ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ឆ្លង​ផុត​ពី​ប្រវត្តិ​ហ្វឹកហាត់​នៅ​លើដំបូល​ផ្ទះ កីឡា​កា​រ៉ា​តេ​ដូ​…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មុន​អំឡុង​ឆ្នាំ​១៩៩០​គ្មាន​អ្នក​ណា​មិនដឹង​នោះ​ទេ​ថា កីឡា​កា​រ៉ា​តេ​ដូ មិនសូវ​មាន​អ្នក​ចាប់អារម្មណ៍​បង់លុយ​ចូល​ហ្វឹកហាត់​នោះ​ទេ សូ​ម្បី​តែ​កន្លែង​ហាត់រៀន​ក៏​ស្ថិត​នៅ​ទីតាំង​មិន​សមរម្យ​ដែរ ដោយ​ត្រូ

រាជធានី​ភ្នំពេញ ៖ មុន​អំឡុង​ឆ្នាំ​១៩៩០​គ្មាន​អ្នក​ណា​មិនដឹង​នោះ​ទេ​ថា កីឡា​កា​រ៉ា​តេ​ដូ មិនសូវ​មាន​អ្នក​ចាប់អារម្មណ៍​បង់លុយ​ចូល​ហ្វឹកហាត់​នោះ​ទេ សូ​ម្បី​តែ​កន្លែង​ហាត់រៀន​ក៏​ស្ថិត​នៅ​ទីតាំង​មិន​សមរម្យ​ដែរ ដោយ​ត្រូវ​ហ្វឹកហាត់​លើដំបូល​ផ្ទះ​ធ្វើ​ឱ្យ​ថ្ងៃ​ខ្លះ​ត្រូវ​រាំងស្ទះ​ដោយសារ​តែ​ភ្លៀង​រំខាន​និង​មិន​មាន​សម្លៀក​បំពាក់​ត្រឹមត្រូវ​សម្រាប់​ហ្វឹកហាត់​ទៀត​ផង ។ ឆ្លង​ផុត​អតីតកាល​មួយ​នេះ គេ​កត់​សម្គាល់ថា​កីឡា​កា​រ៉ា​តេ​ដូ​រីក​ដុះដាល​ដូច​ផ្សិត​ដោយ​ការ​បង្វឹក​ក៏​មាន​កម្រិតស្ដង់ដារ​និង​ឈាន​ឡើង​មិនធម្មតា​ដែរ​នា​ពេល​បច្ចុប្បន្ន ។

លោក ឡា​ច ច័ន្ទ​សុវណ្ណ ប្រធាន​សមាគម​កីឡា​កា​រ៉ា​តេ​ដូ វ៉ា​ដូ​រី​យ៉ូ បាន​អះអាង​ថា បើ​ធៀប​នឹង​អំឡុង​ឆ្នាំ​១៩៩០ កា​រ៉ា​តេ​ដូ​កាលណោះ​គ្រាន់តែ​ជា​កីឡា​មួយ​ប្រភេទ​ដែល​ក្រ​ហើយ​ខ្វះខាត​មួយ​ចប់​សូ​ម្បី​តែ​ធនធាន​អ្នក​បង្វឹក​ក៏​មាន​មិន​ច្រើន​ដែរ ។ នៅ​ក្នុង​សម័យ​នោះ​មាន​តែ​លោក និង​អ្នកជំនាញ​ប៉ុន្មាន​រូប​ប៉ុណ្ណោះដែល​អាច​ចេញ​បង្រៀន​បាន ដោយ​ការ​បង្វឹក​គឺ​បាន​ធ្វើ​ឡើង​នៅ​លើដំបូល​ផ្សារ​សូ​រិ​យា​សព្វថ្ងៃ ដោយ​លោក​បាន​ដាក់​ឈ្មោះ​ថា ក្លិប​សូ​រិ​យា នៅ​ក្នុង​ពេល​នោះ ។ លោក​ថា ដោយសារ​កា​រ៉ា​តេ​ដូ​មិនសូវ​មានអ្នកចេះ​បង្រៀន ធ្វើ​ឱ្យ​អ្នក​ចង់​ចេះ​ក្បាច់គុន​មួយ​នេះ​មាន​តែ​មក​ហ្វឹកហាត់​នៅ​លើដំបូល​អគារ​ក្នុង​ក្លិប​របស់​លោក​ប៉ុណ្ណោះ​។ សិស្ស​ដែល​ចូល​រៀន​ក៏​បាន​ត្រឹម​បង់​តិចតួច ហើយ​បើ​និយាយ​ពី​សម្លៀក​វិញ​គឺ​គ្មាន​តែ​ម្ដង ដោយ​សិស្ស និង​គ្រូ​ស្លៀក​តែ​ខោ​ធម្មតា និង​ពាក់​អាវយឺត ។

លោក​ថា រំលឹក​ដល់​សម័យ​នោះ​គឺ​កា​រ៉ា​តេ​ដូ មាន​ភាព​កម្សត់​ណាស់ ដោយសារ​តែ​សិស្ស​តស៊ូ​ហាត់​គឺ​សុទ្ធតែ​អ្នក​ស្រឡាញ់ និង​ចង់​ចេះ​ក្បាច់គុន​នេះ តែបើ​អ្នក​គ្រាន់តែ​មក​ហាត់​លេង​ៗ ឬ​គ្មាន​ឆ​ន្ទះ គឺ​ហាត់​មិន​បាន​យូរ​ទេ ដោយសារ​ទី​១​ទីតាំង​ដែល​ត្រូវ​បង្វឹក​នោះ​ខ្ពស់​ពេក មិន​មាន​ស្ដង់ដារ និង​ទី​២​កីឡា​កា​រ៉ា​តេ​ដូ មិន​ទាន់​ល្បីឈ្មោះ និង​មានការ​ចាប់អារម្មណ៍​នៅឡើយ ។ យ៉ាងណា​ក៏​ដោយ​លោក​ថា ស្ថានភាព​បាន​ប្រែប្រួល​អស់ហើយ​នៅ​ក្នុង​ពេល​នេះ ធ្វើ​ឱ្យ​កីឡា​កា​រ៉ា​តេ​ដូ​កែប្រែ​មុខមាត់​ថ្មី ដោយ​លោក​បាន​ទាំង​អះអាង​ថា​កា​រ៉ា​តេ​ដូ បាន​ក្លាយជា​កីឡា​សម្រាប់​អ្នកមាន​ទៀត​ផង ។ លោក​ថា អ្នកមាន​ភាគច្រើន​បាន​បញ្ជូន​កូន​តូច​ៗ​របស់​ខ្លួន​ចាប់ពី​អាយុ​១០​ឆ្នាំ និង​ក្រោម​១០​ឆ្នាំ​តិចតួច​មក​ហ្វឹកហាត់​កីឡា​នេះ​ច្រើន​ឡើង ទើប​ធ្វើ​ឱ្យ​កីឡា​កា​រ៉ា​តេ​ដូ មានការ​រីក​ចម្រើន និង​មាន​ក្លិប​ច្រើន​នា​ពេល​បច្ចុប្បន្ន ។ ជា​តួលេខ​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​ដូ​មាន​ក្លិប​សរុប​ជាង​៣០ ដោយ​ក្លិប​នីមួយ​ៗ​សុទ្ធតែ​មាន​សកម្ម​ភាព និង​មាន​សិស្ស​ចូល​ហ្វឹកហាត់​ច្រើន​។

ជាក់ស្ដែង​មិន​ត្រឹមតែ​នៅ​ភ្នំពេញ​នោះ​ទេ សូ​ម្បី​នៅ​បណ្ដា​ខេត្ត​មួយ​ចំនួន​ក៏​មាន​អ្នក​ចូល​ចិត្ត​ហ្វឹកហាត់​កីឡា​មួយ​នេះ​ច្រើន​ខុស​ពី​មុន​ផង​ដែរ ។ ក្នុង​មួយ​ខែ​សិស្ស​ហាត់​កា​រ៉ា​តេ​ដូ ត្រូវ​បង់​យ៉ាង​ហោច​១៥​ដុល្លារ​រហូត​ដល់​៥០​ដុល្លារ​ក៏​មាន​សម្រាប់​អ្នកមាន​ជីវភាព​ធូរធារ​ដើម្បី​ជួយ​ទ្រទ្រង់​ដល់​ក្លិប​នីមួយ​ៗ ដោយ​មិន​ទាន់​រាប់​បញ្ចូល​ការ​ចំណាយ​លើ​ថ្លៃ​សម្លៀក​បំពាក់​នៅឡើយ ។ ប៉ុន្តែ​ក៏​មាន​សិស្ស​មិន​តម្រូវ​ឱ្យ​បង់ប្រាក់​ផង​ដែរ ដូច​ជា​សិស្ស​ក្រីក្រ ហើយ​មាន​បំណង​ចង់​ក្លាយជា​កីឡាករ​អាជីព ។ លោក​ថា ដើម្បី​អាច​ក្លាយជា​អ្នកចេះ​ក្បាច់គុន​កា​រ៉ា​តេ​ដូ ត្រូវ​ហ្វឹកហាត់​យ៉ាងតិច​១​ឆ្នាំ តែបើ​ចង់ឱ្យ​ស្ទាត់​ហើយ​អាច​ប្រកួត​បាន គឺ​លុះត្រាតែ​ហាត់​ពី​២​ឆ្នាំទៅ​៣​ឆ្នាំ ដោយសារ​កា​រ៉ា​តេ​ដូ​មាន​ក្បាច់គុន​ច្រើន​ដែល​មិន​អាច​ហ្វឹកហាត់​ត្រឹមតែ​រយៈពេល​ខ្លី ហើយ​ក៏​អាច​ចេះ​បាន​ទេ ។ លោក​កោតសរសើរ​ចំពោះ​ក្មេង​ៗ​ដែល​កាន់តែ​ចាប់អារម្មណ៍​នឹង​កីឡា​នេះ​ច្រើន​ឡើង ដោយ​គ្រាន់តែ​ក្នុង​ក្លិប​របស់​លោក​គឺ​មាន​សិស្ស​ហ្វឹកហាត់​រហូត​ដល់​ជាង​១៨០​នាក់ ក្នុង​ពេល​ដែល​ក្លិប​ផ្សេង​ទៀត​ក៏​មាន​សិស្ស​ច្រើន​និង​មាន​និន្នាការ​កើនឡើង​ថែម​ទៀត​មិន​ខុស​គ្នា ។ លោក​ថា អ្នក​បង្វឹក​កា​រ៉ា​តេ​ដូ​សព្វថ្ងៃ​អត់​មាន​ហ្វឹកហាត់​លើដំបូល​ផ្ទះ​ដូច​មុន​ទេ បើ​ទោះ​មិន​មាន​លទ្ធភាព​ធ្វើ​ក្លិប​ដើម្បី​បង្វឹក​សិស្ស​នៅផ្ទះ ក៏​មាន​ទីតាំង​ផ្ដល់​ឱ្យ​មាន​លក្ខណៈ​ស្ដង់ដាជាង​មុន​ដែរ ។ លោក​ថា មជ្ឈមណ្ឌល​កីឡា​ប្រយុទ្ធ​កម្ពុជា​-​ជប៉ុន នៅ​ផ្លូវ​ជា សុ​ផា​រ៉ា បាន​ផ្ដល់​ឱ្យ​គ្រូបង្វឹក​កា​រ៉ា​តេ​ដូ​យក​ធ្វើ​ជាទី​តាំង​បង្វឹក​សិស្ស ក្នុង​ពេល​ដែល​ទីតាំង​ផ្សេង​ទៀត​ដូច​ជា​នៅ​ខាងក្រោយ​មន្ទីរពេទ្យ​លោកសង្ឃ​ជាដើម​សុទ្ធតែ​មាន​លក្ខណៈ​ស្ដង់ដារ និង​ល្អ​ប្រសើរ​មិន​ដូច​ស្ថានភាព​កា​រ៉ា​តេ​ដូ​កាលពី​អតីតកាល ។

លោក ឡា​ច ច័ន្ទ​សុវណ្ណ និយាយ​ថា កីឡា​កា​រ៉ា​តេ​ដូ​ត្រូវ​បាន​ចែក​ចេញ​ជា​៤​ប្រភេទ​គឺ​កា​រ៉ា​តេ​ដូ​វ៉ា​ដូ​រី​យ៉ូ កា​រ៉ា​តេ​ដូ​សូ​តូ​កង់​រី​យ៉ូ កា​រ៉ា​តេ​ដូ​ហ្គោ​ហ្សុ​ី​រី​យ៉ូ និង​កា​រ៉ា​តេ​ដូ​ស៊ី​តូ​រី​យ៉ូ ដែល​មិន​ខុស​គ្នា​នឹង​កីឡា​តេ​ក្វា​ន់​ដូ​ដែល​មាន​ជា​ប្រភេទ​ខ្សែក្រវាត់​ស ក្រហម រហូត​ដល់​ខ្មៅ​នោះ​ដែរ ។ លោក​ថា កូនសិស្ស​ភាគច្រើន​ឱ្យ​តែ​បាន​ហ្វឹកហាត់​កា​រ៉ា​តេ​ដូ​មិន​ចង់​បោះបង់​នោះ​ទេ ទើប​ធ្វើ​ឱ្យ​អ្នក​បង្វឹក​កីឡា​មួយ​នេះ​អាច​រក​ចំណូល​បាន​ខ្ពស់ ហើយ​មាន​ជីវភាព​ធូរធារ​ផង គឺ​មិន​ដូច​កាលពី​អំឡុង​ឆ្នាំ​១៩៩០ ដែល​គ្រូបង្វឹក​ប្រើ​ការ​ស្រឡាញ់​សុទ្ធសាធ​ហើយ​ត្រូវ​បាន​គេ​ឱ្យឈ្មោះ​ថា ជា​កីឡា​ដែល​ក្រ​មិន​គួរ​ជឿ ។

កាលពីមុន​លោក​ថា​អ្នក​ចំណាយពេល​បង្វឹក​កា​រ៉ា​តេ​ដូ គឺ​ដោយសារ​តែ​ចង់​បង្អួត​ស្នាដៃ និង​ទឹកចិត្ត​ស្រឡាញ់​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​ពេល​នេះ​អ្នកមាន​ជំនាញ​មួយ​នេះ​បាន​ក្លាយជា​អ្នករក​ចំណូល​បាន​ល្អ​ដែល​មិន​ខុស​គ្នា​ពី​មានការ​ងារ​មួយ​ច្បាស់លាស់ ។ ក្នុង​នោះ​កេរ្តិ៍ឈ្មោះ​ក៏​មាន​ខ្ពស់​ដែរ​ទើប​ធ្វើ​ឱ្យ​កីឡា​មួយ​នេះ​រីក​ចម្រើន ដោយសារ​តែ​អ្នកជំនាញ​ភាគច្រើន​ដំណើរការ​បើក​ក្លិប​ក្នុង​ពេល​ដែល​ក្លិប​ភាគច្រើន​ឱ្យ​តែ​បើក​សុទ្ធតែ​មានដំណើរ​ការ​ឆ្ពោះទៅ​មុខ​ដោយសារ​សំបូរ​អ្នក​ហ្វឹកហាត់ ។ ទោះបី​យ៉ាងណា លោក​សារភាព​ថា កីឡា​កា​រ៉ា​តេ​ដូ នៅ​មិន​ទាន់​មាន​កីឡាករ​-​កីឡាការិនី​ណា​ម្នាក់​ដណ្ដើម​បាន​មេដាយមាស​ជូន​ជាតិ​ពី​ឆាក​អន្តរជាតិ​គួរ​ឱ្យ​កត់សម្គាល់​នៅឡើយ​ទេ បើ​ទោះជា​ភាព​ជាក់ស្ដែង​កីឡា​មួយ​នេះ​មានការ​រីក​ចម្រើន​ខុស​ប្លែក​ពី​មុន​ក្តី ។ នោះ​គឺ​មក​ពី​កា​រ៉ា​តេ​ដូ ជា​កីឡា​មួយ​ដែល​កម្ពុជា​ដកស្រង់​ពី​គេ ហើយ​ការ​ហ្វឹកហាត់​នៅ​មាន​កម្រិត​ដែល​ធ្វើ​ឱ្យ​ការ​ប្រកួត​ជា​អន្តរជាតិ​ធំ​ៗ​នៅ​មិន​ទាន់​ល្អ ទើប​មិន​ទទួល​បាន​មេដាយ​ជូន​ជាតិ ។ លោក​ថា បើ​ធៀប​នឹង​ពេល​អតីតកាល អ្នកចេះ​កា​រ៉ា​តេ​ដូ​មាន​ចំនួន​ច្រើន​ឡើង ប៉ុន្តែ​បើ​សំដៅ​ដល់​គុណភាព​អ្នកមាន​ឱកាស​ដណ្ដើម​មុខមាត់​ល្បីល្បាញ​ពី​ការ​ប្រកួត​អន្តរជាតិ​ដូច​គ្នា​នឹង​កីឡា​ផ្សេង​ទៀត​ជាដើម គឺ​នៅ​មាន​កម្រិត ។ លោក​ថា លោក​បាន​ចាក​ចេញពី​សហព័ន្ធ​កីឡា​មួយ​នេះ​កាលពី​អំឡុង​ឆ្នាំ​២០១១ បន្ទាប់​ពី​លោក​ត្រូវ​បាន​ជ្រើសរើស​ឱ្យទៅ​ធ្វើ​ជា​ប្រធាន​សហព័ន្ធ​កីឡា​មួយ​ផ្សេង​ទៀត​ដែល​មាន​លក្ខណៈ​ស្រ​ដៀង​គ្នា​នេះ​ដែរ​។ ប៉ុន្តែ​មក​ពី​លោក​នៅ​តែ​ជា​ប្រធាន​សមាគម​កីឡា​កា​រ៉ា​តេ​ដូ និង​ជា​គ្រូបង្វឹក​របស់​ក្លិប​៣​ដែល​មាន​សិស្ស​ចូល​ហ្វឹកហាត់​ច្រើន ទើប​លោក​អាច​ក្ដាប់​ព័ត៌មាន​របស់​កីឡា​មួយ​នេះ​បាន​ច្បាស់​ដែល​អាច​និយាយ​ថា​នៅ​មានការ​ពាក់ព័ន្ធ​ស៊ីជម្រៅ​មិន​ខុស​គ្នា ។ ក្នុង​ពេល​អនាគត លោក​រំពឹង​កីឡា​កា​រ៉ា​តេ​ដូ នឹង​មាន​ជើង​ខ្លាំង​ដែល​អាច​ដណ្ដើម​បាន​មេដាយ និង​មុខមាត់​ជូន​ជាតិ​លើ​ឆាក​អន្តរជាតិ​មិន​ខុស​គ្នា​នឹង​កីឡា​តេ​ក្វា​ន់​ដូ និង​កីឡា​មួយ​ចំនួន​ដែល​លេចធ្លោ​ដូច្នោះ​ដែរ បន្ទាប់​ពី​កត់សម្គាល់​ឃើញ​ថា វិស័យ​កីឡា​មួយ​នេះ​រីក​ចម្រើន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​នា​ពេល​ចុង​ក្រោយ ៕