រាជធានីភ្នំពេញ ៖ ការបែកបាក់ជីវិតប្តីប្រពន្ធនៅក្នុងសង្គមត្រូវគេមើលឃើញថា មានកំណើនជាលំដាប់។មានកត្តាជាច្រើនដែលបណ្តាលឱ្យជីវិតប្តីប្រពន្ធមួយចំនួនដើរដល់ទីទាល់ច្រកត្រូវចែកផ្លូវគ្នា។ការរស់នៅមិនចុះសម្រុងគ្នា ការផិតក្បត់ បញ្ហាសេដ្ឋកិច្ចគ្រួសារ ស្ថិតនៅក្នុងចំណោមហេតុផលជាច្រើនដែលនាំអោយមានការលែងលះគ្នា។
រូបតំណាងទន្ទឹមជាមួយគ្នាពេលខ្លះពួកគេបានឈ្លោះគ្នា និងឈានដល់ការលែងលះ គឺមិនមែនដោយសាររឿងរ៉ាវទាក់ទង និងប្តីប្រពន្ធឡើយ ប៉ុន្តែ គឺជាការជះឥទ្ធិពលពីកត្តាគ្រួសាររបស់គេទាំងពីរទៅវិញដូចពាក្យដែលគេថា«រៀបការនៅកម្ពុជា គឺជាការៀបការនៃគ្រួសារពីរ»។
មានជីវិតប្តីប្រពន្ធខ្លះបែកបាក់គ្នាដោយសារឪពុកម្តាយក្មេក បងប្អូនថ្លៃ និងញាតិសន្ដានជិតឬ ឆ្ងាយ។ដូចជា ករណីថាប្តី ឬប្រពន្ធគិតគូរតែម៉ែឪខ្លួន បងប្អូនខ្លួន ជាងឪពុកម្តាយបងប្អូនម្ខាងទៀត។នៅក្នុងបញ្ហានេះរឿងថវិកាជាចំណោទសំខាន់។
មានប្រពន្ធខ្លះមិនពេញចិត្តចំពោះប្តីដែលចេះតែចំណាយថវិកាលើម៉ែឪ បងប្អូនច្រើនពេក។ស្របពេលដែលគ្រួសារខ្លះមានភរិយាជាអ្នកដែលគិតគូរចំណាយថវិកាទៅលើឪពុកម្តាយខ្លួនច្រើនជាងឪពុកម្តាយខាងប្រុសពេក។ដូច្នេះវាក៏នាំឱ្យឈានដល់ចំណុចត្រូវលែងលះគ្នា ឬក៏បង្កឱ្យមានជម្លោះនៅក្នុងគ្រួសារដែរ។
រូបតំណាងលោក សុជាតិ អាយុ៤៣ឆ្នាំ រស់នៅក្នុងរាជធានីភ្នំពេញបាននិយាយថា ញាតិសន្តាន ពិតជាចំណែកមួយនៅក្នុងបញ្ហាគ្រួសារ ប្រសិនគេមិនចេះគ្រប់គ្រង និងដោះស្រាយឱ្យបានត្រឹមត្រូវនោះ។
បុរសដែលមានកូនបីនាក់រូបនេះនិយាយថា នៅក្នុងសង្គមខ្មែរខុសពីសង្គមបរទេស ដែលនៅពេលជីវិតមានគូស្រករត្រូវរស់នៅឯករាជ្យតែពីរនាក់ប្តីប្រពន្ធនោះ។នៅសង្គមខ្មែរទោះបីបានរៀបការជាប្តីប្រពន្ធក្តីគូស្រករជាច្រើន ត្រូវរស់នៅក្នុងផ្ទះរួមដែលមានឪពុកម្តាយបងប្អូន។ លោកថា បញ្ហានឹងកើតមាន ប្រសិនជាមិនមានការយោគយល់គ្នា និងបែងចែកឱ្យច្បាស់លាស់ទេនោះ។ជាពិសេសរឿងលុយកាក់នេះឯង។
រូបតំណាងលោកសុជាតិ បានទទួលស្គាល់ថា ពេលខ្លះបើយើងស្មោះត្រង់នឹងប្រពន្ធពេកអាចចោលឪពុកម្តាយ និងប្អូន។តែបើយើងគិតតែឪពុកម្តាយពេកក៏ធ្វើឲ្យភរិយាមិនសប្បាយចិត្តដែរ។លោកនិយាយថា«មានមិត្តភក្តិខ្ញុំច្រើនបានត្អូញត្អែរពីបញ្ហានេះ។បញ្ហាដូចជា ពួកគេត្រូវការថវិកាជួយបងប្អូន ប៉ុន្តែការជួយនោះវាច្រើនលើកពេកដែលធ្វើឱ្យភរិយាគេមិនសប្បាយចិត្ត។ ដូច្នេះវិធីមានតែម្យ៉ាងគត់ គឺយើងលួចលាក់លុយកាក់ខ្លះ ដើម្បីជួយបងប្អូនដោយមិនឱ្យប្រពន្ធដឹង»។
រូបតំណាងនៅក្នុងជីវិតគូស្រករជាមួយភរិយាលោកដែលមានអាយុកាលជិត២០ឆ្នាំមកហើយនោះ លោកសុជាតិ និយាយថា លោកក៏បានឆ្លងកាត់បញ្ហាទាំងអស់នោះដែរ។លោកថាឪពុកម្តាយ លោកជាអ្នកជនបទ ហើយខាងឪពុកម្តាយក្មេកជាអ្នកភ្នំពេញ ដូច្នេះលោកតែងតែគិតគូដល់ឪពុកម្តាយខ្លួនច្រើនជាងឪពុកម្តាយក្មេករហូតមក។
លោក សុជាតិបាននិយាយថា«ជាសំណាងរបស់ខ្ញុំដែលមានភរិយាគាត់យល់ ប៉ុន្តែទម្រាំគាត់យល់ គឺយើងត្រូវការពេលវេលាពន្យល់ និងណែនាំគាត់។ហើយយើងព្យាយាម ដើម្បីឱ្យការគិតគូរនោះមិនខុសគ្នា ខ្លាំងពេក។ឧទាហរណ៍ថា យើងចំណាយថវិកាច្រើនសម្រាប់ឪពុកម្តាយយើង តែឪពុកម្តាយក្មេកដែលគាត់មិនមានបញ្ហាថវិកា គឺយកចិត្តទុកដាក់គាត់ពីផ្លូវចិត្តរបស់គាត់វិញ។ ដូចជា ឧស្សាហ៍ទៅលេងគាត់នាំគាត់ដើរកម្សាន្តជាដើម។នៅពេលធ្វើដូច្នេះតុល្យភាពនៃការស្រឡាញ់ក៏មាន»។
សូមជម្រាបថា នៅក្នុងធម៌ស្តីពីតួនាទីស្វាមីត្រូវសង្គ្រោះភរិយា ឬភរិយាសង្គ្រោះស្វាមីនោះមានប្រការមួយបានចែងឱ្យគូស្វាមីភរិយាទាំងឡាយ មានធម៌សង្គ្រោះញាតិខាងស្វាមី និងខាងភរិយាអោយបានស្មើៗគ្នា។ នាទី និងសីលធម៌ស្វាមី ចំពោះភរិយាមាន៥ចំនុច ឬឯតួនាទី និងសីលធម៌របស់ភរិយាចំពោះស្វាមីក៏មានប្រាំចំណុច។
រូបតំណាងនាទី និងសីលធម៌ស្វាមី ចំពោះភរិយា មាន
១. ស្រលាញ់ភរិយាដ៏ស្មោះ ដោយប្រើសំដីទន់ភ្លន់ ផ្អែមល្ហែម ទៅកាន់ ភរិយា, មិនប្រើពាក្យសំដីគ្រោតគ្រាត ទៅកាន់ភរិយា។
២. មិនបៀតបៀន, មិនមើលងាយមើលថោកភរិយា ។
៣. មិនប្រព្រឹត្តកន្លងចិត្តភរិយា(មិនក្បត់ភរិយា)។
៤. ប្រគល់កិច្ចការសព្វយ៉ាងនៅក្នុងផ្ទះអោយទៅភរិយាកាន់កាប់។
៥. ផ្គត់ផ្គង់សំលៀកបំពាក់ គ្រឿងអលង្ការសមគួរដល់ភរិយា។
ចំណែក នាទី និងសីលធម៌ភរិយាចំពោះស្វាមីក៏មាន៥ប្រការគឺ
១. ចាត់ចែងការងារក្នុងផ្ទះ មានបាយទឹកជាដើមដោយផ្ចិតផ្ចង់, មើល រៀបចំឥវ៉ាន់ ទ្រព្យសម្បត្តិ រៀបចំផ្ទះ សម្បែង ឲ្យមានសណ្តាប់ធ្នាប់រៀបរយស្អាតបាត មានអនាម័យ ដូចសុភាសិតថា «ដំណេកដេកជាខ្នាតអោយសំអាតសំអាងជា ទើបទេវតារក្សា ចំរើនសុខស្រីសួស្តី» ។
២. សង្គ្រោះញាតិខាងស្វាមី និងញាតិខាងខ្លួនឲ្យបានស្មើមុខគ្នា រួមទាំងបដិសណ្ឋារកិច្ច ចំពោះបុគ្គលដែលស្វាមីរាប់អាន ពេលដែលជននោះមកដល់ផ្ទះ។
៣. ថែទាំទុកដាក់ទ្រព្យសម្បត្តិដែលស្វាមីរកបានមក, របស់បាត់ត្រូវតាមរក, របស់ចាស់ត្រូវជួសជុលប្រើ, និងត្រូវចេះប្រមាណ ក្នុងការប្រើទ្រព្យសម្បត្តិ។
៤. មិនប្រព្រឹត្តកន្លងចិត្តស្វាមី ( មិនក្បត់ចិត្តស្វាមី ) ។
៥. ឈ្លាសវៃ ប៉ិនប្រសប់ និងប្រឹងប្រែងជានិច្ចក្នុងកិច្ចការគ្រប់យ៉ាង ព្រោះខ្លួនមាននាទីជា«មេផ្ទះ, មេកិច្ចការជាធំក្នុងគ្រួសារ» ៕
ចែករំលែកព័តមាននេះ