ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១​ខែ​កន្លង​ហើយ​! តើ​ស្ថានភាព Ronaldo នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​យ៉ាងណា​ហើយ?

1 ឆ្នាំ មុន

អា​រ៉ា​ប៊ី​សា​អូឌីត ៖ គិត​រហូត​មក​ទល់​ពេល​នេះ រយៈពេល​១​ខែ​ហើយ ដែល​កីឡាករ Cristiano Ronaldo

អា​រ៉ា​ប៊ី​សា​អូឌីត ៖ គិត​រហូត​មក​ទល់​ពេល​នេះ រយៈពេល​១​ខែ​ហើយ ដែល​កីឡាករ Cristiano Ronaldo បាន​ចូលរួម​ជាមួយ​ក្លិប Al Nassr លី​គ​កំពូល​អា​រ៉ា​ប៊ី​សា​អូឌីត Saudi Pro League​។ ចុះ​រហូត​មក​ទល់​ពេល​នេះ តើ​ស្ថានភាព​កំពូល​ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ ទៅ​ជា​យ៉ាងណា​ហើយ?

ចាប់តាំងពី​ចាក​ចេញពី​ក្លិប Manchester United នៅ​លី​គ​កំពូល​អង់គ្លេស English Premier League ហើយ​ទៅ​ចូលរួម​ជាមួយ​ក្លិប Al Nassr កាលពី​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២២ Ronaldo បង្ហាញខ្លួន​ការ​ប្រកួត​ផ្លូវការ​ជាមួយ Al Nassr បាន​២​ប្រកួត​ហើយ ដោយ​១​ប្រកួត​ក្នុង​លី​គ និង​១​ប្រកួត​ទៀត ជា​ការ​ប្រកួត​ពានរង្វាន់​ក្នុងស្រុក និង​ពុំ​ទាន់​មានការ​ស៊ុត​បញ្ចូល​ទី​នៅឡើយ​ទេ​។

ការ​បង្ហាញខ្លួន​ចុង​ក្រោយ​របស់ Ronaldo គឺ​ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Saudi Super Cup 2022 ដោយ​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Al Ittihad នៅ​ក្នុង​លទ្ធផល ៣-១ កាលពី​ថ្ងៃ​ទី​២៦ ខែមករា កន្លង​ទៅ​។

ក្រោយ​ធ្លាក់​ចេញពី Saudi Super Cup 2022 អ្នកគាំទ្រ​មួយ​ចំនួន​របស់ Al Nassr មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង ដោយ​ភាគច្រើន​ពួក​គេ​បង្ហាញ​ការ​មិន​ពេញចិត្ត​លើ Ronaldo​។ វី​ដេ​អូ​មួយ ត្រូវ​បាន​ចែកចាយ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម បង្ហាញ​ពី​អ្នកគាំទ្រ​២​នាក់ ជាន់​អាវ Al Nassr ដែល​មានឈ្មោះ និង​លេខ​របស់ Ronaldo ដែល​ពួក​គេ​កំពុង​ស្តីបន្ទោស​កីឡាករ​រូប​នេះ ចំពោះ​បរាជ័យ​ក្នុង​លទ្ធផល ៣-១ នៅ​កីឡដ្ឋាន King Fahd International​។ ខណៈ​នៅ​ក្នុង​កីឡដ្ឋាន ក្រោយ​ចប់​ការ​ប្រកួត គេ​សង្កេត​ឃើញ​សម្រែក​អ្នកគាំទ្រ​មួយ​ចំនួន ស្រែក​ឈ្មោះ​កំពូល​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន Lionel Messi ក្នុង​ន័យ​ឌឺដង​ដល់ Ronaldo​។

ទោះ​យ៉ាងណា អ្នកគាំទ្រ​ជា​ច្រើន​ផ្សេង​ទៀត នៅ​តែ​រីករាយ​ជាមួយ​វត្តមាន ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ ដោយ​លើក​ឡើង​ថា Ronaldo ត្រូវការ​ពេលវេលា ដើម្បី​សម្រក​ខ្លួន​ជាមួយនឹង​របៀប​នៃ​ការ​លេង​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​។

ក្រោយ​ការ​បរាជ័យ​នោះ លោក Rudi Garcia គ្រូបង្វឹក​ក្រុម Al Nassr ក៏​បាន​លើក​ឡើង​អំពី​ទម្រង់​លេង​របស់ Ronaldo ផង​ដែរ ដោយ​និយាយ​ថា « Ronaldo បាន​បាត់បង់​ឱកាស​បង្កើត​គ្រាប់​បាល់ ដែល​នឹង​ផ្លាស់​ប្តូរ​ដំណើរ​នៃ​ការ​ប្រកួត​ក្នុង​តង់​ទី​១ ប៉ុន្តែ​ខ្ញុំ​សូម​អបអរសាទរ​ចំពោះ Al Ittihad​។ ពួក​គេ​ល្អ​ជាង​ពួក​យើង​រហូត​ដល់​ពាក់កណ្តាល​តង់​។ បន្ទាប់​មក​យើង​បាន​ប្រតិកម្ម​ឆ្លើយ​តប​វិញ ប៉ុន្តែ​មិន​អាច​កែប្រែ​ស្ថានការណ៍​បាន​ទេ​។ យើង​ចាញ់ Super Cup ប៉ុន្តែ​យើង​នៅ​តែ​ជា​ក្រុម​កំពូល​តារាង​»​។

គ្រូបង្វឹក​ជនជាតិ​បារាំង​វ័យ​៥៨​ឆ្នាំ​រូប​នេះ បាន​បន្ថែម​ថា «Ronaldo គឺជា​ការ​បន្ថែម​ភាព​វិជ្ជមាន​មួយ​សម្រាប់​ក្រុម ខណៈ​ដែល​គេ​បាន​ជួយ​បំបែក​រនាំង​ខ្សែការពារ​។ គេ​ជា​កីឡាករ​ដ៏​ល្អ​បំផុត​ម្នាក់​នៅ​ក្នុង​ពិភពលោក ហើយ​ខ្ញុំ​ជឿ​ថា គេ​នឹង​មិន​បញ្ចប់​អាជីព​ខ្លួន​នៅ Al Nassr នោះ​ទេ គេ​នឹង​ត្រឡប់​ទៅ​អាជីព​នៅ​អឺរ៉ុប​វិញ​»​។

គួរ​រំលឹក​បន្ថែម​ថា Cristiano Ronaldo បាន​ចូលរួម​ជាមួយ​ក្លិប Al Nassr កាលពី​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២២ ដោយ​គ្មាន​តម្លៃ​ខ្លួន (Free Transfer) និង​បាន​ចុះហត្ថលេខា​លើ​កុងត្រា​រយៈពេល​២​ឆ្នាំ​កន្លះ ដែល​ជាមួយ​កុងត្រា​នេះ Ronaldo បាន​ក្លាយជា​កីឡាករ​ទទួល​បាន​ថ្លៃ​នឿយហត់​ខ្ពស់​បំផុត មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ ពោល​ប្រមាណ ២១០​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ក្នុង​មួយ​ឆ្នាំ​។

មុន​ពេល​បង្ហាញខ្លួន​ប្រកួត​ផ្លូវការ​សម្រាប់ Al Nassr ខ្សែប្រយុទ្ធ​ក្រុម Real Madrid និង Juventus វ័យ​៣៧​ឆ្នាំ​រូប​នេះ បាន​បង្ហាញខ្លួន​លើក​ដំបូង ក្នុង​ជំនួប​មិត្តភាព​រវាង​ក្រុម All Star ជ្រើសរើស​ចេញពី​ក្រុម Al-Nassr និង Al-Hilal ទល់​នឹង​ក្រុម PSG ដែល​ក្រុម​មក​ពី​លី​គ​កំពូល​បារាំង​យកឈ្នះ​លទ្ធផល ៥-៤ កាលពី​ថ្ងៃ​ទី​១៩ ខែមករា ដោយ​ក្នុង​នោះ Ronaldo រកបាន​២​គ្រាប់​ផង​ដែរ នៅ​ក្នុង​ជំនួប​ក្រៅផ្លូវការ​មួយ​នេះ​៕ (​ដកស្រង់​ចេញពី Sky Sports និង Marca)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ