ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​កូនកាត់​វៀតណាម បង្ហាញ​ការ​តាំងចិត្ត​ខ្ពស់​យកឈ្នះ​ក្រុម Messi នៅ World Cup

1 ថ្ងៃ មុន

សហរដ្ឋអាមេរិក ៖ ខ្សែបម្រើ Ibrahim Maza ដែល​មាន​ម្តាយ​ជា​ជនជាតិ​វៀតណាម និង​ឪពុក​ជា​ជនជាតិ​អាល់​ហ្សេ​រី បាន​ប្រកាស​ថា ក្រុម​ជម្រើសជាតិ​អាល់​ហ្សេ​រី​មាន​សមត្ថភាព​គ្រប់គ្រាន់​អាច​យកឈ្នះ​ក្រុម​ការពារ​តំណែង​ជើងឯក​អា​ហ្ស​ង់​ទី​ន នៅ​ក្នុង​ការ​ប្រកួត​បើក​ឆាក​ពូ​ល J ពានរង្វាន់ World Cup ឆ្នាំ ២០២៦ លើ​ទឹកដី​សហរដ្ឋអាមេរិក​។

ប្រភព​ពី​សារព័ត៌មាន​វៀតណាម VnExpress ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ បានឱ្យ​ដឹង​ថា នៅ​ពេល​ក្រុម​ជម្រើសជាតិ​អាល់​ហ្សេ​រី​ធ្វើ​ដំណើរ​ដល់​សហរដ្ឋអាមេរិក ដើម្បី​ត្រៀមខ្លួន​សម្រាប់ World Cup កីឡាករ Maza មិន​បាន​បង្ហាញ​ការ​ភ័យ​ខ្លាច​ចំពោះ​សម្ពាធ​នៅ​ពេល​ខាង​មុខ​ក្នុង​ការ​ប្រកួត​បើក​ឆាក​ទល់​នឹង​អា​ហ្ស​ង់​ទី​ន​នោះ​ទេ​។ ខ្សែបម្រើ​ក្លិប Bayer Leverkusen នៃ​លី​គ​កំពូល​អា​ល្លឺ​ម៉​ង់ វ័យ​២០​ឆ្នាំ​រូប​នេះ បាន​និយាយ​ថា «​យើង​ត្រូវ​តែ​ធ្វើ​ឱ្យ​បាន​ល្អ​ក្នុង​ព្រឹត្តិការណ៍ World Cup នេះ ហើយ​ការ​ប្រកួត​ដំបូង​ជាមួយ​អា​ហ្ស​ង់​ទី​ន នឹង​មាន​សារៈសំខាន់​ខ្លាំង​ណាស់​។ ពួក​គេ​តែងតែ​ញុះ​ធ្វើ​ឱ្យ​គូប្រកួត​ទ្រាំ​មិន​បាន ប៉ុន្តែ​យើង​ត្រូវ​តែ​រក្សា​ភាព​ស្ងប់ស្ងាត់ លេង​ដោយ​ភាព​ឆ្លាត​វៃ ហើយ​រង់ចាំ​មើល​ថា តើ​មាន​អ្វី​កើតឡើង?​»​។

Maza បាន​កើត​នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់ និង​ធ្លាប់​លេង​ឱ្យ​ក្រុម​យុវជន​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​ច្រើន​កម្រិត ប៉ុន្តែ​បាន​សម្រេចចិត្ត​ជ្រើសរើស​តំណាង​ឱ្យ​ប្រទេស​កំណើត​ឪពុក​គេ​វិញ​។ នៅ​ពេល​ត្រូវ​បាន​សួរ​អំពី​ក្រុម​អា​ហ្ស​ង់​ទី​ន​ដែល​មាន​កំពូល​ខ្សែប្រយុទ្ធ Lionel Messi នោះ Maza បាន​ឆ្លើយ​ដោយ​មិន​បង្អង់​ថា «​ពួក​យើង​នឹង​យកឈ្នះ Messi ប្រសិនបើជា​ព្រះ​ឆន្ទៈ​របស់​ព្រះ​អ​ល់​ឡោះ (Allah)»​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​កីឡា​ធំ​ៗ​ជា​ច្រើន​របស់​អា​ហ្ស​ង់​ទី​ន បាន​ចុះ​ផ្សាយ​ព្រម​ៗ​គ្នា​អំពី​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ពី​សំណាក់​កីឡាករ​វ័យក្មេង​សញ្ជាតិ​អាល់​ហ្សេ​រី​រូប​នេះ មុន​ការ​ប្រកួត​របស់​ពួក​គេ​ទល់​នឹង​អា​ហ្ស​ង់​ទី​ន ដែល​នឹង​ត្រូវធ្វើ​ឡើង​នៅ​ម៉ោង ៨ ព្រឹក​ថ្ងៃ​ទី​១៧ ខែមិថុនា (​ម៉ោង​នៅ​កម្ពុជា​) នៅ​ក្នុង​ទីក្រុង Kansas រដ្ឋ Missouri សហរដ្ឋអាមេរិក​។

បន្ទាប់​ពី​ការ​បង្ហាញខ្លួន​លើក​ដំបូង​ឱ្យ​ឈុត​ធំ​អាល់​ហ្សេ​រី នៅ​ក្នុង​ការ​ប្រកួត​ទល់​នឹង​តូ​ហ្កោ កាលពី​ខែតុលា ឆ្នាំ​២០២៤ Maza បាន​ក្លាយជា​ចំណែក​ដ៏​សំខាន់​មួយ​ជា​បណ្តើរ​ៗ នៅ​ក្នុង​យុទ្ធសាស្ត្រ​របស់​លោកគ្រូ​បង្វឹក Vladimir Petkovic​។ ទម្រង់​លេង​ដ៏​លេចធ្លោ​ទាំងនោះ បាន​ជួយ​ឱ្យ Maza ពង្រឹង​កៅអី​របស់​ខ្លួន​នៅ​ក្នុង​ក្រុម​ជម្រើសជាតិ​អាល់​ហ្សេ​រី ដើម្បី​ឆ្ពោះទៅ​កាន់ការ​ប្រកួត World Cup លើក​ដំបូង​បង្អស់​របស់​ពួក​គេ គិត​ចាប់តាំងពី​ឆ្នាំ​២០១៤ មក​៕