ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ធំ​! Man City ប្រឈម​កាត់​ចេញពី Premier League ក្រោយ​រក​ឃើញ​បំពាន​ច្បាប់​ហិរញ្ញវត្ថុ

1 ឆ្នាំ មុន

អង់គ្លេស ៖ ក្រប​ខណ្ឌ English Premier League បាន​ចោទប្រកាន់​ក្លិប​មេឃ​ខៀវ Manchester City ពី​

អង់គ្លេស ៖ ក្រប​ខណ្ឌ English Premier League បាន​ចោទប្រកាន់​ក្លិប​មេឃ​ខៀវ Manchester City ពី​បទ​បំពាន​ច្បាប់​ហិរញ្ញវត្ថុ​របស់​ខ្លួន​ជាង ១០០​លើក ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​កន្លង​មកនេះ​។ ប្រសិនបើ​រក​ឃើញ​ថា ក្លិប​នេះ ប្រព្រឹត្ត​ខុស​ប្រាកដ​មែន នោះ​នឹង​ក្លាយជា​បទល្មើស​ដ៏​ធំ​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការ​ប្រកួត​បាល់ទាត់​របស់​ប្រទេស​អង់គ្លេស​។ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍ ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២៣​។

ក្លិប Man City ត្រូវ​បាន​ចោទប្រកាន់ ចំពោះ​ខក​ខានមិនបាន​ផ្តល់​ព័ត៌មាន​ផ្នែក​ហិរញ្ញវត្ថុ​ត្រឹមត្រូវ​ស្រប​តាម​ច្បាប់​របស់ Premier League ចាប់ពី​រដូវ​កាល ២០០៩-១០ ដល់ ២០១៧-១៨​។ សេចក្តីថ្លែងការណ៍​របស់​ក្រប​ខណ្ឌ Premier League បញ្ជាក់​ថា «​សមាជិក​នៃ​គណៈ​ក​ម្មា​ការ​នឹង​ត្រូវ​បាន​តែងតាំង ដោយ​ប្រធាន​ឯករាជ្យ​នៃ​ក្រុម​ចៅក្រម Premier League កំពុង​ដំណើរការ​នីតិវិធី​នឹង​មាន​លក្ខណៈ​សម្ងាត់ និង​ដោយ​ឯកជន​ភាព​»​។

ក្រប​ខណ្ឌ Premier League ក៏​បាន​ចោទប្រកាន់​ថា Man City មិន​បាន​គោរព​តាម​បទ​ប្បញ្ញត្តិ​យុត្តិធម៌​ហិរញ្ញវត្ថុ ដែល​ហៅ​កាត់​ថា FFP របស់​សហព័ន្ធ​បាល់ទាត់​ទ្វីបអឺរ៉ុប UEFA ចាប់ពី​រដូវ​កាល ២០១៣-១៤ ដល់ ២០១៧-១៨ ផង​ដែរ​។ ហើយ​មិន​បាន​អនុវត្ត​តាម​ច្បាប់​របស់ Premier League ស្តី​ពី​ប្រាក់​ចំណេញ និង​និរន្តរភាព កាលពី​ឆ្នាំ ២០១៥-១៦ ដល់ ២០១៧-១៨ ថែម​ទៀត​ផង​។

បើ​យោង​តាម​សៀវភៅ​ណែនាំ​របស់​ក្រប​ខណ្ឌ Premier League បាន​បង្ហាញ​ថា ប្រសិនបើ​រក​ឃើញ​ថា Man City បាន​បំពាន​ច្បាប់​ហិរញ្ញវត្ថុ​ពិតប្រាកដ​មែន នោះ​ពួក​គេ​អាច​ប្រឈម​នឹង​ទោសទណ្ឌ តាម​កម្រិត​នៃ​ការ​ចោទប្រកាន់​មួយ​ចំនួន ដែល​មាន​ដូច​ខាងក្រោម​៖

-​ផ្អាក​ការ​ប្រកួត​លី​គ
-​កាត់​បន្ថយ​ពិន្ទុ​ក្នុង​លី​គ
-​ការ​ប្រកួត​លី​គ​ត្រូវ​លេង​ឡើង​វិញ
-​ទម្លាក់​ចេញពី​ក្រប​ខណ្ឌ Premier League
-​លុបឈ្មោះ​កីឡាករ ដែល​បាន​ចុះហត្ថលេខា អំឡុង​ឆ្នាំ​ចោទប្រកាន់
-​បង់ប្រាក់​ពិន័យ​យ៉ាងច្រើន​បំផុត រួម​នឹង​ទោសទណ្ឌ​មួយ​ចំនួន​ផ្សេង​ទៀត​។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ កាលពី​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ក្លិប Man City បាន​អះអាង​ថា ខ្លួន​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ចំពោះ​ការ​ចោទប្រកាន់​ទាំងនេះ​។ ហើយ​ក្លិប​ស្វាគមន៍​ចំពោះ​ការ​ពិនិត្យ​ឡើង​វិញ​នៃ​បញ្ហា​នេះ ដោយ​គណៈកម្មការ​ឯករាជ្យ ដើម្បី​ពិចារណា​ផ្អែក​លើ​ភស្តុ​តាង ដែល​មិន​អាច​ប្រកែក​បាន ដែល​មាននៅ​ក្នុង​ការ​គាំទ្រ​ដល់​ជំហរ​របស់​ខ្លួន​។

គួរ​រំលឹក​ថា នៅ​ក្នុង​ឆ្នាំ ២០២០ ក្លិប Man City ត្រូវ​បាន​ហាមប្រាម​ពី​ការ​ប្រកួត​បាល់ទាត់​នៅ​អឺរ៉ុប​រយៈពេល​២​រដូវ​កាល សម្រាប់​ការ​បំពាន​យ៉ាងធ្ងន់ធ្ងរ លើ​បទ​ប្បញ្ញត្តិ FFP ។ ប៉ុន្តែ​បម្រាម​នេះ ត្រូវ​បាន​លុប​ចោល​វិញ ដោយ​តុលាការ​អាជ្ញាកណ្តាល​សម្រាប់​កីឡា (CAS)​។

សូម​ជម្រាប​ជូន​ថា ក្លិប Man City ត្រូវ​បាន​ទិញ​ដោយ​សម្ព័ន្ធ Abu Dhabi United Group ដែល​ជា​ក្រុមហ៊ុន​ភាគហ៊ុន​ឯកជន មាន​មូលដ្ឋាន​នៅ​អា​រ៉ាប់​រួម (UAE) កាលពី​ឆ្នាំ ២០០៨ ហើយ​ចាប់តាំងពី​ពេល​នោះ​មក ក្លិប​នេះ បាន​ចាយ​លុយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ផ្តោត​ពិសេស​លើ​ការ​ចុះហត្ថលេខា​នាំ​ចូល​កីឡាករ ហើយ​ដែល​ជា​លទ្ធផល​ពួក​គេ​បាន​ឈ្នះ​ជើងឯក Premier League ៦​ដង FA Cup ២​ដង និង EFL Cup ៦​ដង ក៏​ដូច​ជា​ការ​បញ្ចប់​ជើងឯក​រង​នៅ​ក្រប​ខណ្ឌ Champions League ក្នុង​ឆ្នាំ ២០២១ ផង​ដែរ​៕ (​ដកស្រង់​ចេញពី Sky Sports និង CNN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ