ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិតបរិសុទ្ធមិនអាស្រ័យលើត្រកូលឬវណ្ណៈទេ

6 ឆ្នាំ មុន

នៅ​ក្នុង​គម្ពីរ​សំ​យុ​ត្ត​និកាយ​សគា​ថក ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា សត្វ​ទាំងឡាយ​រមែង​បរិសុទ្ធ​បាន​ដោយ

នៅ​ក្នុង​គម្ពីរ​សំ​យុ​ត្ត​និកាយ​សគា​ថក ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា សត្វ​ទាំងឡាយ​រមែង​បរិសុទ្ធ​បាន​ដោយហេតុ​៣​យា​៉​ង​គឺ កម្ម​១ វិជ្ជា​១ និង​ធម្ម​១ ។ បើ​ទោះជា​បុគ្គល​ប្រសូត​ចេញពី​ត្រកូល​ឬ​វណ្ណៈ​ណា​ក៏​ដោយ មិន​សំខាន់​ទេ តែ​រឿង​ដែល​សំខាន់​គឺ​វា​អាស្រ័យ​ទៅ​លើ​ការ​ប្រព្រឹត្ត​របស់​បុគ្គល​នោះ​តែ​ប៉ុណ្ណោះ​ដើម្បី​ធ្វើ​ឱ្យ​ជីវិត​បរិសុទ្ធ ។ បណ្តា​ហេតុ​ទាំង​៣​យ៉ាងនោះ ៖

១-​កម្ម រាល់​អំពើ​គ្រប់​យា​៉​ង​ដែល​បុគ្គល​បាន​ធ្វើ​ហើយ ទោះ​ទ​ង្វើ​នោះ​ប្រកបដោយ​កាយ​កម្ម​ក្តី វចីកម្ម​ក្តី មនោ​កម្ម​ក្តី បុគ្គល​គួរ​ប្រព្រឹត្ត​តែ​អំពើ​ណា​ដែល​នាំ​មក​នូវ​ប្រយោជន៍​សម្រាប់​ខ្លួនឯង​ផង និង​អ្នក​ដទៃ​ផង ។ កម្ម​ណា​ដែល​នាំ​មក​នូវ​ភាព​ក្តៅក្រហាយ​ស្តាយក្រោយ​ចំពោះ​ខ្លួនឯង និង​អ្នក​ដទៃ បុគ្គល​ពុំគួរ​ប្រព្រឹត្ត​ឡើយ គួរ​វៀរចាក​ឱ្យ​ស្រឡះ ព្រោះ​បុគ្គល​ធ្វើ​អាក្រក់​ដោយ​ខ្លួនឯង​រមែង​សៅហ្មង​ដោយ​ខ្លួនឯង បុគ្គល​ធ្វើ​ល្អ​ដោយ​ខ្លួនឯង​រមែង​បរិសុទ្ធ​ដោយ​ខ្លួនឯង ។ ដូច្នេះ​បុគ្គល​គ្រប់​រូប​កាលបើ​ប្រាថ្នា​ចង់បាន​ជីវិត​បរិសុទ្ធ គប្បី​បំពេញ​នូវ​សេចក្តី​បរិសុទ្ធ​ទាំង​៣​យា​៉​ង​នេះ​គឺ កាយ​សោ​ចេ​យ្យ ស្អាត​ខាង​ផ្លូវ​កាយ​១ វចី​សោ​ចេ​យ្យ ស្អាត​ខាង​ផ្លូវ​វាចា​១ មនោ​សោ​ចេ​យ្យ ស្អាត​ខាង​ផ្លូវចិត្ត​១ ។

២-​វិជ្ជា សំដៅ​ទៅ​លើ​ចំណេះដឹង ដែល​បាន​សិក្សា​រៀនសូត្រ​ខាង​ផ្លូវលោក​ក្តី ផ្លូវធម៌​ក្តី​។ បុគ្គល​កាលបើ​មានចំណេះ​វិជ្ជា​ច្រើន អាច​នាំ​ឱ្យ​មាន​ភាព​ប្រសើរ​ថ្លៃថ្លា សិរី​សួស្តី ឧតុង្គឧត្តម​ខ្ពង់ខ្ពស់ លើស​គេឯង សម​ដូច​សុភាសិត​សំស្ក្រឹត​បង្ហាញ​ថា​៖ «​ព្រះ​ចន្ទ​ចែងចាំង​ជា​លំអ​មេឃ ស្វាមី​គួរ​ត្រេក​ជា​លំអ​ស្រី ព្រះរាជា​ជា​លំអ​នៃ​ផែនដី វិជ្ជា​ជា​ស្រីសួស្តី​សព្វ​មនុស្ស​» ។ បុរាណ​សុភាសិត​មាន​ច្រើន​ដែល​ស្តី​ពី​វិជ្ជា​ដូច​មាន​លើក​ឡើង​ថា វិជ្ជា​ជា​ទ្រព្យ​ជាប់​នឹង​ប្រាណ ចោរលួច​មិន​បាន​ចាយ​ច្រើន​កាន់តែ​ចម្រើន​ឡើង​… ។
ពិត​ណាស់ បណ្តា​ទ្រព្យសម្បត្តិ​ទាំងឡាយ​អាច​បាត់បង់​អន្តរាយ​ដោយ​ប្រការ​ផ្សេង​ៗ​មាន​ចោរលួច ប្លន់ ភ្លើង​ឆេះ ទឹក​ជន់​លិច​ជាដើម ប៉ុន្តែ​អរិយទ្រព្យ​ពោល​គឺ​វិជ្ជា​នេះ​មិន​អាច​បាត់បង់ ឬ​សាបសូន្យ​បាន​ឡើយ​។ ក្នុង​សម័យ​ណា​ក៏​ដោយ កាលបើ​បុគ្គល​មានចំណេះ​ដឹង​គ្រប់គ្រាន់ ងាយស្រួល​ក្នុង​ការ​ប្រកប​របរ​ចិញ្ចឹមជីវិត ងាយស្រួល​ក្នុង​ការ​រក​ការងារ​ធ្វើ ហើយ​ត្រូវ​ទទួល​បាន​កម្រៃ​បៀវត្ស​ខ្ពស់ ស័ក្តិសម​នឹង​សមត្ថភាព​ពិត ។ អ្នកមាន​បញ្ញា​កាលបើ​ជីវិត​ជួប​ប្រទះ​នូវ​បញ្ហា​ចំពោះ​មុខ អាច​ដោះស្រាយ​បាន​ដោយ​ងាយ​មិន​ប្រើ​ហិង្សា និង​សស្ត្រាវុធ​ឡើយ គឺ​យក​បញ្ញា​ទៅ​ប្រើ​ក្នុង​ការ​ចរចា និង​ការ​វិនិច្ឆ័យ​ក្នុង​បញ្ហា​កម្ម​ផ្សេង​ៗ​សម​ដូច​សុភាសិត​ថា វិជ្ជា​ជា​អាហារ ប្រាជ្ញា​ជា​អាវុធ ។

៣-​ធម្ម ធម៌ សភាវៈ​ទ្រទ្រង់​សត្វលោក​គឺ​បុណ្យ បាប សុចរិត ទុច្ចរិត ជាដើម ។ បុគ្គល​ប្រព្រឹត្ត​បដិបត្តិ​នូវ​ធម៌​បាន​ល្អ​ត្រឹមត្រូវ ព្រះធម៌​រមែង​រក្សា​បុគ្គល​នោះ​ឱ្យ​បាន​សេចក្តីសុខ​ចម្រើន ។ ដូច្នេះ​ព្រះធម៌​មានគុណ​ច្រើន​ណាស់ បុគ្គល​គ្រប់​រូប​មិន​អាច​រស់នៅ​ដោយ​ប្រាសចាក​ពី​ព្រះធម៌​ឡើយ ។ ព្រះធម៌​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ឱសថ​ទិព្វ​សម្រាប់​ព្យាបាល​រោគ​យា​៉​ង​មាន​ប្រសិទ្ធភាព ស្រប​នឹង​បទ​បាលី​ថា ពុទ្ធោ មហា​វេ​ជ្ជោ ធ​ម្មោ ឱ​ស​ថោ ព្រះពុទ្ធ​ទុកដូចជា​គ្រូពេទ្យ​ធំ ព្រះធម៌​ទុកដូចជា​ឱសថ ។

ជា​ការ​ពិត​ណាស់ មនុស្ស​ទាំងឡាយ​កាលបើ​កើតមក​ហើយ​តែង​នាំ​មក​នូវ​រោគាព្យាធិ​ជាប់​មក​ជាមួយ រោគ​ខ្លះ​កើត​ក្នុង​កាយ រោគ​ខ្លះ​កើត​ក្នុង​ចិត្ត ។ រោគ​ដែល​កើត​ក្នុង​កាយ ទំនងជា​ងាយស្រួល​ព្យាបាល ងាយស្រួល​រិះរក​សមុដ្ឋាន ឬ​ប្រភព​នៃ​រោគ​សញ្ញា​តាម​រយៈ​ឧបករណ៍​វិទ្យាសាស្ត្រ​ទំនើប​នា​ពេល​បច្ចុប្បន្ន ។ ប៉ុន្តែ ចំពោះ​រោគ​ផ្លូវចិត្ត ដែល​មាន​មេរោគ​ចម្បង​៣​គឺ លោភៈ ទោសៈ មោហៈ ពិតជា​ពុំ​មាន​គ្រូពេទ្យ ឬ​ឱសថ​ណាយ​កមក​ព្យាបាល​ឱ្យ​ជា​សះស្បើយ​បាន​ឡើយ គឺ​មាន​តែ​ព្រះធម៌​ប៉ុណ្ណោះ​ឯង​សម្រាប់​អប់រំ​ចិត្ត ។
ព្រោះហេតុនោះ​បុគ្គល​គប្បី​បដិបត្តិ​នូវ​ព្រះធម៌​ឱ្យ​បាន​ខ្ជាប់ខ្ជួន ត្រឹមត្រូវ​ដើម្បី​ទទួលយក​សេចក្តីសុខ​ទាំង​បច្ចុប្បន្ន​និង​បរលោក ៕
(​ឈ្វេងយល់​ឱវាទ​ព្រះពុទ្ធ​សាសនា​ចេញផ្សាយ​រៀងរាល់ថ្ងៃ​សីល​)