ខេត្តព្រះសីហនុ ៖ បន្ទាប់ពីរដ្ឋាភិបាលចិន អនុញ្ញាតឲ្យប្រជាជនខ្លួនចេញក្រៅប្រទេសឡើងវិញ នៅអាកាសយានដ្ឋានអន្តរជាតិកងកេង ក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ បានទទួលជើងហោះហើរ លើកដំបូងមកពីប្រទេសចិន ជាមួយវត្តមានភ្ញៀវទេសចរចំនួន ១០៤នាក់ និងក្រុមអ្នកបម្រើការលើយន្តហោះ ៦នាក់ទៀត សរុប១២០នាក់។
អ្នកដំណើរ និងភ្ញៀវទេសចរចិន ទាំង១០៤នាក់នេះ គឺធ្វើដំណើរចេញពីអាកាសយានដ្ឋានអន្តរជាតិគួនមីង ក្នុងខេត្តយូណាន ប្រទេសចិន ដោយបានចុះចត នៅអាកាសយានដ្ឋានអន្តរជាតិកងកេង នាវេលាម៉ោង៩និង៤៥នាទីព្រឹកថ្ងៃសុក្រនេះ យន្តហោះរបស់ក្រុមហ៊ុន Ruili Airline ។
ក្នុងដំណើរចុះចត នៅខេត្តព្រះសីហនុ លើកដំបូងនេះ ភ្ញៀវទេសចរចិន និងក្រុមអ្នកបម្រើការលើយន្តហោះ ក៏ទទួលបានការស្វាគមន៍ ពីសំណាក់ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល តំណាងអាជ្ញាធរខេត្តព្រះសីហនុជាដើម ដោយមានរបាំឆៃយ៉ាំ សម្រាប់ទទួលបដិសណ្ឋារកិច្ច រួមជាមួយការបំពាក់ក្រមាខ្មែរ និងជូនបាច់ផ្កាផងដែរ ។
លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបញ្ជាក់ថា នាឱកាសទទួលបដិសណ្ឋារកិច្ច ចំពោះភ្ញៀវទេសចរមកពីប្រទេសចិន នៅអាកាសយានដ្ឋានព្រះសីហនុលើកដំបូងនោះ កម្ពុជាក៏មានរៀបចំបដា ស្វាគមន៍ និងបានផ្សព្វផ្សាយពីការត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលភ្ញៀវទេសចរមកពីចិន និងមកពីជុំវិញពិភពលោក ។
លោកបានបន្តថា មិនមានវិធានការបង្ការ ឬការធ្វើតេស្តរកមេរោគកូវីដ-១៩ ចំពោះភ្ញៀវទេសចរចិនទាំងនោះឡើយ ពោលគឺពួកគេអាចធ្វើដំណើរកម្សាន្ត ដោយសេរី នៅខេត្តព្រះសីហនុ និងនៅទូទាំងប្រទេសកម្ពុជា ។
លោក ហោ សារុន បានបន្តទៀតថា «បន្ទាប់ពីខេត្តព្រះសីហនុនេះហើយ យើងនឹងរៀបចំការទទួលបដិសណ្ឋារកិច្ចចំពោះទេសចរ មកពីប្រទេសចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងខេត្តសៀមរាបបន្តទៀត» ។
គួរជម្រាបថា ចាប់តាំងពីប្រទេសចិនបានកែលម្អវិធានការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ បានល្អប្រសើរឡើងវិញនោះមក រដ្ឋាភិបាលបានអនុញ្ញាតឱ្យប្រជាជនរបស់ខ្លួនអាចធ្វើដំណើទៅក្រៅប្រទេសបានឡើងវិញ ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣កន្លងមក៕








ចែករំលែកព័តមាននេះ