ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ចិន​មួយត្រូវ​អា​មេ​រិ​ក​ដាក់​ទណ្ឌកម្ម​​រឿង​លូកដៃ​ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន

1 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ សហរដ្ឋអាមេរិក បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ចិន​មួយ ដោយ​ចោទប្រកាន់​ថា

សហរដ្ឋអាមេរិក ៖ សហរដ្ឋអាមេរិក បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ចិន​មួយ ដោយ​ចោទប្រកាន់​ថា បាន​ផ្តល់​រូបភាព​ផ្កាយ​រណប​អំពី​ប្រទេស​អ៊ុយ​ក្រែ​ន ដើម្បី​គាំទ្រ​ដល់​ប្រតិបត្តិការ​ប្រយុទ្ធ​របស់​ក្រុម​ទាហាន​ស៊ីឈ្នួល ដែល​មានឈ្មោះ​ថា Wagner សម្រាប់​ប្រទេស​រុ​ស្ស៊ី​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន BBC ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២៣​។

វិទ្យាស្ថាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​អវកាស Changsha Tianyi របស់​ចិន ស្ថិត​ក្នុង​ចំណោម​អង្គភាព​ចំនួន​១៦ ដែល​រង​ការ​ទប់ស្កាត់​ដោយ​នាយកដ្ឋាន​រតនាគារ​សហរដ្ឋអាមេរិក​។ ក្រុមហ៊ុន​នេះ ត្រូវ​បាន​គេ​ស្គាល់​ថា Spacety China ដែល​មាន​ការិយាល័យ​នៅ​ទីក្រុង​ប៉េ​កាំ​ង និង​ប្រទេស​លុ​ច​ហ្សំ​បួរ​។

ការិយាល័យ​គ្រប់គ្រង​ទ្រព្យសកម្ម​បរទេស ក្រសួង​រតនាគារ​សហរដ្ឋអាមេរិក បាន​លើក​ឡើង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ កាលពី​ថ្ងៃ​ទី​២៦ ខែមករា ថា Spacety China បាន​ផ្តល់​ឱ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា Terra Tech ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​រុ​ស្ស៊ី ជាមួយ​រូបភាព​ពី​ផ្កាយ​រណប Synthetic Aperture (SAR) អំពី​ទីតាំង​នៅ​អ៊ុយ​ក្រែ​ន​។ ដោយ​សេចក្តីថ្លែងការណ៍​បាន​បញ្ជាក់​ថា «​រូបភាព​ទាំងនេះ ត្រូវ​បាន​ប្រមូលផ្តុំ ដើម្បី​បើក​ប្រតិបត្តិការ​ប្រយុទ្ធ​របស់ Wagner នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​»​។

បន្ថែម​ពី​នេះ នាយកដ្ឋាន​ក៏​បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​លុ​ច​ហ្សំ​បួរ​របស់ Spacety China នៅ​ក្រោម​ការ​ដាក់​ទណ្ឌកម្ម មិន​អាច​មានការ​ផ្ទេរ ការ​បង់ប្រាក់ ឬ​ការ​នាំ​ចេញ​ទ្រព្យសម្បត្តិ ឬ​ផលប្រយោជន៍​ណាមួយ​នៅ​ក្នុង​សហរដ្ឋអាមេរិក ទៅ​កាន់​អង្គភាព​គោលដៅ ហើយ​ពាក់ព័ន្ធ​ជុំវិញ​បញ្ហា​នេះ Spacety China មិន​ទាន់​មានការ​ឆ្លើយ​តប ចំពោះ​ទ​ង្វើ​នេះ នៅឡើយ​ទេ​។ នេះ​បើ​យោង​តាម​របាយការណ៍ BBC បាន​ចេញផ្សាយ​។

នៅ​លើ​គេហទំព័រ​របស់​ខ្លួន Spacety China បាន​ពិពណ៌នា​ខ្លួនឯង​ថា ជា​អ្នកត្រួសត្រាយ​ផ្លូវ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​ផ្កាយ​រណប​ពាណិជ្ជកម្ម ហើយ​ចង់​ផ្តល់​រូបភាព​គ្រប់​ចំណុច​នៅ​លើ​ផែនដី​ជាមួយ​តម្លៃ​សមរម្យ ដល់​អ្នក​ប្រើប្រាស់​ទូ​ទាំង​ពិភពលោក ខណៈ​ដែល SAR គឺជា​ប្រភេទ​បច្ចេកវិទ្យា​រ៉ា​ដា ដែល​អាច​ផ្តល់​រូបភាព មាន​ភាព​ច្បាស់​ខ្ពស់ ដោយ​ប្រើ​អង់​តែ​ន​ខ្លី​។

សូម​ជម្រាប​ថា ប្រទេស​ចិន ដែល​ជា​សម្ព័ន្ធមិត្ត​ជិត​ស្និទ្ធ​របស់​រុ​ស្ស៊ី បាន​ព្យាយាម​ដាក់ខ្លួន​ជា​ភាគី​អព្យាក្រឹត ទាក់ទង​នឹង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។ ប៉ុន្តែ​ប្រទេស​យក្ស​នៅ​អាស៊ី​មួយ​នេះ ទទួល​រង​ការ​រិះគន់​ដោយ​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត ចំពោះ​ការ​បដិសេធ​មិន​ថ្កោលទោស​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន ដែល​មាន​រយៈពេល​ជិត​១​ឆ្នាំ​ហើយ ចាប់តាំងពី​ការ​ចាប់ផ្តើម​ដំបូង កាលពី​ចុងខែ​កុម្ភៈ ឆ្នាំ​២០២២ កន្លង​ទៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ