រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ឲ្យដឹងថា នៅតាមបណ្តាខេត្តនានារបស់ប្រទេសកម្ពុជានឹងបន្តចុះត្រជាក់ដល់១៤អង្សាសេ ហើយអាកាសធាតុនឹងចាប់ផ្តើមធម្មតាវិញ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣។

យោងតាមសេចក្តីជូនដំណឹងបន្ថែមស្តីពីស្ថានភាពអាកាសធាតុ តាមការវិវត្តជាក់ស្តែងជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុបានបង្ហាញឲ្យឃើញថា នៅថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ទ្រនុងសម្ពាធខ្ពស់ពីចិន និងខ្យល់មូសុងឦសាន្ត បន្តបង្កើនឥទ្ធិពលក្នុងកម្រិតពីបង្គួរទៅខ្លាំងមកលើកម្ពុជា។

ក្រសួងបានលើកឡើងថា ស្ថានភាពបែបនេះនឹងធ្វើឲ្យអាកាសធាតុបន្តចុះត្រជាក់បន្ថែម ជាពិសេសនៅថ្ងៃទី២៩-៣០ ខែមករា ដែលនឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់ខ្ពង់រាប និងតំបន់ភាគពាយព្យធាតុអាកាសនឹងចុះត្រជាក់ខ្លាំងជាងសព្វមួយដង ដោយស៊ីតណ្ហភាពអប្បបរមានៅបណ្តាខេត្តទាំងនោះអាចធ្លាក់ចុះដល់១៤-១៦អង្សាសេ។

រីឯបណ្តាខេត្តដទៃទៀត ស៊ីតណ្ហភាពអប្បបរមាមានពី១៧-២១អង្សាសេ។ ចំណែកនៅរាជធានីភ្នំពេញស៊ីតណ្ហភាពអប្បបរមាអាចធ្លាក់ចុះដល់២0អង្សាសេ។ក្រសួងបានឲ្យដឹងថា បន្ទាប់ពីនោះរហូតដល់ថ្ងៃទី៥ ខែកុម្ភៈ សីតណ្ហភាពនឹងវិលមកជាធម្មតាវិញ។

អាស្រ័យដូចបានជម្រាបជូនខាង សូមសាធារណៈជនទទួលជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នចំពោះស្ថានភាពធាតុអាកាសចុះត្រជាក់៕
ចែករំលែកព័តមាននេះ