រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានផ្តល់សិទ្ធិយ៉ាងទូលំទូលាយដល់ការគោរពសាសនា ហើយកម្ពុជាមិនអនុញ្ញាតឲ្យមានជម្លោះសាសនានៅក្នុងប្រទេសឡើយ។
![Picture]()
ថ្លែងក្នុងពិធីអបអរសាទរខួប១០០ឆ្នាំនៃសាសនាគ្រិស្តនៅកម្ពុជា ឬហៅព្រឹត្តិការណ៍នោះថា «មរតកដំណឹងល្អ១០០ឆ្នាំ(១៩២៣-២០២៣)»នាព្រឹកថ្ងៃទី២៧ មករា ឆ្នាំ២០២៣ បរិវេណមជ្ឈមណ្ឌលកោះពេជ្រ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ៖«ជម្លោះសាសនា គឺជាមហន្តរាយមួយដ៏ធំធេងដែលមិនអាចឱ្យកើតមានឡើយនៅក្នុងប្រទេសកម្ពុជា»។
សម្តេចតេជោ ក៏បានថ្លែងនូវការអំពាវនាវដល់ថ្នាក់ដឹកនាំគ្រិស្តត្រូវសាមគ្គីគ្នាទាំងផ្ទៃក្នុង និងជាមួយសាសនាដទៃដោយឈរលើគោលការណ៍សុខដុមនីយកម្ម ហើយសង្ឃឹមថា ថ្នាក់ដឹកនាំគ្រិស្តនៅកម្ពុជា នឹងជ្រើសតំណាងមួយ ដើម្បីជជែកជាមួយសាសនាដទៃក៏ដូចជា អាជ្ញាធរ ដើម្បីចូលរួមថែរក្សាការពារសុខសន្តិភាពសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងសង្គម។
![Picture]()
ជាមួយគ្នានោះដែរ សម្តេចតេជោ បានប្រកាសថា នៅថ្ងៃទី២៧ ខែមករានេះ សល់តែ៩៨ថ្ងៃទៀតប៉ុណ្ណោះ ដល់ពេលកម្ពុជាធ្វើម្ចាស់ផ្ទះប្រកួតស៊ីហ្គេមហើយ។សម្តេចតេជោ បានក៏បានលើកឡើងថា ការជួបជុំគ្នានៅព្រឹកថ្ងៃនេះ គឺជាជំនួបលើកទី៥ហើយរវាងសម្តេច និងគ្រិស្តបរិស័ទដែលកន្លងមកតែងតែមានការជួបជាប្រចាំឆ្នាំ ក៏ប៉ុន្តែត្រូវបានអាក់ខានរយៈពេល៣ឆ្នាំកន្លងមកនេះដោយសារកូវីដ១៩។
សម្តេចតេជោ នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា ពិធីអបអរសាទរខួប១០០ឆ្នាំនៃវត្តមានគ្រិស្តសាសនានៅកម្ពុជា គឺជាការអរគុណដល់ព្រះយេស៊ូ។ ការជួបជុំអបអរសាទរនេះ១០០ឆ្នាំនេះ ក៏ជាការបង្ហាញឱ្យពីការរីកចម្រើនលើផ្នែកជំនឿសាសនានៅកម្ពុជាផងដែរ។
![Picture]()
សម្តេចតេជោ បន្តទៀតថា គ្រិស្តបរិស័ទបានចូលរួមចំណែកយ៉ាងសំ ខាន់លើកិច្ចការសង្គមនៅកម្ពុជាដូចជា បញ្ហាសង្គមការអភិវឌ្ឍធនធានមនុស្សវិស័យមនុស្សធម៌ និងសកម្មភាពផ្សេងៗជាច្រើនទៀត។ចំពោះមុខអ្នកគោរពគ្រិស្តសាសនា សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ដើម្បីបុព្វហេតុជាតិ និងប្រជាជនរាជរដ្ឋាភិបាលបានគាំពារគ្រប់សាសនាទាំងអស់នៅកម្ពុជា ហើយបានផ្តល់សិទ្ធិសេរីភាពយ៉ាងទូលំ ទូលាយដល់គ្រប់សាសនាទាំងអស់ដែលបាននឹងកំពុងមានវត្តមាននៅលើទឹកដីកម្ពុជា។
![Picture]()
កម្ពុជាមានមោទនភាពចំពោះប្រជាពលរដ្ឋទោះបីមានជំនឿសាសនាខុសគ្នា តែបានរួមរស់ជាមួយគ្នាយ៉ាងសុខសាន្តមិនមានជម្លោះ សាសនាអ្វីឡើយ។សម្តេចតេជោ នាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់គ្រិស្តបរិស័ទទាំងអស់ដែលបានប្រឹងប្រែងរួមគ្នាថែរក្សាសុខសន្តិភាព និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នាពេលកន្លងមកនេះ។ សម្តេចតេជោ បានបន្ថែមទៀតថា ថ្ងៃជ័យជម្នះ៧មករា មិនត្រឹមតែជួយឱ្យជីវិតពលរដ្ឋខ្មែរបានរស់ឡើងវិញប៉ុណ្ណោះទេ តែក៏បានជួយឱ្យសាសនាទាំងអស់នៅក្នុងប្រទេសកម្ពុជារស់ឡើងវិញផងដែរ៕
![Picture]()
ចែករំលែកព័តមាននេះ