រាជធានីភ្នំពេញ ៖ ក្រោយពេលដែលរដ្ឋាភិបាលចិនបានប្រកាសដកការរឹតត្បិតលើគោលនយោបាយកូវីដសូន្យមកដល់ពេលនេះ ស្ថានភាពភ្ញៀវទេសចរចិនមកកាន់កម្ពុជាហាក់នៅស្ងប់ស្ងាត់ដដែលនាំឲ្យលេចចេញនូវមតិរិះគន់ខ្លះៗទាក់ទងនឹងចំណាត់ការ ដើម្បីផ្តល់ភាពកក់ក្តៅ និងបង្កលក្ខណៈទាក់ទាញការវិលត្រឡប់របស់ពួកគេមកវិញ ខណៈប្រទេសជិតខាងបានរៀបចំរួចរាល់មក ហើយ។ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះ គេរំពឹងថា ចិននឹងចេញដើរក្រៅប្រទេសកាន់តែច្រើនក្រោយចូលឆ្នាំរួចហើយ។
![Picture]()
កាលពីថ្ងៃទី០៩ ខែ មករា ឆ្នាំ២០២៣ សមាជិកគណរដ្ឋមន្ត្រីថៃដល់ទៅ៣ រូបបានចេញទៅស្វាគមន៍អ្នកដំណើរចិនចំនួន២៦៩នាក់ ដែលជាអ្នកដំណើរជើងហោះហើរទីមួយទីក្រុង ស៊ៀមែន (Xiamen) ដល់អាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ខណៈដែលកម្ពុជាហាក់ស្ងប់ស្ងាត់ ហើយនៅមិនទាន់មានពិធីណាមួយរៀបចំនៅឡើយក្រៅពីប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាដែលប្រកាសស្វាគមន៍អ្នកទេសចរចិនវិលមកកម្ពុជាវិញដោយមិនមានលក្ខខណ្ឌពាក់ព័ន្ធនឹងមេរោគកូវីដ១៩។
![Picture]()
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ធ្លាប់បានលើកឡើង ហើយត្រូវបានសារព័ត៌មាននានាផ្សព្វផ្សាយនាពេលកន្លងមកថា កម្ពុជានឹងរៀបចំពិធីមួយដែលសាកសម ដើម្បីស្វាគមន៍ភ្ញៀវទេសចរចិន ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា កម្ពុជា និងចិនមិនដែលបានបិទផ្លូវ ឬហាមឃាត់ភ្ញៀវទេសចរចិនឡើយ ទោះជានៅពេលនៃការរីករាលដាលនៃមេរោគកូវីដ១៩ក្តី។
នេះគឺជាសេចក្តីពិត ពីព្រោះមកដល់ពេលនេះ ជាមធ្យមកម្ពុជាមានជើងហោះហើរពីគោលដៅនានានៅក្នុងប្រទេសចិនប្រហែលជា៥ជើងនៅក្នុងមួយថ្ងៃ ហើយរំពឹងថា នឹងបង្កើនឡើងនៅពេលឆាប់ៗខាងមុខនៅពេលដែលភ្ញៀវទេសចរចិនចាប់ផ្តើមកើនឡើងវិញ។
![Picture]()
ការដែលប្រទេសចិនបានបិទ និងដាក់ការរឹតត្បិតរាប់ឆ្នាំហើយនៅសុខៗក៏បើកភ្លាម ពលរដ្ឋចិនទំនងជានៅស្ទាក់ស្ទើរនៅក្នុងការធ្វើដំណើរ ហើយស្ថានភាពនេះក៏មិនមែនជួបតែនៅកម្ពុជានោះទេ គឺនៅទូទាំងពិភពលោកពីព្រោះនៅពេលដែលចិនមកលេងកម្ពុជាច្រើនបំផុតប្រមាណជា២,២ លាននាក់ នៅឆ្នាំ២០១៩ នៅលើពិភពលោកឯណោះបានទទួលអ្នកទេសចរចិនរហូតដល់ទៅ១៧០ លាននាក់ ហើយទឹកប្រាក់ដែលពួកគេចំណាយក៏ធំធេងដែរ គឺមានតម្លៃរហូតដល់ទៅ២៥៣ពាន់លានដុល្លារ ខណៈដែលទីផ្សារធំៗ គឺមានទាំងសហរដ្ឋអាមេរិក អឺរ៉ុប និងប្រទេសផ្សេងៗទៀត។មិនមែនតែកម្ពុជានោះទេ ដែលកំពុងតែរង់ចាំការវិលត្រឡប់មកវិញនៃអ្នកទេសចរចិនពិភពលោកទាំងមូល គឺសុទ្ធតែចាំអ្នកទេសចរណ៍ចិនដូចគ្នា។អ្នកព្យាករណ៍សេដ្ឋកិច្ចនានាសុទ្ធតែអះអាងថា ការត្រឡប់មកវិញនៃអ្នកទេសចរចិនគឺជាការជំរុញសេដ្ឋកិច្ច ជាពិសេសវិស័យទេសចរណ៍ពិភពលោក និងសេវាកម្មលក់រាយដែលនៅពេលនេះកំពុងតែរងគ្រោះ។
![Picture]()
យោងតាមការស្ទង់មតិ ដែលបានចងក្រងនៅក្នុងខែធ្នូដោយទីភ្នាក់ងារទិន្នន័យ និងទីផ្សារ ដែលមានឈ្មោះ Dragon Trail International បានអះអាងថា ជាងពាក់កណ្តាលនៃអ្នកធ្វើដំណើរដែលបានស្ទង់មតិពីប្រទេសចិនដីគោកបានបង្ហាញថា ពួកគេត្រៀមខ្លួនរួចរាល់ក្នុងការធ្វើដំណើរភ្លាមៗនៅពេលដែលការរឹតបន្តឹងត្រូវបានដកចេញ ប៉ុន្តែមិនមែនលើកលែងភ្លាមពួកគេចេញព្រឹបនោះដែរ។
រដ្ឋាភិបាលចិនបានដកបម្រាមមែន ប៉ុន្តែប្រទេសផ្សេងៗនៅតែបន្តដាក់គ្រាន់តែលក្ខខណ្ឌ គឺធ្ងន់ស្រាលតាមប្រទេស ដូច្នេះពួកគេនៅត្រូវរង់ចាំបញ្ហានេះផងដែរពីព្រោះអ្នកទេសចរកម្រចំណាយលុយម្តងដើរលេងតែមួយប្រទេសនោះទេ គឺគេដើរជាកញ្ចប់សម្រាប់តំបន់ ដូច្នេះវាទាមទារពេលវេលាបន្ថែមមួយកម្រិតទៀត ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ម៉ាយ អាណូត ( Mike Arnot) អ្នកជំនាញដែល វិភាគអំពីនិន្នាការអាកាសចរណ៍មួយរូបបាននិយាយថា ទំនោរនៃកំណើននឹងមាន ខណៈដែលតម្រូវជើងហោះហើរកំពុងបង្ហាញអំពីសញ្ញានៃការកើនឡើងដែលជំរុញឱ្យមានជើងហោះហើរកាន់តែច្រើនកើនឡើង ជាពិសេស គឺចាប់ពីខែមេសាតទៅ។លោកបានអះអាងថា ក្រុមហ៊ុនអាកាសចរណ៍អាមេរិក និងចិនបានដាក់សំណើដើម្បីបន្តការតភ្ជាប់ជើងហោះហើររហូតដល់៧០០ជើងក្នុងមួយសប្តាហ៍ជាមួយនឹងប្រទេសលើសពី៣៤ប្រទេស។
![Picture]()
សរុបមកវិញនៅពេលនេះមិនមែនតែកម្ពុជាទេ ដែលកំពុងតែរង់ចាំការវិលត្រឡប់នៃអ្នកទេសចរចិន។ ប្រទេសនានៅក្នុងតំបន់រាប់ចាប់តាំងពីថៃវៀតណាម ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី ហើយសូម្បីតែបស្ចឹមប្រទេស និងមហាអំណាចដូចជា អាមេរិក កាណាដា អ៊ីតាលី បារាំង ក៏សុទ្ធតែរង់ចាំអ្នកទេសចរចិនដូចគ្នា។
![Picture]()
ដូច្នេះយើងសង្ឃឹមថា កម្ពុជានឹងរៀបចំឲ្យមានអ្វីដែលពិសេសងាយស្រួល និង ទាក់ទាញដោយមិនសូវមានផលប៉ះពាល់ដល់សហគមន៍មូលដ្ឋានសម្រាប់ការវិលត្រឡប់របស់ពួកគេ ក្រោយពេលដែលយើងបានជួបបទពិសោធន៍កាលពីឆ្នាំ២០១៩ រួចមក ៕ដោយៈ ហេង ចេស្តា
ចែករំលែកព័តមាននេះ