រាជធានីភ្នំពេញ ៖ កម្ពុជាពិតជាចង់បានគម្រោងកសាងរថភ្លើងល្បឿនលឿនណាស់ មកដល់ពេលនេះ ដើម្បីលើកកម្ពស់សមត្ថភាព និងការទាក់ទាញជំរុញសេដ្ឋកិច្ច ខណៈដែលវិស័យដឹកជញ្ជូនរថភ្លើងកម្ពុជា យឺតជាងគេឆ្ងាយណាស់ បើធៀបនឹងប្រទេសជិតខាងដូចជាឡាវ ថៃ និងវៀតណាម ។
![Picture]()
លើវិស័យដឹកជញ្ជូនតាមរថភ្លើងធៀបនឹងប្រទេសជិតខាង កម្ពុជា ចាញ់ឡាវ ថៃ និង វៀតណាម ហើយដោយពេលនេះកម្ពុជាមានតែរថភ្លើងពីរខ្សែរដែលអាចរត់បានត្រឹមតែល្បឿន៣០គីឡូម៉ែត្រនៅក្នុងមួយម៉ោង ហើយប្រតិបត្តិការរបស់គម្រោងហាក់មិនសូវរលូន រីឯប្រជាប្រិយភាពក៏នៅមានកម្រិត។
![Picture]()
រថភ្លើងល្បឿនលឿនឡាវដែលមានប្រវែង៤២២ គម ភ្ជាប់ឡាវទៅចិន កសាងអស់ទឹកប្រាក់រហូតដល់៥,៩ ពាន់លានដុល្លារ ដែលអាចរត់បានល្បឿន១៦០ គីឡូម៉ែត្រនៅក្នុងមួយម៉ោងបានដាក់ឲ្យដំណើរការរួចរាល់តាំងពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១មកម្ល៉េះ។
សម្រាប់ថៃវិញ ទោះបីជាមិនទាន់ដំណើរការហើយគម្រោងពន្យារពេលជាបន្តបន្ទាប់មែន ប៉ុន្តែទោះបីជាយ៉ាងណា ក៏ដោយក៏គម្រោងនេះលេចចេញរូបរាងពិតប្រាកដ ហើយក្រៅពីនោះប្រព័ន្ធដឹកជញ្ជូនតាមផ្លូវដែកនៅថៃក៏សកម្ម និងមានការគាំទ្រខ្លាំងផងដែរ។ កំណាត់ផ្លូវដែកល្បឿនលឿនរបស់ថៃ ត្រូវគេអះអាងថា នឹងដំណើរការនៅក្នុងរង្វង់ឆ្នាំ២០២៦ខាងមុខ បន្ទាប់ពីគម្រោងនេះត្រូវចុះហត្ថលេខាដោយថៃ និងចិន កាលពីឆ្នាំ២០១៦ ដើម្បីភ្ជាប់ថៃទៅចិនតាមឡាវ។
សម្រាប់វៀតណាមក៏មិនទាន់មានផ្លូវដែកល្បឿនលឿននេះដែរ ហើយនៅពេលនេះកំពុងតែព្យាយាមបញ្ចុះបញ្ចូលជប៉ុន ដើម្បីគាំទ្រគម្រោងដែលមានតម្លៃរហូតដល់ទៅ៥៨ពាន់លានដុល្លារសម្រាប់រថភ្លើងដែលអាចរត់បានពី៣២០ទៅ៣៥០គីឡូម៉ែត្រនៅក្នុងមួយម៉ោង នៅក្នុងចម្ងាយ ផ្លូវតាមបណ្តោយប្រទេស១.៥៥៩ គីឡូម៉ែត្រ។ក្រៅពីនោះវៀតណាម ក៏កំពុងតែមានផែនការកសាងផ្លូវដែកនៅក្នុងប្រទេសឲ្យបាន រហូតដល់២៥ ខ្សែរដែលមានប្រវែង ៦.៣៥៤ គីឡូម៉ែត្រ នៅមុនឆ្នាំ២០៥០ ខាងមុខ ស្របពេលដែលបច្ចុប្បន្នវៀតណាមមានផ្លូវដែកត្រឹម ៧ខ្សែរដែលមានប្រវែង ២.៤៤០គីឡូម៉ែត្រនោះ ។
![Picture]()
សម្រាប់កម្ពុជានៅពេលនេះក៏កំពុងតែដុតដៃដុតជើងលើគម្រោងនេះ ខណៈផ្លូវដែកពីរខ្សែដែលបានដាក់ឲ្យដំណើរការបន្ទាប់ពីបានស្តា និងជួសជុលក្រោមជំនួយហិរញ្ញវត្ថុពីធនាគារអភិវឌ្ឈន៍អាស៊ី និងរដ្ឋាភិបាលអូស្ត្រាលី សម្រាប់តភ្ជាប់ពីភ្នំពេញទៅខេត្តព្រះសីហនុ និងពីភ្នំពេញ ទៅព្រំដែនថៃ អាចរត់បានត្រឹម៣០គីឡូម៉ែត្រនៅក្នុងមួយម៉ោង។
ក្រៅពីយឺតហើយនោះសេវាកម្មក៏មានសភាពមិនសូវរលូន ហើយសំខាន់គម្រោងតភ្ជាប់ជាមួយនឹងថៃដែលគ្រោងជាច្រើនឆ្នាំមកហើយនោះក៏នៅមិនទាន់បានជោគជ័យថែមទៀត។នៅពេលនេះ កម្ពុជាបានបើកផ្លូវឲ្យក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC)ធ្វើការសិក្សានៅលើលទ្ធភាពលើកកម្រិតផ្លូវដែកកម្ពុជាដែលមានប្រវែងសរុបប្រមាណ៣៨២គីឡូម៉ែត្រទទឹងប្រវែង១.៤៣៥ មមល្បឿនសម្រាប់ធ្វើចរាចរណ៍ គឺ១៦០គីឡូម៉ែត្រ នៅក្នុងមួយម៉ោងដូចឡាវដែរ ដោយត្រូវការទុនវិនិយោគប្រមាណជាង ៤ពាន់លាន ដុល្លារអាមេរិក ដោយរួមបញ្ចូលទាំងក្បាល និងទូរថភ្លើងសម្រាប់ដំណើរការ និងប្រើប្រាស់ រយៈពេលសាងសង់ប្រមាណ៤ឆ្នាំ។
ក្រៅពីនេះ កម្ពុជាក៏កំពុងតែជំរុញនឹងបើកផ្លូវស្វែងរកលទ្ធភាពកសាងផ្លូវដែកភ្ជាប់ទៅវៀតណាម និងឡាវ ដែលកម្ពុជានៅមិនទាន់មាននៅ ឡើយនៅពេលនេះ ដើម្បីពង្រឹងការតភ្ជាប់កម្រិតតំបន់។ក្រៅពីនេះនៅក្នុងជំនួបជាមួយនឹងអ្នកសារព័ត៌មានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាក៏បានបង្ហើបពីផែនការនេះ ដើម្បីលើកស្នើរទៅភាគីចិនផងដែរនៅពេលដែលសម្តេចនឹងអញ្ជើញទៅបំពេញទស្សនៈកិច្ចនៅចិនជាថ្មីនៅក្នុងឆ្នាំនេះ។
![Picture]()
សរុបមកវិញមកដល់ពេលនេះ ឧបសគ្គនៃវិស័យដឹកជញ្ជូនតាមផ្លូវដែកគឺនៅមានច្រើន ប៉ុន្តែប្រសិនបើកម្ពុជាអាចមានលទ្ធភាពលើកម្រិតផ្លូវដែកបន្ថែម ពោល គឺធ្វើឲ្យវាមានល្បឿនលឿនដូចឡាវ យើងខ្ញុំគិតថាសេវាកម្មនេះនឹងដំណើរការ ហើយច្រកនៃការតភ្ជាប់ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងដឹកជញ្ជូនទំនិញក៏កាន់តែពង្រីកបន្ថែម ទៀតជាមួយនឹងប្រទេសនៅក្នុងតំបន់៕ដោយៈ ហេង ចេស្តារ
ចែករំលែកព័តមាននេះ