ខេត្តកំពង់ចាម ៖ នៅពេលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៧ ត្រង់ម្តុំចម្ការស្វាយចន្ទីក្នុងស្រុកជើងព្រៃ ជាពិសេស ក្នុងបរិវេណអាហារដ្ឋានរំដួល៨៨ ស្ថិតនៅភូមិឈើទាល ឃុំផ្តៅជុំ គឺសម្បូរអាជីវករលក់សត្វអាពីងណាស់ មានទាំងនៅរស់ និងចម្អិនរួច ។ អ្នកដំណើរទាំងពលរដ្ឋខ្មែរ ក៏ដូចជាបរទេសបាននាំគ្នាទិញយកទៅទទួលទាន និងខ្លះទៀតយកទៅត្រាំស្រា ព្រោះវាគឺជាឱសថសម្រាប់ព្យាបាលជំងឺឈឺឆ្អឹងឆ្អែងស័ក្តិសិទ្ធិទៀតផង ។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ យូរៗម្តង ឬ២ដងក្នុងមួយឆ្នាំ មានឈ្មួញជនជាតិចិនចុះទៅទិញដល់មូលដ្ឋាន ដោយប្រមូលទិញអាពីងទាំងរស់ពី៤ទៅ៥ម៉ឺនក្បាល ។ ពួកគេទាំងនោះអះអាងថា អាពីងដែលគេប្រមូលទិញនេះ គឺយកទៅធ្វើថ្នាំ ។
ស្ត្រីលក់អាពីងម្នាក់ឈ្មោះ ខឿ វុន រស់នៅភូមិឃុំខាងលើបានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២៤ កក្កដា ថា អាពីងនេះ កាលពីមុនសម្បូរណាស់ មិនទាន់មានការនិយមទទួលទាននោះទេ ។ អ្នកស្រីថា ៖« កាលនោះ អ្នកភូមិបាននាំគ្នាទៅជីកនៅតាមតំបន់ភ្នំជើងព្រៃ បានរាប់រយក្បាលយកមកលក់ឲ្យគាត់ តែដោយសារតម្រូវការកាន់តែច្រើនឡើងៗ បានធ្វើឲ្យអាពីងត្រូវខ្សត់ជាបន្ដបន្ទាប់ » ។ អ្នកស្រីបន្ដថា ពេលនេះមិនត្រឹមតែអ្នកនៅមូលដ្ឋាននេះទេ គឺមានឈ្មួញនាំមកពីខេត្តកំពង់ធំ យកមកលក់ម្តងៗមានប្រមាណ៣ពាន់ក្បាលឯណោះ ។
អ្នកស្រីបញ្ជាក់ថា បច្ចុប្បន្ន អាជីវករដែលទិញលក់បន្ដនៅតំបន់នេះមានគ្នាជាង១០នាក់ ដោយចាំទិញយកមកចែកគ្នា ក្នុងនោះមានអ្នកខ្លះចៀនចម្អិន និងខ្លះទៀតលក់ទាំងរស់តែម្តង ហើយរដូវដែលសម្បូរអាពីងជាងគេ គឺក្នុងអំឡុងខែកក្កដានេះតែម្ដង ។
អ្នកស្រី ខឿ វុន ប្រាប់ថា ៖ « តាមធម្មតានៅខែកក្កដានេះជាខែដែលសម្បូរអាពីង ប៉ុន្ដែចម្លែកឆ្នាំនេះ បែរជាខ្សត់ទៅវិញ ។ នេះអាចមកពីមានមនុស្សនាំគ្នារកច្រើនពេក ស្ទើរតែដាច់ពូជអស់ហើយ។ នៅថ្ងៃអនាគត ប្រសិនបើអស់អាពីងមែននោះ ពួកខ្ញុំប្រហែលជាពិបាកបន្ដិច ប៉ុន្ដែអាចនឹងចាប់យករបរលក់ចង្រិតវិញម្តង ព្រោះថាខ្ញុំរកស៊ីរបរនេះ៥ ទៅ៦ឆ្នាំហើយ សម្រាប់រកលុយផ្គត់ផ្គង់ជីវភាព » ។
អ្នកស្រីអះអាងថា កាលពីខែមេសាកន្លងទៅ ក្នុង១ថ្ងៃ អ្នកស្រីអាចលក់អាពីងទាំងរស់ និងឆ្អិនបានចំនួន២០០ ទៅ៣០០ក្បាល ដោយក្នុង១ក្បាល២ពាន់រៀល និងអាចរកប្រាក់ចំណេញបានពី៣ ទៅ៥ម៉ឺនរៀល ។
អាពីងបំពង មិនត្រឹមតែពេញនិយមសម្រាប់ប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ អ្នកលក់បានប្រាប់ថា ភ្ញៀវបរទេសមកពីចិន ឬវៀតណាម ក៏ចូលចិត្តទិញនិងទទួលទានដែរ ប៉ុន្ដែបើភ្ញៀវទេសចរស្បែកសមកពីអឺរ៉ុប ឬអាមេរិក ហាក់មានការញញើតបន្ដិច ។
អ្នកស្រី Jenna ជនជាតិនូវែលសេឡង់ បានប្រាប់អ្នកយកព័ត៌មានកោះសន្តិភាព កាលពីថ្ងៃទី២៤ កក្កដា ថា ៖ ខ្ញុំមានអារម្មណ៍ភ្ញាក់ផ្អើលនៅពេលឃើញសត្វអាពីងរស់មួយក្បាល ត្រូវបានអ្នកបកប្រែហុចមកឲ្យខ្ញុំ ហើយគាត់ [អ្នកបកប្រែ] បានដាក់ឲ្យវានៅលើដៃរបស់ខ្ញុំ ឲ្យវារចុះឡើងៗបន្តិច ហើយមួយសន្ទុះក្រោយមក គាត់បានយកវាទៅឲ្យអ្នកលក់វិញ ។ ខ្ញុំក៏មិនមានចិត្តចង់ទទួលទានវាទេ » ។
ចំណែកអ្នកស្រី ជា ម៉ូត បានប្រាប់សារព័ត៌មានកោះសន្តិភាពថា អ្នកស្រីចូលចិត្តទទួលទានអាពីងណាស់ ព្រោះវាមានរសជាតិឆ្ងាញ់ តែអ្នកស្រីមិនដែលមានបទពិសោធន៍យកអាពីងធ្វើជាថ្នាំទេ ។ អ្នកស្រីថា៖« ខ្ញុំចេះហូបអាពីងនេះយូរហើយ ព្រោះវាមានរសជាតិឆ្ងាញ់ ជាពិសេស ចាស់ពីដើមតែងតែនិយាយថា អាពីងជួយដល់សុខភាព ។ ខ្ញុំមិនធ្លាប់យកអាពីងរស់ទៅត្រាំស្រា ឬក៏ធ្វើជាឱសថអ្វីនោះទេ គ្រាន់តែធ្លាប់ដឹងថា ជនជាតិចិនយកវាទៅធ្វើថ្នាំបុរាណចិនសម្រាប់ជំនួយសុខភាព » ៕
ចែករំលែកព័តមាននេះ