សូមប្រជាជនកម្ពុជាទាំងអស់ បង្កើនការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ ពីព្រោះវាបានកម្រើកឡើងវិញ ហើយសម្លា.ប់មនុស្សជាង១៦០០នាក់ ក្នុងពិភពលោក ក្នុងរយ:ពេលមិនដល់១ខែផង ។

មេរោគកូវីដ១៩ ដែលយើងលែងខ្លាចលែងបារម្ភជាទូទៅ ប្រមាណជា២ទៅ៣ឆ្នាំមកហើយនោះ គឺបានវិវត្តន៍ថ្មីមួយបែបទៀតដែលក្រសួងសុខាភិបាលបានប្រកាស កាលពីល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ខណៈដែលអង្គការសុខភាពពិភពលោកបានអះអាងថា ២៨ថ្ងៃចុងក្រោយ មេរោគកូវីដ១៩ វាបានសម្លា.ប់មនុស្សប្រមាណជា១.៦០២នាក់នៅលើពិភពលោក ។
មេរោគកូវីដ១៩ ចុងក្រោយនេះ គឺជាពពួកមេរោគអូមីក្រុងដែលបានបំប្លែងខ្លួនជាថ្មី គេហៅវាថា ប្រភេទជេអ៊ិន១ (JN.1)ដែលវារកឃើញដំបូង នៅក្នុងខែសីហា ឆ្នាំ២០២៣ ហើយនៅពេលនេះវាបានរីករាលដាលយ៉ាងឆាប់រហ័សក្នុងតំបន់ជាច្រើននៅទូទាំងពិភពលោក ។
ក្រសួងសុខាភិបាលបានអះអាងថា បច្ចុប្បន្ននេះ អង្គការសុខភាពពិភពលោកបានចាត់ថ្នាក់វាថា គឺជាប្រភេទមេរោគក្នុងវ៉ារីរ្យង់ ដ៏មានចំណាប់អារម្មណ៍ ដោយសារតែវារីករាលដាលយ៉ាងឆាប់រហ័ស ដោយសារតែលក្ខណៈជីវសាស្ត្រវិវត្តន៍ថ្មីរបស់វា ។

ប្រភពដដែលបានអះអាងថា ត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ២០២៥ ជេអ៊ិន ១ ត្រូវបានរកឃើញមានជាង១៥ភាគរយ នៃករណីកូវីដ១៩ ដែលបានរកឃើញនៅទូទាំងពិភពលោក ។
អង្គការសុខភាពពិភពលោកបានអះអាងថា មកដល់ពេលនេះ កូវីដ១៩ បានកើតមានឡើង សរុបប្រមាណជាជាង៧៧៧ លានករណី ហើយវាបានសម្លា.ប់ជីវិតមនុស្សសរុបជាង៧លាននាក់ នេះដោយរួមបញ្ចូលទាំងករណីស្លា.ប់ថ្មី នៅ២៨ថ្ងៃចុងក្រោយ ប្រមាណជា១.៦០២នាក់ផងដែរ ។
ស្ថានភាពនៃគ្រោះថ្នាក់ដោយសារតែមេរោគកូវីដ១៩ គឺនៅតែមានដូច្នេះកុំជិះសេះលែងដៃ ហើយស្មារតីនៃការការពារ និងបង្ការគួរតែលើកកម្ពស់ បើទោះបីជានៅពេលនេះ វាមិនត្រូវបានចាត់ថ្នាក់ថា ជាជំងឺគ្រោះថ្នាក់ខ្លាំងដូចកាលពីអំឡុង ឆ្នាំ២០១៩ ដល់ឆ្នាំ២០២២ កន្លងមកក៏ដោយចុះ ៕
ចែករំលែកព័តមាននេះ