង់លុយក្នុងហោប៉ាវ២០ម៉ឺនរៀល តែមិនបាត់ទូរស័ព្ទទេ។ ចំណែកម៉ូតូ ត្រូវខូចមួយកំណាត់មុខ។
ប៉ុន្តែសំណាងល្អដែរ មានអ្នកហៅឡានពេទ្យឯកជនដឹកជនរងគ្រោះ ទៅព្យាបាល នៅមន្ទីរពេទ្យឯកជនមួយនៅជិតស្ពានព្រែកព្នៅ ដែលស្ថិតនៅមិនឆ្ងាយពីកន្លែងកើតហេតុ នៅលើមហាវិថីឈ្នះឈ្នះ ចន្លោះពីស្ថានីយទូរទស្សន៍ PNN នៅជាប់វិមានឈ្នះឈ្នះ និងផ្លូវជាតិលេខ៦A។ នៅពេទ្យឯកជននោះគ្រាន់តែសម្រាកមួយយប់ អស់ថ្លៃព្យាបាលប្រមាណ២០០ដុល្លារ។
រឿងដែលអកុសលមួយទៀត គឺបុគ្គលិកទូរទស្សន៍ PNN មានបណ្ណប.ស.សហើយ បែរជាត្រូវអស់លុយថ្លៃព្យាបាលមួយយប់នៅពេទ្យឯកជននោះទៀត ខណៈដែលក្រុមហ៊ុនទូរទស្សន៍ PNN បានបង់លុយប្រចាំខែដល់ប.ស.ស សម្រាប់បុគ្គលិកទាំងអស់ តែពេលជួបបញ្ហាបែរជាមិនអាចប្រើប្រាស់កាត ប.ស.ស បានទៅវិញ។
ករណីមានគ្រោះថ្នាក់ចរាចរណ៍ ហើយមិនថា យប់ ឬថ្ងៃទេ តែងតែមានជនខិលខូចឱកាសនិយម បន្លំលួចយករបរមានតម្លៃ ទូរស័ព្ទ លុយកាក់ គ្រឿងអលង្ការរបស់ជនរងគ្រោះបានកើតឡើងច្រើន នៅក្នុងសង្គមយើង។នេះជាទង្វើអសីលធម៌ និងថោកទាបបំផុតដែលខ្មែរយើងមិនត្រូវឱ្យកើតមានទៀតនោះឡើយ។
រូបតំណាងចូរគិតបន្តិចថា បើជនរងគ្រោះនោះជាខ្លួនយើងវិញ ហើយត្រូវជនខិលខូចធ្វើទង្វើអសីលធម៌ដូច្នេះ លើខ្លួនយើង ឬក៏សាច់ញាតិ មិត្តភក្តិយើង តើយើងឈឺចាប់ប៉ុណ្ណា?ពោល គឺ«យកចិត្តគេមកដាក់ចិត្តយើង»។ ក្នុងនោះ យើងក៏ត្រូវដាស់តឿនរម្លឹកស្មារតីជារឿយៗថា «ជួយគ្នា ក្នុងគ្រាទុក្ខលំបាក»។ បើឃើញគ្នាមានទុក្ខហើយ បែរជាមិនជួយ ថែមទាំងទៅយករបស់របរបន្លំយកលុយ ដោះចិញ្ចៀន ខ្សែក ឬយកទូរស័ព្ទជន រងគ្រោះទៀត គឺមិនខុសអ្វីនឹងទៅលួចឆ.ក់ប្ល.ន់គេនោះទេ។សរុបមក សូមបន្តធ្វើតែអំពើល្អ។ នោះអ្នកនឹងជួបតែរឿងល្អៗ ក្នុងជីវិត ដូចពាក្យថា «ធ្វើល្អ បានល្អ»។
ផ្ទុយទៅវិញ បើអ្នកបន្លំយករបរគេនោះនៅថ្ងៃណាមួយ អ្នកនឹងជួបរឿង ដូចអ្វី ដែលអ្នកបានធ្វើលើគេជាមិនខាន។ នេះជាកម្មផល ដែលច្បាស់ណាស់ ពិតជាកើតមានជាក់ស្តែង មិនចាំដល់ជាតិក្រោយទេ៕
ចែករំលែកព័តមាននេះ