ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់​អ៊ុយ​ក្រែ​ន ៖ រុ​ស្ស៊ី​រៀបចំ​ការ​វាយលុក​ដ៏​ធំ​មួយ ដើម្បី​ប្រារព្ធ​ខួប​១​ឆ្នាំ​នៃ​ការ​ឈ្លានពាន

1 ឆ្នាំ មុន

អ៊ុយ​ក្រែ​ន ៖ យោង​តាម​ប្រភព​ពី​សារព័ត៌មាន BBC ចេញផ្សាយ​នៅ​ថ្ងៃ​ទី​០២ ខែកុម្ភៈ នេះ បានឱ្យ​ដឹង​

អ៊ុយ​ក្រែ​ន ៖ យោង​តាម​ប្រភព​ពី​សារព័ត៌មាន BBC ចេញផ្សាយ​នៅ​ថ្ងៃ​ទី​០២ ខែកុម្ភៈ នេះ បានឱ្យ​ដឹង​ថា រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ុយ​ក្រែ​ន បាន​និយាយ​ថា រុ​ស្ស៊ី​កំពុង​រៀបចំ​ការ​វាយលុក​ថ្មី​ដ៏​ធំ​មួយ​លើ​អ៊ុយ​ក្រែ​ន ហើយ​លោក​ព្រមាន​ថា វា​អាច​នឹង​ចាប់ផ្តើម​ភ្លាម​ៗ នៅ​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ខាង​មុខ​នេះ​។

លោក Oleksii Reznikov រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ុយ​ក្រែ​ន បាន​និយាយ​ថា ទីក្រុង​ម៉ូ​ស្គូ​បាន​ប្រមូលផ្តុំ​កងទ័ព​ទ្រង់ទ្រាយ​ធំ ហើយ​អាច​នឹង​សាកល្បង​អ្វីមួយ ដើម្បី​ប្រារព្ធ​ខួប​នៃ​ការ​លុកលុយ​លើក​ដំបូង​របស់​ពួក​គេ​មក​លើ​អ៊ុយ​ក្រែ​ន កាលពី​ឆ្នាំ​មុន​។ ការ​វាយប្រហារ​ដ៏​សំខាន់​នេះ ក៏​សម្រាប់​ប្រារព្ធ​ទិវា អ្នក​ការពារ​នៃ​មាតុភូមិ​របស់​រុ​ស្ស៊ី នៅ​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ផង​ដែរ​។ លោក​បាន​និយាយ​ថា ទីក្រុង​មូ​ស្គូ បាន​ចល័ត​កងទ័ព​ប្រហែល ៥០​ម៉ឺន​នាក់ សម្រាប់​ការ​វាយលុក​ដ៏​មាន​សក្តានុពល​នេះ​។

កាលពី​ខែកញ្ញា ឆ្នាំ​២០២២ កន្លង​ទៅ ប្រធានាធិបតី​រុ​ស្ស៊ី លោក Vladimir Putin បាន​ប្រកាស​អំពី​ការ​ចល័ត​ទ័ព​ទូទៅ​ប្រមាណ ៣០​ម៉ឺន​នាក់ ដែល​បុរស​ខ្លាំង​រុ​ស្ស៊ី​រូប​នេះ បាន​និយាយ​ថា ជា​ការ​ចាំបាច់ ដើម្បី​ធានា​បាន​នូវ​បូរណភាព​ទឹកដី​របស់​រុ​ស្ស៊ី​។ ប៉ុន្តែ​ទោះ​យ៉ាងណា លោក Reznikov បាន​ស្នើ​ថា តួរ​លេខ​ពិតប្រាកដ​ដែល​ត្រូវ​បាន​ជ្រើសរើស និង​ដាក់​ពង្រាយ​នៅ​អ៊ុយ​ក្រែ​ន អាច​មាន​ចំនួន​ខ្ពស់​ជាង​នេះ​។

បច្ចុប្បន្ន​អ៊ុយ​ក្រែ​ន នៅ​តែ​រង​ការ​វាយប្រហារ​ពី​រុ​ស្ស៊ី តាម​រយៈ​ការ​ផ្លោង​គ្រាប់​មី​ស៊ី​លម​កលើ​តំបន់​សំខាន់​ៗ​មួយ​ចំនួន​។ ជាក់ស្តែង​កាលពី​ពេល​ថ្មី​ៗ​នេះ មនុស្ស​៣​នាក់ បាន​ស្លាប់ នៅ​ក្នុង​ការ​វាយប្រហារ​លើ​ទីក្រុង Kramatorsk ។ អភិបាល​តំបន់​បាន​និយាយ​ថា មនុស្ស​៨​នាក់​ផ្សេង​ទៀត បាន​រង​របួស នៅ​ក្នុង​ទីក្រុង​ស្ថិត​ក្នុង​តំបន់ Donetsk មួយ​នេះ បន្ទាប់​ពី​កាំជ្រួច​រុ​ស្ស៊ី បាន​វាយប្រហារ​ចំ​អគារ​លំនៅ​ដ្ឋា​ន​មួយ​។ ចំនួន​អ្នក​ស្លាប់​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើនឡើង នៅ​ពេល​ក្រុម​អ្នក​ជួយ​សង្គ្រោះ​រុករក នៅ​ក្នុង​បំណែក​បាក់បែក​នៃ​អគារ​។

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Volodymyr Zelenskyy បាន​សរសេរ​សំ​ណេ​រ​មួយ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​អំពី​ការ​វាយប្រហារ​ថា «​មធ្យោបាយ​តែ​មួយ​គត់ ដើម្បី​បញ្ឈប់​អំពើ​ភេរវកម្ម​របស់​រុ​ស្ស៊ី គឺ​ការ​កម្ចាត់ ដោយ​ប្រើ​រថក្រោះ យន្តហោះ​ចម្បាំង និង​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​»​។

កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ភាគី​អ៊ុយ​ក្រែ​ន បាន​អំពាវនាវ​សារ​ជា​ថ្មី សម្រាប់​ជំនួយ​យន្តហោះ​ចម្បាំង ពី​ប្រទេស​លោក​ខាងលិច ដើម្បី​ជួយ​ការពារ​ខ្លួន​ពី​ការ​វាយប្រហារ​តាម​អាកាស​របស់​រុ​ស្ស៊ី ដែល​ការ​ស្នើ​ជំនួយ​នេះ កើតឡើង​បន្ទាប់​ពី​អា​ល្លឺ​ម៉​ង់ សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស បាន​យល់ព្រម​បញ្ជូន​រថក្រោះ​ប្រយុទ្ធ​ទំនើប សម្រាប់​អ៊ុយ​ក្រែ​ន​៕ (​ដកស្រង់​ចេញពី BBC)

លោក Oleksii Reznikov រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ