ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​រញ្ជួយ​ដី​ផ្តាច់​ជី​វីត​អ្នកចាំទី​ម្នាក់ ខណៈ​កីឡាករ​មួយ​ចំនួន​ទៀត​រង​របួស

1 ឆ្នាំ មុន

តួ​ក​គី ៖ ក្លិប​បាល់ទាត់ Yeni Matalyaspor នៅ​លី​គ​លំដាប់​ទី​២ របស់​ប្រទេស​តួ​ក​គី​បាន​បញ្ជាក់​ថា អ្នក

តួ​ក​គី ៖ ក្លិប​បាល់ទាត់ Yeni Matalyaspor នៅ​លី​គ​លំដាប់​ទី​២ របស់​ប្រទេស​តួ​ក​គី​បាន​បញ្ជាក់​ថា អ្នកចាំទី​របស់​ពួក​គេ​គឺ​កីឡាករ Ahmet Eyup Turkaslan បាន​ស្លា.ប់​បាត់បង់​ជិ​វិត បន្ទាប់​ពី​គ្រោះ​រញ្ជួយ​ដី ដែល​បាន​បំផ្លិចបំផ្លាញ​ភាគ​ខាងត្បូង​ប្រទេស​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន talkSPORT ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​០៧ ខែកុម្ភៈ កន្លង​ទៅ​។ គួររំលឹកថា IOC បង្ហាញ​អារម្មណ៍​រន្ធ​.​ត់ ចំពោះ​ការ​បាត់បង់​អត្ត​ព​លិ​ក​ក្នុង​គ្រោះ​រញ្ជួយ​ដី​នៅ​តួ​ក​គី និង​ស៊ី​រី

យោង​តាម​ប្រភព​សារព័ត៌មាន The Guardian របស់​ចក្រភព​អង់គ្លេស ដែល​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​០៨ ខែកុម្ភៈ​នេះ (​កាលបរិច្ឆេទ​នៅ​កម្ពុជា​) មនុស្ស​ជាង ៧,៨០០​នាក់​បាន​បាត់បង់​ជីវិត ដោយសារ​គ្រោះ​រញ្ជួយ​ដី​ដ៏​កំណាច​កម្រិត​៧.៨​រិច​ទ័​រ កាលពី​ថ្ងៃ​ទី​០៦ ខែកុម្ភៈ នៅ​ក្នុង​ប្រទេស​តួ​ក​គី និង​ស៊ី​រី ដែល​នៅ​ជិតខាង​គ្នា ហើយ​ក្នុង​នោះ​រួម​មាន​ទាំង​អ្នកចាំទី Turkaslan អាយុ​២៨​ឆ្នាំ​ផង​ដែរ​។

សេចក្តីថ្លែងការណ៍​ក្លិប​បញ្ជាក់​ថា «​អ្នកចាំទី​របស់​យើង Ahmet Eyup Turkaslan បាន​បាត់បង់​ជីវិត បន្ទាប់​ពី​ស្ថិត​ក្រោម​ការ​ដួល​រលំ​នៃ​អាគារ ដោយសារ​ការ​រញ្ជួយ​ដី​។ សូមអ្នក​ទៅ​ឱ្យ​បាន​ស្ងប់ យើង​នឹង​មិន​ភ្លេច​អ្នក​ទេ មនុស្ស​ដ៏​ល្អ​របស់​យើង​»​។

គ្រោះ​រញ្ជួយ​ដី​ដ៏​កំណាច បាន​វា.យប្រហារ​ភាគ​ខាងត្បូង​ប្រទេស​តួ​ក​គី និង​ស៊ី​រី ដែល​នៅ​ជិតខាង នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​០៦ ខែកុម្ភៈ បណ្តាល​ឱ្យ​មានការ​បំផ្លិចបំផ្លាញ​ក្នុង​ចំណោម​សហគមន៍​ជា​ច្រើន ហើយ​ក៏​ប៉ះពាល់​ដល់​ពិភព​កីឡា​ផង​ដែរ ដោយ​អតីត​កីឡាករ​ធ្លាប់​ប្រកប​អាជីព​នៅ​លី​គ​កំពូល​អង់គ្លេស Premier League គឺ​ខ្សែបម្រើ​ស្លាប Christian Atsu បាន​រង​របួស បន្ទាប់​ពី​គ្រោះ​មហន្តរាយ​នេះ​។

អតីត​ខ្សែបម្រើ​ស្លាប​ក្រុម Chelsea និង Newcastle ដែល​បច្ចុប្បន្ន​លេង​ឱ្យ​ក្រុម Hatayspor នៅ​លី​គ​កំពូល​តួ​ក​គី​រូប​នេះ (Super Lig) បាន​បាត់​ខ្លួន​ដោយសារ​ជាប់​ក្នុង​គំនរ​បាក់បែក នៅ​ក្នុង​ខេត្ត Kahramanmaras ជា​កន្លែង​ដែល​ក្លិប Hatayspor មាន​មូលដ្ឋាន​នៅ​ទីនោះ រួម​ជាមួយ​លោក Taner Savut ដែល​ជានា​យក​ប្រតិបត្តិ​កីឡា​របស់​ក្លិប​ផង​ដែរ​។ លោក Mustafa Ozat អនុប្រធាន​ក្លិប Hatayspor បាន​បញ្ជាក់​ថា Atsu ត្រូវ​បាន​សង្គ្រោះ​ពី​គំនរ​បាក់បែក ប៉ុន្តែ​បាន​រង​របួស ខណៈ​ដែល​ការ​ស្វែងរក​លោក Savut នៅ​តែ​បន្ត​។

ក្រុម Hatayspor រង​គ្រោះ​ខ្លាំង​បំផុត​ពី​ការ​រញ្ជួយ​ដី​នេះ ដោយ​របាយការណ៍​ក៏​បាន​បង្ហាញ​ថា កីឡាករ​២​រូប​ផ្សេង​ទៀត​របស់ Hatayspor គឺ Burak Oksuz និង Bertug Yildirim ក៏​ត្រូវ​បាន​សង្គ្រោះ​ចេញពី​គំនរ​បាក់បែក ខណៈ​ដែល​សមាជិក​២​នាក់​នៃ​ក្រុមបច្ចេកទេស ក៏​រួច​ផុត​ពី​ឧប្បត្តិ​ហេតុនេះ​ផង​ដែរ​។ ក្រៅពី​នោះ កីឡាករ Ruben Ribeiro និង Ze Luis ក៏​មាន​សុវត្ថិភាព ចំណែក​ខ្សែការពារ Kerim Alici បាន​រត់​ចេញ​ផុត​ពី​គំនរ​បាក់បែក​ដោយ​ខ្លួនឯង​។

គួរ​រំលឹក​ថា លោក Mehmet Kasapoğlu រដ្ឋមន្ត្រីក្រសួង​យុវជន និង​កីឡា​តួ​ក​គី បាន​ផ្អាក​សកម្មភាព​កីឡា​ទាំងអស់​នៅ​ក្នុង​ប្រទេស រហូត​ដល់​មានការ​ជូនដំណឹង​បន្ថែម​ទៀត បន្ទាប់​ពី​ការ​រញ្ជួយ​ដី​បាន​វា​.​យ​ប្រហារ​ខេត្ត Kahramanmaras ភាគ​ខាងត្បូង កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​០៦ កុម្ភៈ កន្លង​ទៅ​៕ (​ដកស្រង់​ចេញពី talkSPORT)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ