ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ថៃ អំពាវនាវ​ឱ្យ​បញ្ចប់​ការ​ឈ្លោះប្រកែក​គ្នា​​រឿង​ «​មួយ​ថៃ និង​គុន​ខ្មែរ​»

1 ឆ្នាំ មុន

ថៃ ៖ យោង​តាម​ប្រភព​ពី​សារព័ត៌មាន​ថៃ បាងកក​ប៉ុ​ស្ត៍ នៅ​ថ្ងៃ​ទី​៣១ មក​រា នេះ បាន​រាយការណ៍​ថា

ថៃ ៖ យោង​តាម​ប្រភព​ពី​សារព័ត៌មាន​ថៃ បាងកក​ប៉ុ​ស្ត៍ នៅ​ថ្ងៃ​ទី​៣១ មក​រា នេះ បាន​រាយការណ៍​ថា នាយក​រដ្ឋមន្ត្រី​ថៃ លោក ប្រយុទ្ធ ចាន់​អូ​ចា (Prayut Chan-o-cha) បាន​អំពាវនាវ​ឱ្យ​បញ្ចប់​ការ​ឈ្លោះប្រកែក​គ្នា ដែល​គ្មាន​ន័យ ជុំវិញ​ថា តើ​កីឡាប្រដាល់​គួរ​ត្រូវ​ហៅ​ថា «​មួយ​ថៃ​» (Muay Thai) ឬ «​គុន​ខ្មែរ​» (Kun Khmer) ដែល​ជា​ពាក្យ​ផ្លូវការ ប្រើ​សម្រាប់​ព្រឹត្តិការណ៍​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ​២០២៣ (32nd SEA Games) ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ នៅ​ខែឧសភា ខាង​មុខ​នេះ​។ ​គួររំលឹកថា ទីបំផុត​! ថៃ និង​៦​ប្រទេស​ផ្សេង​ទៀត​អនុម័ត​ជា​ឯកច្ឆ័ន្ទ​ប្រើ​ឈ្មោះ​«​គុន​ខ្មែរ​»​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​នៅ​កម្ពុជា

លោក ប្រា​យុទ្ធ បាន​លើក​ឡើង​ពី​បញ្ហា​នេះ អំឡុង​ពេល​ត្រួតពិនិត្យ​មើល​សកម្មភាព​ការងារ ដែល​រៀបចំ​ឡើង​ដោយ​ក្រសួង​វប្បធម៌ នៅ​អគារ Santi Maitree នៃ​វិមាន​រដ្ឋាភិបាល ដើម្បី​ត្រៀម​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​ទិវា «Muay Thai» ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​០៦ ខែកុម្ភៈ មុន​ពេល​លោក​បន្តដំណើរ​ចូលរួម​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ប្រចាំ​ស​ប្តា​ហ៍​។

ជម្លោះ​លើ​ការ​ប្រើប្រាស់​ឈ្មោះ​នៃ​កីឡាប្រដាល់ បាន​ផ្ទុះ​ឡើង​នៅ​ពេល​កម្ពុជា ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម នា​ពេល​ខាង​មុខ​នេះ បាន​ប្តូរ​ឈ្មោះ​កីឡាប្រដាល់​នៃ​ព្រឹត្តិការណ៍​នេះ ជា​ប្រដាល់​គុន​ខ្មែរ ដោយ​បាន​លើក​ហេតុផល​ថា ក្បាច់គុន គឺ​មាន​ប្រភព​ចេញពី​វប្បធម៌​ខ្មែរ និង​ត្រូវ​បាន​គេ​ស្គាល់​កាន់តែ​ច្បាស់​នៅ​ជុំវិញ​ពិភពលោក​។

ជាមួយ​ការ​ផ្លាស់​ប្តូរ​នេះ បាន​បង្ក​ជា​ការ​ជជែក​វែកញែក​អំពី​ប្រភព​នៃ​ក្បាច់គុន​បុរាណ ហើយ​ឈាន​ទៅ​ដល់​ការ​បញ្ចេញមតិ​ប្រឆាំង​គ្នា​យ៉ាង​ខ្លាំង ពី​សំណាក់​អ្នក​និយម​លេង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ប្រទេស​ទាំង​ពីរ​។ បើ​ទោះបីជា​ថ្នាក់ដឹកនាំ​នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក ប្រទេស​ទាំង​ពីរ​ប្រកាន់​ជំហរ និង​ធ្វើការ​ដោះស្រាយ​បញ្ហា​នេះ ចប់​សព្វគ្រប់​យ៉ាងណា​ក៏​ដោយ​។

ជាក់ស្តែង កាលពី​ថ្ងៃ​ទី​២៦ មក​រា កន្លង​ទៅ ម្ចាស់ផ្ទះ​កម្ពុជា ប្រទេស​ថៃ និង​៦​ប្រទេស​ផ្សេង​ទៀត នៅ​ក្នុង​តំបន់​អាស៊ាន​រួម​មាន ឡាវ​, ម៉ា​ឡេ​ស៊ី​, មី​យ៉ា​ន់​ម៉ា​,​ឥណ្ឌូ​ណេ​ស៊ី​, ហ្វី​លី​ពី​ន និង វៀតណាម បាន​អនុម័ត​ជា​ឯកច្ឆ័ន្ទ​ប្រើ​ឈ្មោះ «​គុន​ខ្មែរ​» ដោយ​មិន​មានការ​កែប្រែ​សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ឆ្នាំ ២០២៣ យ៉ាងណា​ក៏​ដោយ ក៏​អ្នក​និយម​លេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នៅ​កម្ពុជា និង​ថៃ នៅ​តែ​មានការ​ប៉ះទង្គិច​លើ​ការ​បញ្ចេញមតិ​រវាង​គ្នា ពាក់ព័ន្ធ​លើ​បញ្ហា​នេះ​។

យ៉ាងណាមិញ ជុំវិញ​បញ្ហា​នេះ លោក ប្រា​យុទ្ធ បាន​និយាយ​ថា «Muay Thai គឺជា​ផ្នែក​មួយ​នៃ​វប្បធម៌​ថៃ​យូរ​មក​ហើយ ហើយ​យើង​មាន​មោទនភាព​ចំពោះ​វប្បធម៌​មួយ​នេះ​។ ប៉ុន្តែ​វា​មិន​ចាំបាច់​សម្រាប់​ពួក​យើង ដើម្បី​ឈ្លោះប្រកែក​ជាមួយ​នរណា​ម្នាក់​នោះ​ទេ​។ គ្មាន​នរណា​ម្នាក់ អាច​ដកហូត​អ្វី​ដែល​ជា​របស់​យើង​នោះ​ទេ​។ វា​មិន​គួរ​ក្លាយជា​ជម្លោះ​ទេ​។ ចូរ​យើង​បញ្ចប់​ការ​ឈ្លោះប្រកែក​គ្នា​ទៀត​ទៅ​។ ការ​ធ្វើ​បែប​នោះ គឺ​គ្មាន​ន័យ​អ្វី​នោះ​ទេ ព្រោះ​យើង​ដឹង​ថា អ្វី​ទៅ​ជា​អ្វី​រួច​ហើយ​»​។

សូម​ជម្រាប​ជូន​ថា កន្លង​មក លោក ប្រា​យុទ្ធ ធ្លាប់​បាន​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ និង​បង្ហាញ​អំពី​ជំនាញ​ប្រដាល់​របស់​គាត់ ជាមួយនឹង​អ្នក​ប្រដាល់ Muay Thai ដោយ​បាន​ធ្វើ​ឱ្យ​បរិយាកាស​មាន​ភាព​ស្រស់ស្រាយ និង​ទាក់ទាញ​ការ​លើកទឹកចិត្ត​ខ្លាំង​ៗ ម្តងម្កាល​ផង​ដែរ​៕ (​ដកស្រង់​ចេញពី​សារព័ត៌មាន​បាងកក​ប៉ុ​ស្តិ៍)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ