ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​មាន​ប្រយោជន៍​អ្វីខ្លះ ?

6 ឆ្នាំ មុន

ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​មិន​ត្រឹមតែ​ផ្តល់​នូវ​សារធាតុចិញ្ចឹម និង​អាហារ​បំប៉ន​ដល់​ទារក​នោះ​ទេ វា​ថែម​ទាំង​ផ្តល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​ម្តាយ​ផង​ដែរ ។

ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​គឺជា​វិធី​ដែល​ផ្ដល់​នូវ​

ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​មិន​ត្រឹមតែ​ផ្តល់​នូវ​សារធាតុចិញ្ចឹម និង​អាហារ​បំប៉ន​ដល់​ទារក​នោះ​ទេ វា​ថែម​ទាំង​ផ្តល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​ម្តាយ​ផង​ដែរ ។

ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​គឺជា​វិធី​ដែល​ផ្ដល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​ម្តាយ និង​ទារក ។ ទឹកដោះ​ម្តាយ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អាហារ​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​ទារក ហើយ​វា​ក៏​មាន​សារធាតុចិញ្ចឹម​ក្នុង​បរិមាណ​ត្រឹមត្រូវ​ជួយ​ដល់​សុខភាព​ម្តាយ ។

អត្ថប្រយោជន៍​មួយ​ចំនួន​នៃ​ការ​បំបៅ​ដោះ​កូន​ចំពោះ​ម្តាយ​គឺ​៖
១-​បន្ថយ​ហានិភ័យ​នៃ​ការ​ហូរ​ឈាម​បន្ទាប់​ពី​សម្រាលកូន
ការ​បំបៅ​ដោះ​កូន ភ្លាម​ៗ​ក្រោយ​ពេល​សម្រាល​ជួយ​ឱ្យ​ទារក​ទទួល​អាហារ​បំប៉ន​ដ៏​ល្អ​ចំពោះ​សុខភាព​របស់​គេ ។ ការ​ធ្វើ​ដូចនេះ​មិន​ត្រឹមតែ​ធានា​បាន​ថា​ទារក​ទើបនឹង​កើត​ទទួល​បាន​អាហារ​បំប៉ន និង​ចំណីអាហារ​ដើម្បី​បំប៉ន និង​បំពេញ​ការ​ស្រេកឃ្លាន​របស់​ពួក​គេ​ក្រោយ​ពេល​កើត ភ្លាម​ៗ​ទេ ប៉ុន្តែ​វា​ក៏​ជួយ​កាត់​បន្ថយ​ការ​ហូរ​ឈាម​ចេញពី​ស្បូន​ដែល​កើតឡើង ភ្លាម​ៗ​ក្រោយ​ពី​ការ​សម្រាល និង​ជំរុញ​ការ​បញ្ចេញ​សុក​ចេញពី​ក្នុង​ស្បូន ។

២-​ជួយ​ទប់ស្កាត់​បញ្ហា​កង្វះ​ជាតិ​ដែក
បញ្ហា​កង្វះ​ជាតិ​ដែក​កើត​មាន​ជា​ទូទៅ​ក្នុង​ចំណោម​អ្នក​ម្តាយ​ជា​ច្រើន ។ ការ​បន្ត​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ និង​ពន្យារពេល​នៃ​វដ្ត​រដូវ ដូច្នេះ​អាច​ជួយ​ការពារ​ការ​បាត់បង់​ជាតិ​ដែក​តាម​រយៈ​ការ​ហូរ​ឈាមរដូវ ។ ទោះជា​យ៉ាងណា​ក្តី អ្នក​ម្តាយ​ត្រូវ​បាន​ណែនាំ​ឱ្យ​លេបថ្នាំ​ជាតិ​ដែក​របស់​ពួក​គេ​យ៉ាង​ហោច​ណាស់​៣​ខែ​បន្ទាប់​ពី​ការ​សម្រាល ។

៣-​បន្ថយ​ហានិភ័យ​នៃ​ការ​មានគភ៌
ការ​មាន​ផ្ទៃពោះ​ជា​លើក​ទី​២ ភ្លាម​ៗ​បន្ទាប់​ពី​ការ​សម្រាលកូន​មិនមែន​ជា​រឿង​ល្អ​សម្រាប់​ម្តាយ ទារក​ដែល​ទើបនឹង​កើត ឬ​កូន​ក្នុង​ផ្ទៃ​នោះ​ទេ ។ វា​អាច​បណ្តាល​ឱ្យ​មាន​ភាព​តានតឹង​ខាង​ផ្លូវចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ម្តាយ និង​ទារក ធ្វើ​ឲ្យ​សុខភាព​របស់​ទារក​ក្នុង​ផ្ទៃ​ប្រឈម​នឹង​ហានិភ័យ និង​បង្អាក់​ដល់​ការ​លូតលាស់ និង​ការ​អភិវឌ្ឍ​ទារក​នៅ​ក្នុង​ស្បូន​។ ប៉ុន្តែ​ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​តែ​មួយ​មុខ​រយៈពេល​៦​ខែ​ក្រោយ​ការ​សម្រាល និង​អវត្តមាន​នៃ​ការ​មក​រដូវ​មាន​តួនាទី​ជា​អ្នក​ការពារ និង​បន្ថយ​ឱកាស​នៃ​ការ​មានគភ៌ ភ្លាម​ៗ​បន្ទាប់​ពី​ការ​សម្រាល ។

៤-​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក
ការ​សិក្សា​ជា​ច្រើន​បាន​គាំទ្រ​ទ្រឹស្តី​ដែល​ថា​ការ​បំបៅ​ដោះ​កូន​អាច​ពន្យារពេល​នៃ​ការ​កើត​មាន​ជំងឺមហារីក​មួយ​ចំនួន​ដូច​ជា​ជំងឺមហារីក​អូវែ និង​ជំងឺមហារីក​សុដន់​ចំពោះ​ម្តាយ​ដែល​បំបៅ​ដោះ​កូន ។

៥-​ជួយ​សម្រក​ទម្ងន់​ក្រោយ​ពេល​មាន​ផ្ទៃពោះ
ការ​ឡើង​ទម្ងន់​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​គឺ​អាច​ទទួលយក​បាន ប៉ុន្តែ​នៅ​ពេល​ដែល​ទម្ងន់​ទាំងនេះ​មិន​ស្រក​ក្រោយ​ពេល​សម្រាល វា​ពិតជា​ពិបាក​ក្នុង​ការ​ដោះស្រាយ ។ ជាតិ​ខ្លាញ់​ប្រមូលផ្តុំ​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​អាច​ជួយ​ម្តាយ​ដោះស្រាយ​ជាមួយ​ភាព​តានតឹង និង​ការ​មាន​ផ្ទៃពោះ ព្រមទាំង​តម្រូវការ​របស់​ទារក ។ វិធី​ដ៏​ល្អ​បំផុត​ដើម្បី​បញ្ចេញ​ជាតិ​ខ្លាញ់​ទាំងអស់​ចេញពី​រាង​កាយ​គឺ​ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ ពីព្រោះ​វា​នឹង​ប្រើប្រាស់​ជាតិ​ខ្លាញ់​ដែល​ផ្ទុក​នៅ​គ្រប់​ផ្នែក ផ្សេង​ៗ​នៃ​រាង​កាយ​ដើម្បី​ផលិត​ទឹកដោះ ៕