ធ្លាក់​ភ្លៀង​ច្រើន​ថ្ងៃ​បង្ក​ជា​ទឹកជំនន់ លិច និង​បំផ្លាញ​ប្រព័ន្ធ​ធារាសាស្ត្រ


ខេត្តឧត្តរមានជ័យ ៖ ស្រុក​ចំនួន​២ គឺ​ស្រុក​អន្លង់​វែង និង​ស្រុក​ត្រពាំង​ប្រាសាទ ក្នុង​ខេត្តឧត្តរមានជ័យ បាន​ទទួល​រង​ការ​វាយប្រហារ​ដោយសារ​ជំនន់​ទឹកភ្លៀង ដែល​បាន​បំផ្លិចបំផ្លាញ​ប្រព័ន្ធ​ធារាសាស្ត្រ ស្រែ​ចម្ការ​ផលដំណាំ លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ និង​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ ត្រូវ​ទឹក​ហូរ​កាត់ បង្ក​ការ​រាំងស្ទះ​ដល់​ការ​ធ្វើ​ដំណើរ ក្រោយ​ពី​អាកាសធាតុ​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ក្នុង​អំឡុង​ប៉ុន្មាន​ថ្ងៃ​មកនេះ​។ ស្ថានភាព​មេឃ នៅ​តែ​បន្ត​ធ្លាក់​ភ្លៀង ដែល​ក្តី​បារម្ភ​អាច​នឹង​មាន​ផល​ប៉ះពាល់​កើត​ឡើងជា​បន្ត​ទៀត ខណៈ​ដែល​ស្រុក​អន្លង់​វែង កំពុង​ទទួល​រង​សំពាធ​ធ្ងន់​ដោយសារ​ទឹកជំនន់​ភ្លៀង​។

តាម​ការ​ឱ្យ​ដឹង​ពី​លោក ចាប ប៊ុ​ន​ធឿ​ន ជា​ជំទប់​ទី​១ ឃុំ​ត្រពាំង​ប្រី​យ៍ បាន​រៀបរាប់​ថា ទឹកជំនន់​ភ្លៀង​បាន​វាយប្រហារ​នៅ​ក្នុង​ឃុំ​ត្រពាំង​ប្រី​យ៍ ក្នុង​អំឡុង​ម៉ោង​៣​ទាប​ភ្លឺ​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៧ ហើយ​ទឹកបាន​ហូរ​ផ្តាច់​ទាំងស្រុង​នូវ​ទំ​បន់​រក្សា​ទឹក​របស់​សហគមន៍ ដែល​ជា​កេរ្តិ៍​ដំណែល​របស់​តា​ម៉ុ​ក និង​បណ្តាល​ឱ្យ​ទឹក​ក្នុង​បឹង​ទំនប់​លើ ត្រូវ​ហូរ​ចេញ​អស់​ស្ថិត​នៅ​ភូមិ​ទំនប់​លើ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។ ក្នុង​នោះ​ដែរ ផ្លូវ​គ្រួ​ស​ក្រហម​មួយ​ខ្សែ ដែល​ត​ភ្ជាប់​ពី​ភូមិ​ទួល​សាលា ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ទៅ​កាន់​ភូមិ​១០៥ ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ដែល​ទឹកជំនន់​បាន​ហូរ​កាត់​ដាច់​ផ្លូវ​ក្បាលស្ពាន​ទាំង​សងខាង ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​។

លោក ហោ​ជិន វី​រៈ​យុទ្ធ អភិបាលស្រុក​អន្លង់​វែង បាន​មាន​ប្រសាសន៍​ថា ស្ថានភាព​ទឹក​បឹង​តា​ម៉ុ​ក បាន​ហក់​ឡើង​យ៉ាង​លឿន ដោយសារ​តែ​ទឹក​ទំនប់​អាង​ស្តុក​ទឹក​(០៥) ក្នុងស្រុក​ត្រពាំង​ប្រាសាទ ត្រូវ​បាន​បើក​បង្ហូរ​ជា​បណ្តោះអាសន្ន មិន​អាច​គ្រប់គ្រង​ស្ថានភាព​ទឹកបាន​។ ដូច្នេះ​ហើយ បាន​ធ្វើ​ឱ្យ​ស្ថានភាព​ទឹក ក្នុង​បឹង​តា​ម៉ុ​ក បាន​ជន់​ឡើងជា​ជំ​ហុ​ក ធ្វើ​ឱ្យ​ទឹក​ហូរ​លើ​ស្ពាន​អូរ​ជីក ដែល​អាជ្ញាធរ រួម​នឹង​សមត្ថកិច្ច​ក្នុងស្រុក​អន្លង់​វែង បាន​សម្រេចចិត្ត បិទ​ចរាចរណ៍​ជា​បណ្តោះអាសន្ន​។ ហើយ​ក្នុង​នោះ ផ្លូវ​ឡើង​ភ្នំ​ទៅ​កាន់់​ច្រក​អន្តរជាតិ​ជាំ ដែល​ទឹក​ហូរ​ច្រោះ បណ្តាល​ឱ្យ​ដុំ​ថ្ម​ធំ​ភ្នំ​ធ្លាក់​បាំង​ផ្លូវ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ ដោយ​អាជ្ញាធរ​ស្រុក​បាន​ចាត់តាំង​កម្លាំង​ប្រចាំការ ចុះ​ធ្វើ​ចរាចរណ៍ ដល់​អ្នក​ធ្វើ​ដំណើរ​ខ្លាច​មាន​គ្រោះថ្នាក់​កើតឡើង​។

លោក ញឺ​ន កួន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តឧត្តរមានជ័យ បាន​មាន​ប្រសាសន៍​ប្រាប់​ថា កម្រិត​កំពស់​ទឹកជំនន់​បាន​កើនឡើង​ដល់ ១៥០​មី​ល្លី​ម៉ែត្រ ហើយ​បឹង​តា​ម៉ុ​ក​ចំពោះ​បឹង​តា​ម៉ុ​ក​ជា​អាង​ស្តុក​ទឹក​មួយ​ដ៏​សំខាន់ ពី​សម្ពាធ​ទឹកធ្លាក់​មក​ពី​ស្រុក​ត្រពាំង​ប្រាសាទ និង​ទឹកធ្លាក់​មក​ពី​តំបន់​ជួរ​ភ្នំ​ដងរែក បាន​ធ្វើ​ឱ្យ​ទឹក​បឹង​ឡើង​ដល់ ៤​ម៉ែត្រ ដែល​ហួស​ពី​កម្រិត​ប្រកាស​អាសន្ន​ត្រឹមតែ ២.៩០​ម៉ែត្រ​។ នៅ​ស្រុក​ត្រពាំង​ប្រាសាទ ឃុំ​អូរ​ស្វាយ ក្នុងភូមិ​ទំនប់​អភិវឌ្ឍ បាន​ទទួល​រង​ការ​វាយប្រហារ​ជា​ខ្លាំង​ក្នុង​ទូ​ទាំង​ភូមិ នៃ​ជំនន់​ទឹកភ្លៀង​នេះ ហើយ​ពេល​នេះ​លោក​បាន​ត្រៀមកម្លាំង និង​គ្រឿងចក្រ​ប្រចាំការ ដើម្បី​ធ្វើការ​ជីក​កាយ ធ្វើ​យ៉ាងណា​ក្នុង​ការ​បញ្ចៀស​ទឹកជំនន់​ភ្លៀង​នេះ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បរិស្ថាន

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ