ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លន បញ្ញា ទៅ​ចូលរួម​ប្រកួត​ឃី​ក​បុក​ស៊ី​ង​ នៅ​​ចិន ជា​ការ​ត្រៀមខ្លួន​សម្រាប់​ស៊ី​ហ្គេ​ម​នៅ​កម្ពុជា

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ម្ចាស់​មេដាយ​ប្រាក់​ស៊ី​ហ្គេ​ម លើក​ទី​៣១ កីឡាករ លន បញ្ញា នឹង​ត្រូវ​ចូលរួម​ប្រកួត​ឃី​

រាជធានី​ភ្នំពេញ ៖ ម្ចាស់​មេដាយ​ប្រាក់​ស៊ី​ហ្គេ​ម លើក​ទី​៣១ កីឡាករ លន បញ្ញា នឹង​ត្រូវ​ចូលរួម​ប្រកួត​ឃី​ក​បុក​ស៊ី​ង​ក្នុង​ព្រឹត្តិការណ៍ WES នៅ​ប្រទេស​ចិន ដោយ​ត្រូវ​ជួប​កីឡាករ​ម្ចាស់ផ្ទះ ក្នុង​ប្រភេទ​ទម្ងន់ ៦៧​គីឡូក្រាម នា​ថ្ងៃ​ទី​០៣ ខែកុម្ភៈ ​ខាងមុខ​​នេះ ។ លោក ហេង សុខ​ឃ​ន ប្រធាន​សហព័ន្ធ​កីឡា​ឃី​ក​បុក​ស៊ី​ង​កម្ពុជា និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​ចាត់​ទុក​ការ​ប្រកួត​នេះ គឺជា​ការ​បង្កើន​នូវ​ចំណងមិត្តភាព​កម្ពុជា​-​ចិន ហើយ​ក៏​ជា​ការ​បើកឱកាស​ថ្មី សម្រាប់​ទីផ្សារ​កីឡាករ​គុន​ខ្មែរ និង​ឃី​ក​បុក​ស៊ី​ង​កម្ពុជា​ក៏​ដូច​ជា​ការ​ត្រៀមខ្លួន​សម្រាប់​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣​ផង​ដែរ ។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ល្ងាចថ្ងៃ​ទី​៣០ មក​រា ប្រធាន​សហព័ន្ធ​ដដែល​បាន​គូសបញ្ជាក់​ថា ទោះបី លន បញ្ញា ត្រូវ​ចូលរួម​ប្រកួត​លើ​ប្រភេទ​កីឡា​ឃី​ក​បុក​ស៊ី​ង ក្នុង​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​ដ៏​ធំ ដែល​រៀបចំ​ដោយ​ទូរទស្សន៍​ហ័​រណា​ន ខាងលើ​ក៏​ពិតមែន តែ​ការ​ចូលរួម​នេះ បាន​ស្ដែង​ឲ្យ​ឃើញ​ពី​ទំនាក់ទំនង​ដ៏​ល្អ រវាង​ភាគី​កម្ពុជា និង​ចិន តាម​រយៈ​សហព័ន្ធ ជាមួយ​ក្លិប​ប្រដាល់ LoongHai របស់​ចិន ដែល​បាន​សហការ​គ្នា​នាំ​យក​កីឡាករ​កម្ពុជា ចូលរួម​ព្រឹត្តិការណ៍​អន្ដរជាតិ​នេះ ។

ចំពោះ​ការ​ប្រកួត​លើ​សង្វៀន WES នេះ​ដែរ ដំបូង​ឡើយ​ក្លិប LoongHai បាន​ចាប់អារម្មណ៍​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ជា​ច្រើន​រូប តែ​ដោយសារ​លក្ខខណ្ឌ​ពេលវេលា ត្រូវ​ឲ្យ​ក្លិប និង​សហព័ន្ធ ឯកភាព​គ្នា​បញ្ជូន​កីឡាករ​បាន​តែ​ម្នាក់​ប៉ុណ្ណោះ គឺ​កីឡាករ លន បញ្ញា ។ យ៉ាងណា​ក្ដី សហព័ន្ធ​មាន​សុទិដ្ឋិនិយម​ខ្ពស់ សម្រាប់​បេសកកម្ម​នេះ​ថា​នឹង​ផ្ដល់​នូវ​លទ្ធផល​វិជ្ជមាន សម្រាប់​វិស័យ​កីឡាប្រដាល់​កម្ពុជា ទាំង គុន​ខ្មែរ និង​ឃី​ក​បុក​ស៊ី​ង ពិសេស​កីឡាករ​ជម្រើសជាតិ ដើម្បី​ពង្រឹងសមត្ថភាព​ត្រៀម​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ នា​ខែឧសភា ខាង​មុខ ។

លោក ហេង សុខ​ឃ​ន បន្ថែម​ថា នេះ​គឺជា​ការ​បើក​ទំព័រ​ថ្មី​មួយទៀត ដែល​កម្ពុជា បាន​បញ្ជូន​កីឡាករ​ចូលរួម​ការ​ប្រកួត​នៅ​ចិន ហើយ​ឆាប់​ៗ​ខាង​មុខ សហព័ន្ធ​ក៏​ត្រៀម​នឹង​បញ្ជូន​កីឡាករ​ទៅ​ប្រកួត​នៅ​ប្រទេស​ក្រិ​ក​ផង​ដែរ ។ លើស​ពី​នេះ សហព័ន្ធ​កំពុងធ្វើការ​ទំនាក់ទំនង​ជាមួយ​បណ្ដា​ប្រទេស​ជា​ច្រើន​ទៀត ដើម្បី​បញ្ជូន​កីឡាករ​ទៅ​ចូលរួម ជាក់ស្ដែង​នៅ​ខែមិថុនា​ខាង​មុខ សហព័ន្ធ​ត្រៀម​នឹង​បញ្ជូន​កីឡាករ ៤​រូប​ទៅ​ប្រកួត​នៅ​សហរដ្ឋអាមេរិក និង​បញ្ជូន​កីឡាករ ៤​រូប ទៅ​ប្រកួត​នៅ​ប្រទេស​បារាំង​ទៀត​ផង ។

លោក Guo Yang ប្រធាន​ក្លិប​ប្រដាល់ LoongHai បាន​បង្ហាញ​សេចក្ដី​រីករាយ​ជា​ខ្លាំង ដែល​បាន​សហការ​ជាមួយ​សហព័ន្ធ ក្នុង​ការ​នាំ​យក​កីឡាករ​កម្ពុជា ចូលរួម​ប្រកួត​នៅ​ចិន ក្នុង​គោលបំណង​ជួយ​ផ្សព្វផ្សាយ​វិស័យ​កីឡា​គុន​ខ្មែរ និង​ឃី​ក​បុក​ស៊ី​ង​កម្ពុជា​លើ​ឆាក​អន្ដរជាតិ ក៏​ដូច​ជា​ជំរុញ​ទីផ្សារ​ប្រកួត​អន្ដរជាតិ​នានា ដល់​កីឡាករ​កម្ពុជា ។ ក្រៅពី លន បញ្ញា លោក​ក៏​គ្រោង​នាំ​យក​កីឡាករ​ផ្សេង​ៗ ទៅ​ធ្វើការ​ប្រកួត​ជា​បន្ដបន្ទាប់​ផង​ដែរ ដូច​ជា​កីឡាករ បឹ​ត សង្ឃឹម និង ឈឿ​ន ល្វៃ ជាដើម ។

ក្រៅពី​នាំ​យក​កីឡាករ​ទៅ​ប្រកួត​នៅ​ប្រទេស​ចិន ភាគី​ក្លិប​ចិន និង​សហព័ន្ធ កំពុងធ្វើការ​សិក្សា​នូវ​គម្រោង​ដ៏​ធំ​មួយ ដោយ​គ្រោង​ស្នើ​សុំ​ថ្នាក់ដឹកនាំ ដើម្បី​សាងសង់​សង្វៀន​ស្ដង់ដារ​កម្រិត​ខ្ពស់​នៅ​ក្នុង​មជ្ឈមណ្ឌល​កីឡា​កង​យោធពល​ខេមរភូមិន្ទ រួម​ជាមួយ​សារមន្ទីរ​កីឡា សម្រាប់​បម្រើ​ដល់​ការ​ប្រកួត​ផ្សេង​ៗ ក្នុង​ន័យ​បំផុស​ការ​ផ្សព្វផ្សាយ និង​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ​ឲ្យ​កាន់តែ​រីក​ចម្រើន​នា​ថ្ងៃ​អនាគត​ទៀត​ផង ។ នេះ​បើ​តាម​ការ​បង្ហើប​របស់​ភាគី​ទាំង​ពីរ​ខាងលើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ