រាជធានីភ្នំពេញ ៖ មិនថាមនុស្សបែបណា ឬចាស់ ឬក្រមុំកម្លោះអីនោះទេ តែងតែមានទុក្ខ និងសប្បាយជានិច្ច គ្រាន់តែថាតិច ឬច្រើនប៉ុណ្ណោះទៅតាមកម្មដែលខ្លួនបានប្រព្រឹត្ត។ ជាទូទៅមនុស្សយើងទៅធ្វើបុណ្យ ឬចូលបច្ច័យអ្វីមួយ ឲ្យអ្វីមួយហើយ តែងសុំប៉ងប្រាថ្នាជាតិក្រោយឲ្យសុខសប្បាយ មានលុយកាក់មាសប្រាក់ចាយច្រើនៗ និងរូបសម្រស់ស្រស់ស្អាត ជួបមនុស្សល្អៗជាដើម។

ដោយឡែកមានមនុស្សមួយមួយចំនួនធំគាត់បាននិយាយថា«ជាតិនេះពិបាក យ៉ាប់ណាស់ ដូច្នេះជាតិក្រោយ គាត់សុំឲ្យកើតជាអ្វីផ្សេង ដោយមិនពិបាកដូចជាតិនេះ និងខុសពីមនុស្សដូចរាល់ថ្ងៃនេះ។
ដើម្បីឲ្យកាន់តែយល់ច្បាស់ល្អដែលថា«មនុស្សដ៏ច្រើនទៅធ្វើបុណ្យរាល់ថ្ងៃ គិតតែរឿងជាតិក្រោយ តែភ្លេចគិតខ្លួនឯងក្នុងជាតិនេះ» លោកម្ចាស់គ្រូ សាន សុជា មានសង្ឃដីកា ពន្យល់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកដោយបញ្ជាក់មូលហេតុ ដែលមនុស្សភាគច្រើនគាត់សុំប្រាថ្នាជាតិក្រោយឲ្យកើតជាអ្វីផ្សេង មិនយ៉ាប់ពិបាកនោះ លោកម្ចាស់គ្រូបានបកស្រាយថា ៖ មិនមែនគាត់មានគំនិតហ្នឹងខ្លួនឯងទេ គឺដោយសារសង្គម ព្រោះតែការឲ្យពរទាំងអស់នោះដែលធ្វើឲ្យគាត់សង្ឃឹមជាតិក្រោយជានិច្ច តែគាត់បានបំភ្លេចខ្លួនឯងក្នុងជាតិនេះ។

លោកម្ចាស់គ្រូ បានបញ្ជាក់ថា មនុស្សដ៏ច្រើនទៅធ្វើបុណ្យរាល់ថ្ងៃ គិតតែរឿងជាតិក្រោយ តែបំភ្លេចខ្លួនឯងក្នុងជាតិនេះ មានបញ្ហាពិបាកអត់មានពីណាមកបង្រៀនវិធីដោះស្រាយបញ្ហាទេ គេឲ្យពរឲ្យទៅយកជាតិក្រោយបណ្តោយ។ត្រូវដឹងថា ជាតិនេះ គឺជាប្លង់នៃជាតិក្រោយ បើប្លង់ជាតិនេះ មិនចេះដោះស្រាយបញ្ហាផ្លូវចិត្តទេ ជាតិក្រោយរញ៉េរញ៉ៃជាងនេះទៅទៀត។
ជាមួយគ្នានោះដែរ លោកម្ចាស់គ្រូ បានបន្ថែមថា នៅជាមនុស្សដោះស្រាយមនុស្សអត់រួចផង ចុះទម្រាំទៅស្រុកខ្មោច មិនកាន់តែរញ៉េរញ៉ៃទេអី? ចង់ដឹងអនាគតត្រូវមើលប្លង់បច្ចុប្បន្ន។ ដូច្នេះដើម្បីឲ្យស្រួលៗរៀនមើលចិត្ត កុសល អកុសល ចិត្តល្អ ចិត្តមិនល្អ ឥឡូវហ្នឹងបានយើងមើលឃើញ គិតយល់ ហើយកុំសង្ឃឹមផល។
ទន្ទឹមនេះដែរ លោកម្ចាស់គ្រូ សាន សុជា បានមានសង្ឃដីកាថា ហើយមែនទែនទៅ បើយើងបានស្តាប់ធម៌ចឹងៗពីយូរមក យើងមិនវង្វេងទេ ហើយក៏អត់ដើរវៀងឆ្ងាយទេ(មើលការពិតក្នុងជីវិតហ្នឹង)។

លោកម្ចាស់គ្រូមានសង្ឃដីកាថា យើងឲ្យតែលឺសច្ចធម៌ ស្មានតែត្រូវធ្វើអីម្យ៉ាង ត្រូវធ្វើបុណ្យអីម្យ៉ាង ដើម្បីឲ្យបុណ្យហ្នឹងគ្រប់ទៅ មើលឃើញហ្មង តែភ្លេចថា ធម៌ឃើញនេះឯង ជាសច្ចធម៌ ធម៌លឺនេះឯង ជាសច្ចធម៌។ ភាគច្រើនយើងច្រឡំថា យើងលឺ ខ្ញុំលឺ អាហ្នឹងវង្វេងសច្ចធម៌ ប៉ុន្តែបើបញ្ហាដឹងច្បាស់ថា លឺត្រឹមតែជាធាតុលឺហ្នឹងឯង បញ្ហាឃើញសច្ចធម៌ដែលកំពុងតែប្រាកដ ចិត្តរួចស្រឡះត្រង់ដោះពីទិដ្ឋិ មានត្រឹមតែធម៌កើតឡើង ដល់ធម៌កើតឡើងហើយ សេចក្តីប្រកាន់ហ្នឹងអត់មាន ស្រឡះហ្មង។លោកម្ចាស់គ្រូ ថា ធម៌ជួយដោះស្រាយមែន ឲ្យរឿងកើតទៅតាមអំណាចចិត្តរបស់យើងទេ តែយើងចង់កែរឿងទៅតាមអំណាចចិត្តយើងនោះ អាហ្នឹងគឺតាមអំណាចតណ្ហាទេ។ធម៌ទាំងឡាយនៅតែកើតពីហេតុដដែល គ្មានពីណាបង្កើតហេតុបានទេ។
លោកម្ចាស់គ្រូ មានសង្ឃដីកាថា អាត្មាពីមុនក៏មានចិត្តមួយដែរ ឃើញយើងនាំគ្នា ទៅតែជាតិមុខអស់អ៊ីចឹងទើសចិត្តដែរ ប៉ុន្តែដល់សិក្សាធម៌កើតពីបច្ច័យថា ហេតុអីបានគាត់នៅតែជាមួយអតីតកាល ហើយនឹងអនាគតចឹង និយាយត្អូញត្អែរថា កម្មអីៗហ្នឹង អាហ្នឹងនៅជាមួយអតីតកាល ដូចនិយាយថា ឥលូវដូចពិបាកណាស់ ចង់ទៅជាតិក្រោយ អាហ្នឹងនៅមួយអនាគតកាល ផ្ទុយស្រឡះពីការបង្រៀនរបស់ព្រះពុទ្ធ។

លើសពីនេះទៅទៀត លោកម្ចាស់គ្រូ មានសង្ឃដីកាថា ព្រះពុទ្ធត្រាស់ថា ធម៌ណាជាអាឌិត ធម៌នោះកន្លងហើយ មិនមែនជានិស្ស័យរបស់អ្នកចាប់ទុកទេ ធម៌ណាដែលជាអនាគត ហៅថា កត្តាធម្មា ធម៌នោះមិនទាន់មកដល់ឡើយ ក៏មិនមែនជាវិស័យរបស់អ្នកដែរ តែធម៌ដែលកំពុងប្រាកដ គឺធម៌បច្ចុប្បន្ននេះឯង តាមទ្វារទាំង៦នេះមានភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត។ ឲ្យតែបញ្ញាកើត យល់នៅសភាវៈដែលព្រះពុទ្ធបង្រៀនគ្មាននរណាម្នាក់ប្រើពាក្យថា ហួសពេលទេ ហួសពេលសម្រាប់តែអ្នកស្លា.ប់ទេ(ហួសពេលប្រើជំនួសអ្នកស្លា.ប់)តែបើមនុស្សនោះនៅរស់ ស្តាប់លឺ នៅអាចនិយាយគ្នាបាន គឺអត់ចេះហួសពេលក្នុងការយល់នៅសភាវៈបច្ចុប្បន្ននេះទេ។
សូមរំលឹកថា បច្ចុប្បន្នព្រះអង្គក្លាយជាស្ថាបនិក និងជាប្រធានសមាគមធម្មកឋិកកម្ពុជា ។ព្រះអង្គ ជាធម្មាចារ្យដែលបង្រៀនព្រះអភិធម្មដ៏មានកេរិ៍ឈ្មោះល្បីនៅក្នុងប្រទេសកម្ពុជាផងដែរ។សព្វថ្ងៃនេះ ភិក្ខុវជិរប្បញ្ញោ សាន សុជា គង់នៅទីក្រុង មែលប៊ន ប្រទេសអូស្ត្រាលី ហើយព្រះអង្គតែងតែបាននិមន្តទៅកាន់ប្រទេសជាច្រើននៅលើពិភពលោក៕
ចែករំលែកព័តមាននេះ