យុក្យាការតា ៖ ឆ្លៀតឱកាសនៃការចូលរួមវេទិកាទេសចរណ៍អាស៊ាន២០២៣ នាព្រឹកថ្ងៃទី៣ ខែកុម្ភៈនេះ ឯកឧត្តមថោង រដ្ឋសក្តិអគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីទេសចរណ៍បានដឹកនាំមន្ត្រីជំនាញក្រសួងទេសចរណ៍ ក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម Shi Zeyi អគ្គនាយកក្រសួងវប្បធម៌ និងទេសចរណ៍ចិន និងគណៈប្រតិភូនៅទីក្រុងយុក្យាការតា ប្រទេសឥណ្ឌូណេស៊ី។
![Picture]()
ឯកឧត្តម ថោង រដ្ឋសក្តិ បានរលឹកថា កម្ពុជា និងចិនមានទំនាក់ទំនង កិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងស្អិតល្មួតជាប្រវត្តិសាស្ត្រដែលរហូតមកដល់ពេលនេះ គឺជាមិត្តដែកថែប។មិត្តចិនតែងតែជួយដល់ការអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជា ជាពិសេសវិស័យទេសចរណ៍ដោយបានជំរុញគាំទ្រដល់ការកសាងសម្បទារទេសចរណ៍មានដូចជា ការសាងសង់អាកាសយានដ្ឋានសៀមរាបថ្មី កីឡាដ្ឋានមរតកតេជោ និងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុជាដើម និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍។
![Picture]()
ឯកឧត្តម Shi Zeyi បានកោតសរសើរដល់កម្ពុជា ដែលតែងតែបន្តទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេសទាំងពីរ ជាពិសេសការយកចិត្តទុកដាក់ និងទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា។
ដោយមើលឃើញពីសក្តានុពល និងពេលវេលាសមស្របក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរឡើងអំឡុងពេលដែលប្រទេសចិនបើកប្រទេសឡើងវិញនៅពេលនេះ ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការរៀបចំផែនការសកម្មភាព ដើម្បីជំរុញលំហូរទេសចររវាងប្រទេសទាំងពីរដូចខាងក្រោម ៖ * គិតគូររៀបចំកម្មវិធីសម្តែងសិល្បៈរួម ដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍ដល់ពលរដ្ឋប្រទេសទាំងពីរបន្ថែមទៀត ក៏ដូចជាចូលរួមអបអរសាទរខួបគម្រប់៦៥ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ចិន។ * ជំរុញជើងហោះត្រង់បន្ថែមទៀតពីគោលដៅទីផ្សារចិនមកកាន់អាកាសយានដ្ឋានអន្តរជាតិទាំង៣ របស់កម្ពុជា និងពីកម្ពុជាទៅចិន។ * រៀបចំដំណើរទស្សនកិច្ចស្វែងយល់ (Fam-Trip) សម្រាប់ផ្នែកឯកជន និងសារព័ត៌មានទៅកាន់ប្រទេសទាំងពីរ។ * ជំរុញការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍។ * គាំទ្រដល់ការអនុវត្តសៀវភៅសស្តីពី China Ready ទេសចរណ៍កម្ពុជា និងការបង្កើតមជ្ឈមណ្ឌលទ្រទ្រង់ China Ready។ * ជំរុញការរៀបចំវេទិកាធុរកិច្ចទេសចរណ៍ក្នុងប្រទេសទាំងពីរ។
![Picture]()
ភាគីទាំងពីរព្រមព្រៀងរៀបចំផែនការសកម្មភាពលម្អិតនៃកិច្ចសហប្រតិបត្តិការទេសចរណ៍រួមកម្ពុជា-ចិន ឆ្នាំ២០២៣-២០២៨ ដែលនឹងចុះហត្ថលេខាដោយថ្នាក់ដឹកនាំទេសចរណ៍នៃប្រទេសទាំងពីរនៅពេលណាមួយសមស្របនៅក្នុងប្រទេសកម្ពុជា ឬប្រទេសចិន ឬអំឡុងព្រឹត្តិការណ៍ទេសចរណ៍អន្តរជាតិណាមួយដែលភាគីពីរ ស្របតាមអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៦៕
ចែករំលែកព័តមាននេះ