ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

EFL Cup ៖ Man United ឡើង​ទៅ​ប៉ះ Newcastle វគ្គ​ផ្តាច់ព្រ័ត្រ​ជា​លើក​ដំបូង​រយៈពេល​៦៣​ឆ្នាំ

10 ខែ មុន

អង់គ្លេស ៖ ក្រុម​បិសាច​ក្រហម Manchester United នឹង​ត្រូវ​តទល់​ជាមួយនឹង​ក្រុម​សារិកា​ព្រៃ

អង់គ្លេស ៖ ក្រុម​បិសាច​ក្រហម Manchester United នឹង​ត្រូវ​តទល់​ជាមួយនឹង​ក្រុម​សារិកា​ព្រៃ Newcastle United ដើម្បី​ដណ្តើម​តំណែង​ជើងឯក​ពានរង្វាន់ EFL Cup (Carabao Cup) ក្រោយ​បំបាក់​ក្រុម Nottingham Forest យ៉ាង​ចាស់ដៃ នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។

ជំនួប​ជើង​ទី​១ នៅ​កីឡដ្ឋាន City Ground កាលពី​ថ្ងៃ​ទី​២៥ ខែមករា បាន​បញ្ចប់​ទៅ ដោយ​ក្រុម​ភ្ញៀវ Man United យកឈ្នះ​នៅ​ក្នុង​លទ្ធផល ៣-០ ខណៈ​ជំនួប​ជើង​ទី​២ ដែល​បាន​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Old Trafford កាល​ថ្ងៃ​ទី​០១ ខែកុម្ភៈ ក្រុម​ម្ចាស់ផ្ទះ Man United បាន​បន្ត​ឈ្នះ​នៅ​ក្នុង​លទ្ធផល ២-០ ដែល​មាន​ន័យ​ថា សរុប​ទាំង​ពីរ​ជើង ក្រុម​លោក Erik ten Hag យកឈ្នះ​លទ្ធផល ៥-០ ដើម្បី​បន្ត​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ EFL Cup ជា​លើក​ដំបូង ក្រោយ​ខកខាន​អស់​រយៈពេល​៦​ឆ្នាំ​។

Man United នឹង​ត្រូវ​តទល់​ជាមួយនឹង​ក្រុម Newcastle ដែល​បាន​យកឈ្នះ​លើ​ក្រុម Southampton នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​សុ​រប​ទាំង​ពី​រេ​ជើង ដោយ​លទ្ធផល ៣-១ ដើម្បី​ដណ្តើម​តំណែង​ជើងឯក​សម្រាប់​រដូវ​កាល ២០២២-២៣ នេះ​។

សម្រាប់ Newcastle ក្រោម​ការ​ដឹកនាំ​របស់​លោក Eddie Howe បាន​ដឹកនាំ​ក្រុម​របស់​រហស្សនាម «​សារិកា​ព្រៃ​» មួយ​នេះ ធ្វើ​ព្យុះ​ធ្វើ​ភ្ញៀវ​យ៉ាង​ខ្លាំង​សម្រាប់​រដូវ​កាល​នេះ ហើយ​នេះ គឺជា​ការ​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ EFL Cup ជា​លើក​ដំបូង ក្រោយ​ខកខាន​អស់​ពេល​៤៧​ឆ្នាំ សម្រាប់​ក្រុម​ដែល​បច្ចុប្បន្ន កំពុង​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៣ នៃ​ក្រប​ខណ្ឌ​លី​គ​កំពូល​អង់គ្លេស English Premier League មួយ​នេះ​។ ខណៈ​លើក​ដំបូង ដែល​ពួក​គេ​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​គឺ​រដូវ​កាល ១៩៧៥-៧៦ ដោយ​បញ្ចប់​ទៅ​ត្រឹម​រងជើង​ឯក ក្រោយ​ចាញ់​ក្រុម​មេឃ​ខៀវ Manchester City ដោយ​លទ្ធផល ២-១​។

គួរ​បញ្ជាក់​ថា នេះ​គឺជា​ការ​ជួប​គ្នា​ជា​លើក​ដំបូង​បំផុត សម្រាប់​ក្រុម Man United ម្ចាស់​ជើងឯក EFL Cup ៥​សម័យកាល និង​ក្រុម Newcastle នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ ចាប់តាំងពី​ពានរង្វាន​នេះ បង្កើត​ឡើង​ដំបូង​នៅ​ក្នុង​ឆ្នាំ ១៩៦០ ដែល​គិត​រហូត​មក​ទល់​ពេល​នេះ មាន​រយៈពេល ៦៣​ឆ្នាំ​ហើយ​។ ការ​ប្រកួត​ដណ្តើម​ពានរង្វាន់ EFL Cup 2022-23 នឹង​ត្រូវធ្វើ​ឡើង​នៅ​ឯ​កីឡដ្ឋាន​ជាតិ Wembley នា​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៣ ខាង​មុខ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ