ខេត្តកោះកុង ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ស្ត្រីម្នាក់បានសម្រាលកូននៅពាក់កណ្តាលផ្លូវ មុនពេលក្រុមគ្រូពេទ្យមកដល់ នៅចំណុចលើវាលស្មៅ ខណៈពេលឈឺពោះខ្លាំងពេកធ្វើដំណើរមិនដល់មន្ទីរពេទ្យ ហេតុការណ៍ស្ត្រីសម្រាលកូននេះ បានកើតឡើងកាលពីម៉ោង១៧និង៣០នាទីល្ងាច ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។
ស្ត្រីសំរាលកូនខាងលើមានឈ្មោះ កែវ សម្ផស្ស អាយុ៣៦ឆ្នាំ មុខរបរកម្មកររោងចក្រ និងមានប្តីឈ្មោះ អ៊ូ ហ៊ូវ អាយុ៤១ឆ្នាំ មានមុខរបរជាតៃកុងឡានដឹកដី មានទីលំនៅភូមិស្មាច់មានជ័យ ឃុំស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង។

ក្រុមគ្រូពេទ្យបានបញ្ជាក់ឱ្យថា ស្ត្រីខាងលើសម្រាលបានកូនស្រីម្នាក់ ដែលទម្ងន់២,៧គីឡូក្រាម ជាកូនទី៤ នៅក្នុងគ្រួសារ។ ក្រុមគ្រូពេទ្យបានបន្ថែមទៀតថា ខណៈពេលរថយន្តសង្គ្រោះទៅដល់កន្លែងកើតហេតុ ស្ត្រីខាងលើបានសម្រាលកូនរួចទៅហើយ និងបានលើកដាក់រថយន្តដឹកមកពិនិត្យសង្គ្រោះបន្តនៅមន្ទីរពេទ្យរហូតរួចរាល់ និងប្រកបដោយសុខភាពល្អទាំងម្តាយ និងកូន៕



ចែករំលែកព័តមាននេះ