ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញនឹង​បិទ​ដំណើរ​ការ​ទាំងស្រុង​នៅ​ខែកក្កដា​ខាង​មុខ​នេះ

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ គឺជា​អាកាសយានដ្ឋាន​ធំ​បំផុត និង​សំខាន់​បំផុត​ក្នុង​វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស​របស់​កម្ពុជា  ដែល​នឹង​បិទ​ដំណើរការ​ទាំង​ស្រុង​នៅ​ដើមខែ​កក្កដា ឆ្នាំ​២០២៥  បន្ទាប់​ពី​លេច​រូបរាង​ឡើង​នូវ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​ ស្ថិត​នៅ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល…

រាជធានី​ភ្នំពេញ​ ៖ ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ គឺជា​អាកាសយានដ្ឋាន​ធំ​បំផុត និង​សំខាន់​បំផុត​ក្នុង​វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស​របស់​កម្ពុជា  ដែល​នឹង​បិទ​ដំណើរការ​ទាំង​ស្រុង​នៅ​ដើមខែ​កក្កដា ឆ្នាំ​២០២៥  បន្ទាប់​ពី​លេច​រូបរាង​ឡើង​នូវ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​ ស្ថិត​នៅ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ចម្ងាយ​ប្រមាណ​២០​គីឡូម៉ែត្រ​ភាគ​ខាងត្បូង​នៃ​រាជធានី​ភ្នំពេញ​ដំណើរការ​ស្ថាពរ​ ។ នេះ​បើ​តាម​អ្នកនាំពាក្យ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល​ឯកឧត្តម ស៊ី​ន ចាន់​សិរី​វុ​ត្ថា​ ។

ថ្លែង​ប្រាក់​សារព័ត៌មាន​ក្នុងស្រុក​មួយ​ឯកឧត្តម ស៊ី​ន ចាន់​សិរី​វុ​ត្ថា បាន​លើក​ឡើង​ថា បើ​គ្មាន​ការ​ប្រែប្រួល ព្រ​លាន​យន្តហោះ​ពោធិ៍​ចិន​តុង នឹង​បិទ​ដំណើរការ​នៅ​យប់​ថ្ងៃ​៩​ចូល​១០​កក្កដា​។

ឯកឧត្តម​បាន​បញ្ជាក់​ថា​ «​គ្មាន​ការ​ប្រែប្រួល​ណាមួយ​កើតឡើង​ទេ ព្រ​លាន​យន្តហោះ​ពោធិ៍​ចិន​តុង ឬ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នឹង​បិទ​លែង​ឲ្យ​ដំណើរការ​នៅ​វេលា​ម៉ោង​០០៖០០​នាទី​រំលង​អធ្រាត្រ​ថ្ងៃ​៩ ឈាន​ចូល​ថ្ងៃ​១០ កក្កដា​ខាង​មុខ ហើយ​»​។

ឯកឧត្តម​បាន​លើក​ឡើង​ថា នៅ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២៥​ខាង​មុខ គឺជា​ថ្ងៃ​គោលដៅ​ដែល​ភាគី​ពាក់ព័ន្ធ​បាន​គ្រោងទុក​ក្នុង​ការ​ដាក់​ឱ្យ​ប្រតិបត្តិការ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ (TIA/ KTI) ស្ថិត​នៅ​ខេត្តកណ្តាល​ជាប់​ព្រំប្រទល់​រាជធានី​ភ្នំពេញ ក្នុង​លក្ខ​ខណ្ឌ​ប្រសិនបើ​គ្មាន​អ្វី​ប្រែប្រួល​ទេ​នោះ តែ​អ្វី​ៗ​គឺ​អាស្រ័យ​ទៅ​លើ​លទ្ធផល​នៃ​ការ​ពិនិត្យ​វាយតម្លៃ និង​សា​វន​កម្ម​លើក​ទី​២​ដែល​នឹង​ប្រព្រឹត្ត​ទៅ​មុន​បំណាច់​ខែឧសភា​ឆ្នាំ​២០២៥​នេះ ។

ឯកឧត្តម​បាន​លើក​ឡើង​ទៀត​ថា ដូច​អ្វី​ដែល​បាន​រៀបរាប់​ខាងលើ​បើ​គ្មាន​ការ​ប្រែប្រួល ព្រ​លាន​យន្តហោះ​ពោធិ៍​ចិន​តុង នឹង​បិទ​ដំណើរការ​នៅ​ម៉ោង​០០:00​យប់​រំលង​អធ្រាត្រ​ថ្ងៃ​ទី​៩ ឈាន​ចូល​ថ្ងៃ​ទី​១០ ខែកក្កដា ២០២៥ ហើយ​ប្រតិបត្តិការ​ទាំងអស់ នឹង​ត្រូវ​រុះរើ​ទាំងស្រុង​ទៅ​កាន់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​តេ​ជោ​តាម​ការ​គ្រោងទុក​។

ឯកឧត្តម​ថា ជាមួយ​គ្នា​នេះ ជើងហោះហើរ​ចុង​ក្រោយ​គេ​បង្អស់​ជា​ប្រវត្តិសាស្ត្រ មុន​នឹង​បិទ​ដំណើរការ​ព្រ​លាន​យន្តហោះ​ពោធិ៍​ចិន​តុង​គឺជា​ជើងហោះហើរ Korean Air​។

ជាមួយ​គ្នា​នោះ​ដែរ​ឯកឧត្តម ស៊ី​ន ចាន់​សិរី​វុ​ត្ថា​ក៏​បាន គូសបញ្ជាក់​ថា​៖ «​អីចឹង​អ្វី​ៗ​ខ្ញុំ​តែងតែ​និយាយ​ថា បើសិន​គ្មាន​អ្វី​ប្រែប្រួល​ទេ​នេះ​ទី​១ ។ ទី​២ បើ​យក​ថ្ងៃ​១០​កើតឡើង​មែន គឺ​យើង​យក​ថ្ងៃ​៩ (​កក្កដា​)​ម៉ោង​០០​ឈាន​ចូល​ថ្ងៃ​១០​ហ្នឹង​គឺជា​ថ្ងៃ​កំណត់​បិទ​ព្រ​លាន​ចាស់ ចូល​ព្រ​លាន​ថ្មី ប៉ុន្តែ​អ្វី​ៗ​រង​ចាំ​ចម្លើយ​រហូត​ដល់​បំណាច់​ខែ​ប្រាំ​នេះ​សិន​»។

សូម​បញ្ជាក់​ថា អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ពោធិ៍​ចិន​តុង ចាប់ផ្តើម​កសាង​ជា​លើក​ដំបូង​ដោយ​ប្រទេស​បារាំង​នៅ​ឆ្នាំ​១៩៥៧ រួច​ធ្វើ​ពិធី​សម្ពោធ​នៅ​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​១៩៥៩ ។ ប៉ុន្តែ ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​ចំនួន​អ្នក​ធ្វើ​ដំណើរ អាកាស​យាន្ត​ដ្ឋា​ន​ត្រូវ​បាន​បើក​ការដ្ឋាន​រុះរើ​សាងសង់​ជា​ថ្មី​ឡើង​វិញ​នៅ​ឆ្នាំ​១៩៩៥ ដោយ​ក្រុមហ៊ុន SCA​របស់​បារាំង ។ អាកាសយានដ្ឋាន​ដែល​ត្រូវ​បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ​នៅ​ឆ្នាំ​២០០២ មាន​លទ្ធភាព​ទទួល​អ្នកដំណើរ​បាន​៥​លាន​នាក់​ក្នុង​១​ឆ្នាំ​ៗ​។ អាកាសយានដ្ឋាន​អន្តរជាតិ​ពោធិ៍​ចិន​តុង ត្រូវ​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០០៣៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ