ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Arsenal, Liverpool របូត​៣​ពិន្ទុ ខណៈ Man United ឈ្នះ​ទាំង​ព្រលឹង​ចុង​សក់

1 ឆ្នាំ មុន

អង់គ្លេស ៖ ក្រុម Arsenal និង Liverpool សុទ្ធតែ​រង​បរាជ័យ​ដូច​ខ្លួន ខណៈ​ដែល​ក្រុម Manchester

អង់គ្លេស ៖ ក្រុម Arsenal និង Liverpool សុទ្ធតែ​រង​បរាជ័យ​ដូច​ខ្លួន ខណៈ​ដែល​ក្រុម Manchester United យក​បាន​៣​ពិន្ទុ​ទាំង​ព្រលឹង​ចុង​សក់ នៅ​ក្នុង​ការ​ប្រកួត​ក្រប​ខណ្ឌ English Premier League កាលពី​ថ្ងៃ​ទី​០៤ ខែកុម្ភៈ កន្លង​ទៅ​។

ក្រុម​កំពូល​តារាង Arsenal រង​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​នៅ​តំបន់​ត្រូវ​កាត់​ចោល Everton ដោយ​លទ្ធផល ១-០ នៅ​កីឡដ្ឋាន Goodison Park​។ ខ្សែការពារ James Tarkowski ជា​អ្នករក​ជ័យជម្នះ​សម្រាប់ Everton ក្រោម​ការ​ដឹក​ប្រកួត​ដំបូង​របស់​លោក Sean Dyche ក្នុង​នាម​ជា​អ្នកចាត់ការ​ទូទៅ​ថ្មី ដែល​ជំនួស​តំណែង​លោក Frank Lampard ដែល​ត្រូវ​បណ្តេញចេញ កាលពី​ថ្ងៃ​ទី​២៣ មក​រា កន្លង​ទៅ​។

ក្រ​ឡែក​ទៅ​កាន់​ជំនួប​មួយទៀត នៅ​ឯ​កីឡដ្ឋាន Molineux បាន​បញ្ចប់​ទៅ​ដោយ​ក្រុម​ម្ចាស់ផ្ទះ Wolves បំបាក់​ក្រុម​ហង្ស​ក្រហម Liverpool ដោយ​លទ្ធផល ៣-០ យ៉ាង​ភ្ញាក់ផ្អើល​បំផុត​។ ជ័យជម្នះ​របស់ Wolves សម្រេច​បាន​ដោយ​ខ្សែការពារ Craig Dawson និង​ខ្សែបម្រើ Ruben Neves ចំណែក​១​គ្រាប់​ទៀត គឺជា​ការ​ធ្វើ​ឱ្យ​ចូល​ទី​ខ្លួនឯង​ពី​សំណាក់​ខ្សែការពារ Joel Matip របស់​ក្រុម Liverpool​។

ការ​ចាកចេញ​របស់​ខ្សែប្រយុទ្ធ Sadio Mane ដែល​ទៅ​ចូលរួម​ជាមួយ​ក្រុម​យក្ស​អា​ល្លឺ​ម៉​ង់ Bayern Munich កាលពី​ខែមិថុនា ឆ្នាំ​២០២២ កន្លង​ទៅ បាន​ធ្វើ​ឱ្យ Liverpool ដែល​ធ្លាប់តែ​រុងរឿង និង​ជា​ក្រុម​រងជើង​ឯក​រដូវ​កាល​មុន ក្រោម​ការ​ដឹកនាំ​របស់​លោក Jurgen Klopp កំពុង​តែ​ធ្លាក់​ទម្រង់​លេង​យ៉ាង​ខ្លាំង នៅ​រដូវ​កាល​នេះ​។ ដោយ​ឆ្លងកាត់​២០​ប្រកួត​កន្លង​មក នៃ​ក្រប​ខណ្ឌ Premier League ឈ្នះ​៨ ស្មើ​៥ និង​ចាញ់​៧ មាន​២៩​ពិន្ទុ ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១០ ខណៈ​ដែល​៥​ប្រកួត​ចុង​ក្រោយ ឈ្នះ​តែ​១​ប្រកួត​ប៉ុណ្ណោះ និង​ស្មើ​១ ចាញ់​៣​ប្រកួត​។

ដោយឡែក ការ​ប្រកួត​នៅ​កីឡដ្ឋាន Old Trafford ក្រុម​បិសាច​ក្រហម Man United យកឈ្នះ​លើ​ក្រុម​ភ្ញៀវ Crystal Palace ទាំង​ព្រលឹង​ចុង​សក់​ក្នុង​លទ្ធផល ២-១​។ ម្ចាស់ផ្ទះ​បាន​គ្រប់គ្រង​ការ​ប្រកួត និង​វាយ​សម្រុក​យ៉ាង​ខ្លាំង រហូត​បង្កើត​គ្រាប់​បាល់​២​គ្រាប់ ត្រឹម​នាទី​៦២ ដោយ​ខ្សែបម្រើ Bruno Fernandes ការ​ទាត់​ប៉េ​ណា​ល់​ទី និង​ការ​ទាត់​បញ្ចូល​ទី ដោយ​ខ្សែប្រយុទ្ធ Marcus Rashford​។

យ៉ាងណាមិញ ការ​ប្រកួត​បាន​ផ្លាស់​ប្តូរ​ទាំងស្រុង​តែ​ម្តង បន្ទាប់​ពី​ខ្សែបម្រើ Casemiro របស់ Man United ទទួល​បាន​កាត​ក្រហម​នៅ​នាទី​៧០ ក្រោយ​ក្រុម​ទាំង​ពីរ​មានការ​ប៉ះទង្គិច​គ្នា ហើយ​ខ្សែបម្រើ​ប្រេ​ស៊ី​ល​រូប​នេះ បាន​ទៅ​ច្របាច់ក​ខ្សែបម្រើ Will Hughes របស់ Crystal​។

ក្រោយ​ចំណេញ​កីឡាករ​ម្នាក់ នៅ​លើ​ទីលាន ក្រុម​ភ្ញៀវ​បាន​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង ទៅ​លើ​ម្ចាស់ផ្ទះ រហូត​វាយបក​បាន​១​គ្រាប់​មក​វិញ នៅ​នាទី​៧៦ ដោយ​ខ្សែបម្រើ​ប្រយុទ្ធ Jeffrey Schlupp ហើយ​នៅ​នាទី​សេសសល់ Crystal បាន​គ្រប់គ្រង​ការ​ប្រកួត​ទាំងស្រុង និង​វាយ​សម្រុក​យ៉ាង​ខ្លាំង ប៉ុន្តែ​មិន​អាច​សម្រេច​គ្រាប់​បាល់​បន្ថែម​បាន​ឡើយ រហូត​ដល់​ចប់​ការ​ប្រកួត​៕

https://www.youtube.com/watch?v=NvFfm8gGHtM

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ