ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្លែ​មិន​ត្រឹមតែ​ជួយ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ប៉ុណ្ណោះ​ទេ​ថែម​ទាំង​ជួយ​បង្កើន​ប្រាក់​ចំណូលថែម​​ទៀត

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ អភិបាលខេត្ត​កំពង់ស្ពឺ​ លោក វ៉ី សំណាង បាន​ថ្លែង​ថា រាជរដ្ឋាភិបាលបាន​ជំរុញ​ឱ្យ​ពលរដ្ឋ​ធ្វើ​ការ​ដាំ​ដុះ​បន្លែបង្ការ ​ដែល​មាន​រយៈពេល​ខ្លី​បន្ថែម​ពីលើ​ការ​ធ្វើស្រែ​ចម្ការ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​…

ខេត្តកំពង់ស្ពឺ​ ៖ អភិបាលខេត្ត​កំពង់ស្ពឺ​ លោក វ៉ី សំណាង បាន​ថ្លែង​ថា រាជរដ្ឋាភិបាលបាន​ជំរុញ​ឱ្យ​ពលរដ្ឋ​ធ្វើ​ការ​ដាំ​ដុះ​បន្លែបង្ការ ​ដែល​មាន​រយៈពេល​ខ្លី​បន្ថែម​ពីលើ​ការ​ធ្វើស្រែ​ចម្ការ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​ ។​ការ​ខិតខំ​ដាំ​ដុះ​នេះ​ បាន​ផ្តល់​នូវ​ផល​ចំណេញ ដោយ​មិន​ត្រឹមតែ​សម្រាប់​បំពេញតម្រូវការ​ហូប​ចុក​ក្នុង​ក្រុម​គ្រួសារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​អាច​លក់​ចេញ​ទៅ​កាន់​ទីផ្សារ​ ដើម្បី​ទទួល​បាន​ប្រាក់​ចំណូល​បន្ថែម​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ក្រុម​គ្រួសារ​។​ ការលើក​ឡើង​បែប​នេះ​ គ្រា​ដែល​លោក​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ការ​ដាំ​ដុះ​បន្លែ​របស់​សហគមន៍​អម​លាំង​ ស្ថិត​ក្នុងស្រុក​ថ្ពង ​ខេត្តកំពង់ស្ពឺ​ កាល​បី​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២៣​ ។

លោក វ៉ី សំណាង បាន​លើក​ឡើង​ថា​ រាជរដ្ឋាភិបាល​ក៏​ដូច​ក្រសួងកសិកម្ម​ រួម​ទាំង​រដ្ឋបាល​ខេត្តកំពង់ស្ពឺ​បាន​លើកទឹកចិត្ត​បងប្អូន​ប្រជា​កសិករ​ឱ្យ​ពង្រីក​ការ​ចិញ្ចឹមសត្វ ធ្វើស្រែ​និង​ដាំ​ដំណាំ​ផ្សេង​ៗ​ទៀត​ ដើម្បី​ផ្គត់ផ្គង់​ដល់
ទី​ផ្សារ ពិសេស​ ទទួល​បាន​ប្រាក់​ចំណូល​បន្ថែម​ទៀត ​។ ​

សព្វ​ថ្ងៃនេះ រាជរដ្ឋាភិបាល​ក៏​ដូច​ជា​ក្រសួងកសិកម្ម​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ចងក្រង​ឯកសារ ​ដើម្បី​បណ្តុះបណ្តាល​ដល់​សហគមន៍​កសិករ ហើយ​ក៏​បាន​ជួយ​ផ្តល់​អ្នកជំនាញ​ទៅ​បណ្តុះបណ្តាល​ដល់​មូលដ្ឋាន​ផ្ទាល់​ផង​ដែរ ធ្វើ​​​ឱ្យ​ការ​ដាំ​ដុះ​របស់​បងប្អូន​ទទួល​បាន​ផល​ច្រើន ចំណាយ​តិច ហើយ​មាន​សុវត្ថិភាព​ដល់​អ្នក​ប្រើប្រាស់​ក៏​ដូច​ជា​អ្នក​ដាំ​ផ្ទាល់ និយាយ​ជា​រួម​គឺ​ឱ្យ​កសិករ​ធ្វើការ​ដាំ​ដុះ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ជីគីមី​ ។

ជុំវិញ​ការ​លើកទឹកចិត្ត​ឱ្យ​មានការ​ដាំ​ដុះ​នេះ​ លោក សួង វេ​ង ប្រធាន​សហគមន៍​ផ្សារ​បន្លែ​អម​លាំង​បាន​លើក​ឡើង​ថា លោក​ក៏​ដូច​សមាជិក​សហគមន៍​បាន​ធ្វើការ​ដាំ​ដុះ​បន្លែ​សុវត្ថិភាព​រយៈពេល​បី​ឆ្នាំ​មក​ហើយ​។​ជីវភាព​គ្រួសារ​និង​ការ​សិក្សា​របស់​កូន​ៗ​មួយ​ផ្នែក​ធំ​បាន​ពឹងផ្អែក​ទៅ​លើ​ការ​ដាំ​ដុះ​នេះ​ ។

លោក​ថា បច្ចុប្បន្ន​ទីផ្សារ​បន្លែ​ល្អ ដាំ​បាន​គឺ​ឈ្មួញកណ្តាល​ប្រមូល​យក​អស់​ៗ មាន​ពេល​ខ្លះ​សហគមន៍​របស់​លោក​សឹងតែ​ផលិត​មិន​ទាន់​សម្រាប់​បំពេញ​ទីផ្សារ​ថែម​ទៀត​ផង ដោយ​ក្នុង​នោះ ​បន្លែ​ទាំងអស់​ដែល​ផលិត​បាន​ក្រៅ​តែ​ពី​លក់​ក្នុង​មូលដ្ឋាន​គឺ​មួយ​ចំនួន​ធំ​ត្រូវ​នាំ​ទៅ​ផ្គត់ផ្គង់​ទីផ្សារ​នៅ​ឯ​រាជធានី​ភ្នំពេញ​ពិសេស​នៅ​តាម​ផ្សារ​ទំនើប​នានា​។

ជាមួយ​និង​ទីផ្សារ​ល្អ លោក សួង វេ​ង ក៏​បាន​បង្ហាញ​នូវ​អារម្មណ៍​រីករាយ​ផង​ដែរ ខណៈ​ដែល​តំលៃ​នៃ​បន្លែ​លក់​បាន​ថ្លៃ​គួរសម ដោយ​សព្វថ្ងៃ​លោក​អាច​លក់ ស្ពៃ​ក្រ​ញ៉ា​ញ់ ស្ពៃ​តឿ ក្នុង​មួយ​គីឡូក្រាម​៤០០០​រៀល រីឯ​សាឡា​ត់​អាច​លក់​បាន​លើស​ពី​នេះ​ គឺ​លក់​បាន​ចាប់ពី​៥០០០​រៀល ​ទៅ​៦០០០​រៀល​ក្នុង​មួយ​គីឡូក្រាម ហើយ​ការ​ដាំ​ត្រឹមតែ​មួយ​ខែ​ប៉ុណ្ណោះ​អាច​ប្រមូល​ផល​បាន​ជាង​២​តោន​ ។

អត្ថបទសរសេរ ដោយ